ភ្នំពេញៈ តារាសម្តែង​ស្រី​ដែល​ស្រង់​បាន​ភាពល្បី​តាមរយៈ​ការសម្តែង​សម្ញែង​ភាព​សិចស៊ី​ជាង​អាជីព​ចម្រៀង​កញ្ញា ញឹម ច័ន្ទថន និង​បាន​ស្រវា​ចូល​ភាគហ៊ុន​ផលិត​កុន​ដុំ​ដំបូង​រឿង «​ចិញ្ចៀន​» ជាមួយ​តារា​ជើងចាស់​គឺ​លោក ម៉េង ប៊ុនឡូ និង​តារាស្រី​អ្នកនាង ទូច ស្រីល័ក្ខ នាពេល​ថ្មីៗ​នេះ​ត្រូវ​មហាជន​មន្ទិល​ថា ទំនង​មាន​ម្ចាស់​ចិត្ត​ដោយសារ​តែ​ឧស្សាហ៍​ឃើញ​នាង​តែង​ខ្លួន​ប្លែក​បែប​ឃ្យូតៗ​គួរ​ឲ្យ​ស្រឡាញ់​។

តែ​កញ្ញា ញឹម ច័ន្ទថន ដែល​មាន​ថត​ឈុត​រោលរាល​សម្តែង​ជាមួយ​លោក ម៉េង ប៊ុនឡូ តម្រូវ​ឲ្យ​នាង​បង្ហាញ​ល្វែងលើ​ដែល​ជា​ចំណុច​ដ៏ទាក់ទាញ​មួយ​សម្រាប់​រឿង «​ចិញ្ចៀន​» បាន​ចាក់​បញ្ចាំង​រួច​មក​ហើយ​ដែរ​នោះ​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អូ​!​តាមពិត​ការតែង​ខ្លួន​បែប​លេង​ស្ទីល​ឃ្យូតៗ​នោះ​មិន​មាន​បំណង​ចង់បង្ហាញ​ពី​ចំណុច​អ្វី​ទេ ហើយ​ក៏​អត់​តុបតែង​ដើម្បី​ឲ្យ​អ្នកណា​ម្នាក់​ស្រឡាញ់​ដែរ​។ និយាយ​ឲ្យ​ចំ​ទៅ​ដោយសារ​តែ​ខ្លួនឯង​គឺ​មាន​វ័យ​ច្រើន ហើយ​ក៏​ចង់​ថែរក្សា​សម្ផស្ស​ខ្លួន​ឲ្យ​បាន​ល្អ​ដើម្បី​ខ្លួន​តែ​ម្តង​»​។

តាម​រឿង «​ចិញ្ចៀន​» ដែល​កញ្ញា ញឹម ច័ន្ទថន មាន​ភាគហ៊ុន​ក្នុង​ការផលិត​ផង និង​សម្តែង​ខ្លួនឯង​ផ្ទាល់​ផង​នោះ​បាន​ប្រើ​ពេល​រហូត​ដល់ ២ ឆ្នាំ​ជាមួយ​នឹង​ថវិកា​ផលិត​ជាង ៤ ម៉ឺនដុល្លារ​សហការ​ជាមួយ​អ្នកសិល្បៈ​រួម​ជំនាន់​គឺ​លោក ម៉េង ប៊ុនឡូ ដែល​មាន​ភាគហ៊ុន ៥០ ភាគរយ ខណៈ​កញ្ញា និង​អ្នកនាង ទូច ស្រីល័ក្ខ វិញ​ម្នាក់ៗ​គឺ​មាន​ភាគហ៊ុន​ចំនួន ២៥ ភាគរយ​តែ​ប៉ុណ្ណោះ​។

ពេល​កន្លងមក​ក៏​ធ្លាប់​ឃើញ​ចេញ​សារ​ពី​ហ្វេសប៊ុក​របស់​អតីត​ជា​តារាចម្រៀង​ស្រី​ចូលចិត្ត​សម្ញែង​សម្រស់​សិចស៊ី​មិន​សូវ​សំចៃ​ភ្នែក​បុរសៗ វ័យ​សាមប្លាយ ដែល​ចុះ​ស្រអាប់​ប្រជាប្រិយ​ផ្នែក​ចម្រៀង តែ​បែរ​លេចធ្លោ​នៅក្នុង​អាជីព​សម្តែង​ភាពយន្ត​វិញ​កញ្ញា ញឹម ច័ន្ទថន បែប​រាង​ចង់​ត្អូញត្អែរ​ពី​ភាព​ធ្លាក់​ចុះ​ទីផ្សារ​ថតកុន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​មហាជន​។

កញ្ញា ញឹម ច័ន្ទថន បាន​សរសេរ​បង្ហោះ​ថា​៖ «​ថត​ចប់ យប់​ហើយ​មិន​បាន​ធ្វើការ​ទេ​!​យំ​រហូត​ទឹកភ្នែក​អូន​ស្រក់​មិនមែន​គ្មាន​បង​ទេ​! គឺ​អត់លុយ​។ ចាស់​ហើយ​ក្រ​ទៀត នេះ​ឬ​ជីវិត​!» ដែល​មហាជន​ភាគច្រើន​យល់​ឃើញ ថា​តារាសម្តែង​ស្រី​រូប​នេះ​កំពុង​តែ​ធ្លាក់​កូដ​នៅក្នុង​ពិភព​សិល្បៈ​ថតកុន​ទៀត​ហើយ ខណៈ​នាង​ទើប​តែ​ស្ទុះ​ឡើង​មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ​។

តែ កញ្ញា ញឹម ច័ន្ទថន ថា​៖ «​ការពិត​ទៅ​ការថតកុន​គឺ​ខ្ញុំ​មមាញឹក​ជាប់​គ្នា​រដឹក សឹង​តែ​ដកឃ្លា​មិន​រួច​ទេ ហើយ​ធ្លាប់​ខាន​ថតកុន ២-៣ រឿង​ផង​ដែរ​។ ខណៈ​ពេល​នេះ​ខ្ញុំ​មាន​កុន​ចំនួន ៤ រឿង​កំពុង​តែ​ថត​គឺ​ទាំង​កុន​ដុំ និង​កុន​ភាគ​នៅ​ប៉ុស្តិ៍​លេខ ៥ និង​ទូរទស្សន៍​ថោន​ដែរ​»៕