ភ្នំពេញ៖ ដោយសារ​កុងហ៊្វូ​គឺជា​ក្បាច់គុន​ចិន​ផ្ដោតលើ​វិន័យ​ដ៏តឹងតែង ការអត់ធ្មត់​ និង​ភាពនឹងនរ​ទើប​កញ្ញា ដេនីស លីម (Denise Lim) មកពី​សិង្ហបុរី​និង​ដៃគូ​ជនជាតិ​ចិន​លោក សន (Sean) ដែល​សុទ្ធតែ​ធំធាត់​ក្នុង​វប្បធម៌​ចិន បានសម្រេច​ដាក់ឈ្មោះ​ កុងហ៊្វូឃីតឆេន (Kungfu Kitchen ហៅ​ខ្លី​ថា KFK) ឱ្យ​ភោជនីយដ្ឋាន​ដោយ​ពេញ​ចិត្តនឹង​លក្ខណសម្បត្តិ​នៃ​វិជ្ជា​ការពារ​ខ្លួន​មួយ​នេះ។

ភោជនីយដ្ឋាន​ដ៏សាមញ្ញ KFK បាន​លេចឡើង​ដំបូង​នៅ​ម្ដុំ​បឹង​កេងកង​ទី ១ ជា​ហាង​បម្រើ​មុខម្ហូប និង​ស៊ុប​ចិន​ច្នៃ​បង្កើត​ថ្មី កាលពី​ដើម​ឆ្នាំ ២០២០ ដោយ​ទទួលបាន​អ្នកគាំទ្រ​ជាច្រើន​មកទល់​សព្វថ្ងៃ។

នៅពេល​ដែល​រលក​រីករាលដាល​នៃ​ជំងឺ​កូវីដ​កាលពី​ដើម​ឆ្នាំ ២០២១ ហាង​មានឱកាស​ក្នុង​ការចូលរួម​សហការ​ធ្វើការ​បរិច្ចាគ និង​បើក​យុទ្ធនាការ​ជួយ​ដល់​អ្នក​ខ្វះខាត​ក៏ដូចជា​តបស្នង​ចំពោះ​ការលះបង់​របស់​អ្នក​ដឹកជញ្ជូន​ក្នុងអំឡុងពេល​បិទខ្ទប់។

កញ្ញា ដេនីស បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​គំនិត​ផ្ដួចផ្ដើម​ទៅលើ​ការបរិច្ចាគ​ និង​យុទ្ធនាការ​របស់​ហាង​ថា៖ «យើង​ដឹងថា​វា​ជា​ពេលវេលា​ដ៏លំបាក​សម្រាប់​ប្រទេស​កម្ពុជា។ យើង​ចង់​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការចូលរួម​ជួយ​តាម​ដែល​យើង​អាច​ធ្វើបាន»។

មីស៊ីឈួន​ដែល​ជាអាហារ​ដ៏ពេញនិយម​​ប្រចាំ​ហាង​កុងហ្វូឃីតឆិន (KFK)។ សហការី​

បទពិសោធ​ចូលរួម​សកម្មភាព​សង្គម​បាន​ធ្វើឱ្យ​កញ្ញា​សម្គាល់​ឃើញថា៖ «តាមរយៈ​យុទ្ធនាការ​បរិច្ចាគ​លើកដំបូង «យើង​សម្រាប់​អ្នក» យើង​ឃើញថា​អតិថិជន​ជាច្រើន​ក៏​ចង់​ចូលរួម​ជួយ​អ្នក​ដែល​ខ្វះខាត​ដែរ»។

កញ្ញា​បាន​បកស្រាយ​បន្ថែម​លើ​យុទ្ធនាការ «យើង​សម្រាប់​អ្នក» ដែល​សហការ​ជាមួយ​ដៃគូ Art and Design ថា​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ការថ្លែង​អំណរគុណ​ចំពោះ​បុគ្គលិក​ដឹកជញ្ជូន​ដែល​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ហាង KFK ក្នុង​អំឡុងពេល​បិទខ្ទប់។

យុទ្ធនាការ​នេះ​បើក​តាំងពី​ថ្ងៃទី ២១ ខែមេសា ដោយ​រាល់ពេល​អតិថិជន​កុម្ម៉ង់​ម្ហូប​ពី​ហាង KFK នៅលើ​កម្មវិធី Nham24 ឬ Foodpanda ដោយ​ប្រើ​កូដ «WE4YOU» ហាង​នឹង​ផ្ដល់​គាវ​ស៊ីឈួន ១ ចាន​ដល់​អ្នក​ដឹកជញ្ជូន ១ រូបនោះ។

ម្ចាស់​ហាង​វ័យ ៣៥ ឆ្នាំ​ប្រាប់ថា៖ «យើង​ចង់​អរគុណ​ចំពោះ​ដៃគូ​ដឹកជញ្ជូន​ទាំងអស់​ដែល​បាន​ប្រថុយ​ជីវិត​របស់​ពួកគេ​ក្នុងពេល​បំពេញការងារ បំពេញតម្រូវការ​របស់​អតិថិជន​ក្នុង​ការធ្វើដំណើរ​ហួស​ចំណុច​ត្រួតពិនិត្យ និង​របាំង​បិទផ្លូវ និង​អាកាសធាតុ​ដ៏លំបាក។ នេះ​ជា​វិធី​តូច​មួយ​របស់​យើង​ក្នុង​ការនិយាយ​អរគុណ​ដល់​ពួកគាត់»។

គាវ​ខ្ចប់​ថ្មីៗ​ និង​បន្តោង​សោ​រូប​គាវ​ដ៏គួរ​ឱ្យ​ស្រឡាញ់​ដែល​នឹង​ផ្ដល់ជូន​អតិថិជន​ពេល​កុម្ម៉ង់​ឈុត​អាហារ «KungForGood»។ សហការី

ក្រោយពី​បញ្ចប់​យុទ្ធនាការ «យើង​សម្រាប់​អ្នក» នៅ​ចុងខែ​មេសា កញ្ញា​បានឱ្យ​ដឹងថា​ហាង​បាន​ចែក​គាវ​ដល់​អ្នក​ដឹកជញ្ជូន​ចំនួន​ជាង ១២០ នាក់។

អ្វីដែល​គួរឱ្យ​ចងចាំ​នោះ​គឺ​កញ្ញា​បាន​មើលឃើញ​រូបរាង​នៃ​ការភ្ញាក់ផ្អើល និង​ភាពសប្បាយ​រីករាយ​នៅលើ​ទឹកមុខ​របស់​អ្នក​ដឹកជញ្ជូន ពេល​ពួកគាត់​ទទួល​កញ្ចប់​គាវ​យ៉ាង​ភ្ញាក់ផ្អើល។

ឃើញ​ពី​ការចូលរួម និង​ភាពជោគជ័យ​លើ​យុទ្ធនាការ​លើកដំបូង​កញ្ញា​ក៏​ចាប់ផ្ដើម​នូវ​យុទ្ធនាការ​មួយទៀត​ឈ្មោះថា «KungForGood» ដែល​គោលដៅ​ធំ​គឺ​ជាការ​តបស្នង​ដោយមាន​ការជួយ​គាំទ្រ​ពី​អតិថិជន​របស់​ហាង​កាន់តែច្រើន។

ម្ចាស់​ហាង​ដែល​បានមក​នៅ​កម្ពុជា​រយៈពេល​ជិត ២ ឆ្នាំ​ និង​ចាត់ទុក​ទីនេះ​ជា​ផ្ទះ​របស់ខ្លួន​នេះ​ក៏បាន​រៀបរាប់​ពី​គោលការណ៍​របស់​យុទ្ធនាការ «KungForGood» នេះ​ថា៖ «យើង​បាន​បង្កើតជា​ឈុត «KungForGood» សម្រាប់​អតិថិជន​អាច​ធ្វើ​ទទួលទាន​នៅតាម​ផ្ទះ​រៀងខ្លួន។ ក្នុង​ឈុត​នោះ​រួមមាន​មីស៊ីឈួន​ និង​គាវ​ស៊ីឈួន​ជា​មុខម្ហូប​ប្រចាំ​ហាង​ និង​មាន​បន្តោងសោ​រូប​គាវ​ចាក់​ដោយ​ដៃ​ដ៏គួរ​ឱ្យ​ស្រឡាញ់​មួយ»។

បន្តោង​សោ​ដ៏គួរ​ឱ្យ​ស្រឡាញ់​ស្នាដៃ​របស់​សិប្បករ​អង្គការ​ CambodiaKnits។ សហការី

កញ្ញា​បន្តទៀតថា៖ «ប្រាក់​លក់បាន​យើង​នឹង​ឱ្យ​ចំណែក​បន្តោងសោ​ទៅ CambodiaKnits ដែលជា​អ្នកធ្វើ និង​បរិច្ចាគ​ចំនួន​ប្រអប់​បាយ​ទៅតាម​ចំនួន​ឈុត​ដែល​យើង​លក់បាន​ទៅឱ្យ​ក្រុម​បម្រើ​សហគមន៍ Local4Local និង​អង្គការ​ក្រៅ​រដ្ឋាភិបាល Khemara Cambodia ដើម្បី​ចែកជូន​អ្នក​ដែល​ខ្វះខាត»។

អាហារ​សម្រាប់​គម្រោង​មនុស្សធម៌​នេះ​ក្នុង ១ ឈុត​គឺ​តម្លៃ​តែ ១៤,៩៥ ដុល្លារ​ប៉ុណ្ណោះ​ហើយ​យុទ្ធនាការ​នេះ​នឹង​ត្រូវធ្វើ​ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៩ ខែឧសភា។

កញ្ញា ដេនីស លីម បាន​ប្រាប់ថា​ហាង KFK មាន​បម្រើ​មុខម្ហូប​ចិន​ឆ្ងាញ់ផ្សេងៗ​ទៀត​នៅ​ទាំង ២ សាខា។ កន្លងមក​មុខម្ហូប​ដែល​ទទួល​បាន​ការកុម្ម៉ង់​ច្រើនជាងគេ​គឺ​គាវ​សាច់ជ្រូក​ និង​គាវ​សាច់គោ​មាន់​ជូរអែម និង​មឹក។ រីឯ​ជម្រើស​ស៊ុប​គឺ​ស៊ុប​គោ​លក់ដាច់​ជាងគេ​បំផុត។ តម្លៃ​អាហារ​ជា​មធ្យម​ចន្លោះ​ពី ៤ ទៅ ៧ ដុល្លារ។

ដើម្បី​បង្កើន​ទំនុកចិត្ត​ និង​សុវត្ថិភាព​របស់​បុគ្គលិក​ និង​អតិថិជន​ដែល​កុម្ម៉ង់​ចេញពី​ហាង បុគ្គលិក KFK គ្រប់រូប​សុទ្ធតែ​ទទួលបាន​ការចាក់​វ៉ាក់សាំង។

ឈុត​ស៊ុប​សាច់គោ​ដែល​ទទួលបាន​ការពេញនិយម​កុម្ម៉ង់​ច្រើនជាងគេ។ សហការី

កញ្ញា​ថា​ទាំង​នៅ​ហាង​ និង​ដៃគូ​ដឹកជញ្ជូន Nham24 គឺ​ហាង​ធានា​ជួន​នូវ​ស្តង់ដា​អនាម័យ​ខ្ពស់​ដោយ​ការសម្អាត​ផ្ទះបាយ​របាំង និង​ថង់​ចែកចាយ​ព្រមទាំង​រក្សា​អនាម័យ​ដៃ ដើម្បី​ធានា​បាន​នូវ​ប្រតិបត្តិការ​ប្រកប​ដោយ​សុវត្ថិភាព​ជាមួយ​អតិថិជន។

ជា​ចុងក្រោយ​កញ្ញា​ប្រាប់ថា៖ «ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្នកគាំទ្រ​ហាង KFK កន្លងមក​ទាំងអស់។ យើង​សង្ឃឹមថា​អាច​ជួប​មុខ​គ្នាឆាប់ៗ​នៅពេល​ដែល​ស្ថានភាព​ល្អ​ឡើងវិញ»។

បើក​ដំណើរការ​រៀងរាល់​ថ្ងៃ​ពី​ម៉ោង ១០ ព្រឹក​ដល់ ៨ យប់​ហាង Kungfu Kitchen សាខា​ទី ១ គឺ​នៅផ្ទះ​លេខ​ 24e ផ្លូវ ៣០២ បឹង​កេងកង​ទី១ និង​សាខា​ទី ២ នៅផ្ទះ​លេខ ៥៤ ផ្លូវ ៤៥៤ ទួល​ទំពូង​ទី១។

សម្រាប់​ព័ត៌មាន​បន្ថែម Kungfu Kitchen អាច​ទំនាក់ទំនង​បាន​តាម​ទំព័រ​ហ្វេសប៊ុក @KungFuKitchenkh៕

គាវខ្ចប់​ និង​ចម្អិន​ភ្លាម ១៥ នំ​មាន​តម្លៃ ៣,៩ ដុល្លារ។ សហការី