ភ្នំពេញៈ ស្ថិតនៅទីធ្លាតូចល្មម ហាងអាហារ MOMO Food & Drink របស់តារាស្រី និងអ្នកជំនួញដ៏ជោគជ័យ អ្នកនាង គង់ ច័ន្ទស្រីមុំ មានការរចនាតុបតែងពណ៌ស្រស់ឆើតយ៉ាងទាក់ភ្នែក ជាមួយតុកៅអីតូចច្រឡឹងបែបឃ្យូតៗ ដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយដល់បណ្ដាភ្ញៀវជាអ្នកធ្វើការ សិស្សសាលា និងតារាសិល្បៈចូលញ៉ាំជាហូរហែ។
ហាងអាហារដែលធ្វើឲ្យភ្ញៀវមិនភ្លេចលើកទូរស័ព្ទថតសែលហ្វ៊ីមួយនេះ ទើបតែបើកដំណើរការពីខែតុលា ដោយអ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី មានបំណងទុកឲ្យកូនស្រីដ៏គួរឲ្យក្នាញ់ មានវ័យទើបតែ ៥ ខែនោះ។ តារាសម្តែងស្រីកូន ១ ស្អាតមិនចាញ់ក្រមុំរូបនេះបានប្រាប់ ភ្នំពេញប៉ុស្តិ៍ផ្ទាល់ពីមូលហេតុដែលធ្វើឲ្យ អ្ននាងបើកហាងអាហារនេះដោយមិនបានត្រៀមថា៖ «ដោយសារតែនៅផ្ទះម៉ាក់ចូលចិត្តញ៉ាំអាហារប្លែកៗ អ៊ីចឹងគាត់ចូលចិត្តស្វែងរកម្ហូបប្លែកៗមកញ៉ាំ ហើយបានយកទៅឲ្យមិត្តភក្តិញ៉ាំពួកគាត់ក៏ជំរុញឲ្យបើកហាងនេះឡើង»។
ចំពោះគ្រឿងផ្សំវិញ តារាសិល្បៈ និងអ្នកជំនួញស្រីដ៏ជោគជ័យរូបនេះបានបញ្ជាក់ថា៖ «យកមកពីប្រទេសវៀតណាម ព្រោះវាស្រស់នឹងមិនមានលាយ ប៉ុន្តែបើសាច់ប្រឡាក់វិញយកត្រឹមភ្នំពេញនេះឯង»។
អ្នកនាង គង់ ច័ន្ទស្រីមុំ បន្តទៀតថា ម្ហូបនៅក្នុងហាងទាំងអស់ត្រូវបានចម្អិននៅផ្ទះដោយពូរបស់អ្នកនាងផ្ទាល់ មុននឹងបញ្ជូនមកកាន់ហាង។
MOMO Food & Drink មានលក់នំបញ្ចុកខួរក្តាម (៣,៥០ ដុល្លារ) ស៊ុបបាញ់ស្រ៊ុងសាច់គោ (៣,៥០ ដុល្លារ) បាញ់ហយទឹកកាពិ (៨ ដុល្លារ) អាចញ៉ាំបានគ្នា ២ ទៅ ៣ នាក់ និងគួងដ៏ពេញនិយម (៣ ដុល្លារ)។
ក្រោយពីញ៉ាំរួច ភ្ញៀវអាចសាកបង្អែមលាងមាត់ល្បីរសជាតិឆ្ងាញ់មិនចាញ់នៅថៃ ដូចជា Chocolate Bread និង Caramel Bread មានតម្លៃ ៥,៥០ ដុល្លារ ព្រមទាំងតៅហ៊ូទឹកស្ករមានតម្លៃ ១,៥០ ដុល្លារ។
សម្រាប់ភ្ញៀវដែលនិយមក្រេបភេសជ្ជៈបណ្ដើរ និងទទួលទានបណ្ដើរ MOMO ក៏មានបម្រើតែបៃតង ទឹកសូកូឡា ស្ត្រប៊ើរីសូដា ច្រកកំប៉ុងជ័រដ៏គួរឲ្យទាក់ទាញតម្លៃ ២,៥០ ដុល្លារ។
ជាមួយវត្តមានភ្ញៀវចេញចូលហូរហែ អ្នកនាងបានឲ្យដឹងថា៖ «ក្នុង ១ ថ្ងៃលក់បានចាប់ពី ៣០០ ចានទៅ ៤០០ ចាន ដោយមានការពេញនិយមពីភ្ញៀវចំពោះការញ៉ាំទឹកជ្រលក់ធ្វើពីកាពិ និងទឹកម៉ាំឆ្ងាញ់ប្លែក»។
MOMO Food & Drink ចាប់បើកពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ៧ យប់ ស្ថិតនៅផ្ទះលេខ ៣៣ ផ្លូវលេខ ៩៩ ក្រោយក្រសួងរៀបចំដែនដី។ ទាក់ទងទូរស័ព្ទលេខ ០៨១ ៥៥៨ ៨៨៥៕