ភ្នំពេញ: ជាការចូលរួមចំណែកលើកទឹកចិត្តក្រុមគ្រូពេទ្យ និងជួយសហគមន៍កំពុងត្រូវការម្ហូបអាហារជាចាំបាច់សកម្មភាពសប្បុរសធម៌ថ្មីមួយត្រូវបានបង្កើតឡើងក្នុងបំណងចែករំលែកអាហារទៅដល់អ្នកខ្វះខាត និងជួយគាំទ្រ ភោជនីយដ្ឋានក្នុងស្រុកឲ្យបន្តដំណើរការសេវាកម្មរបស់ខ្លួន ខណៈការចេញទៅញ៉ាំអាហារខាងក្រៅមានការថយចុះ។
Eat2donate គឺជាកម្មវិធីសប្បុរសធម៌ទម្រង់ថ្មីដែលបង្កើត និងផ្តួចផ្តើមឡើងដោយជនបរទេស ២ រូបដែលមានទឹកចិត្តស្រឡាញ់ និងមានឆន្ទៈជួយបម្រើកិច្ចការងារសង្គម។
ជាជនបរទេសរស់នៅទឹកដីអច្ឆរិយៈច្រើនឆ្នាំមកហើយនោះ អ្នកស្រី Sandy Kotan និង Galeo Chua ស្ថាបនិក Eat2Donate មានបំណងតបស្នងទៅតាមអ្វី ដែលអាចធ្វើបានចំពោះប្រទេស និងប្រជាជនដែលបានស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ។
អ្នកទាំង ២ ជាសហគ្រិនសស្រោកសស្រាំនឹងការងារសប្បុរស ដើម្បីជួយបរិស្ថាន ការថែទាំសុខភាព ការអប់រំ និងសុខុមាលភាពសង្គម។
អ្នកទាំង ២ នាក់មានជំនឿថា កើតមកជាមនុស្សគួរតែមានភាពទទួលខុសត្រូវក្នុងការជួយគ្នាទៅវិញទៅមក ជាពិសេសសម្រាប់អ្នកងាយរងគ្រោះ ព្រោះថាអាហារជាតម្រូវការមូលដ្ឋានសំខាន់បំផុតសម្រាប់ជីវិត។
អ្នកស្រី Sandy ដែលមានឈ្មោះ ខ្មែរ ម៉ូនីកា បានឲ្យដឹងថា៖ «ពួកយើងពិតជាសង្ឃឹមថា កំណើតថ្មីនៃកម្មវិធី Eat2Donate នឹងក្លាយជាស្ពានសម្រាប់ជួយបុគ្គលដែលកំពុងខ្វះខាតអាហារបរិភោគ និងពុំមានទីពឹងពាក់ ហើយកម្មវិធីនេះទៀតសោតនឹងជួយម្ចាស់ភោជនីយដ្ឋាន និងអតិថិជនចែករំលែកអាហារសុខភាព អាហារស្រស់ៗទៅកាន់ជនដទៃទៀតដែលកំពុងត្រូវការអាហារបំពេញក្រពះ»។
សហការផ្តួចផ្តើមឡើងដោយ The Idea/Slaprea, Only One Planet, Amcham និង Britcham Cambodia កម្មវិធី Eat2Donate ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៣ ខែមេសាជាមួយភោជនីយដ្ឋានដៃគូចំនួនត្រឹមតែ ៣ ប៉ុណ្ណោះ។
ម្ចាស់អាជីវកម្មទាំងឡាយអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយ Eat2Donate ក្នុងការសម្រួលដល់ខ្សែចង្វាក់ផលិតកម្មរបស់គេឲ្យបន្តដំណើរការ ខណៈអតិថិជននៅតែមានភាពងាយស្រួលក្នុងការកុម្ម៉ង់ម្ហូបអាហារ ថែមទាំងអាចផ្គួបនឹងការបរិច្ចាគអាហារទៅកាន់អ្នកដទៃបានទៀត។
ប្រតិបត្តិការមានលក្ខណៈងាយស្រួលមិនស៊ាំញ៉ាំបានធ្វើឲ្យ Eat2Donate សព្វថ្ងៃនេះមានភោជនីយដ្ឋានចំនួន ១១ ជាដៃគូសហការដូចជា ហាង Java Creative Cafe ហាង Lot 369 ហាង Miam Box ហាង Pelican Food Company, បងបន្លែ (Bong Bonlai Vegetarian Restaurant) ហាង Penh 278 ហាង Trattoria Bello, ហាងភីហ្សា Brooklyn Pizza Delivery, Carolina BBQ ហាង ម្អម (MaOm Fresh Juice) និង Botanico។
ដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ «ស្លាបព្រា ឬ Slaprea» រួចកុម្ម៉ង់ម្ហូបអាហារដោយផ្ទាល់ពីហាង និងគ្រាន់តែប្រាប់ថា អ្នកត្រូវការទិញអាហារសម្រាប់បរិច្ចាគ ក្រុមការងារ Eat2Donate នឹងដឹកជញ្ជូនអាហារនោះទៅដល់ដៃក្រុមគ្រូពេទ្យ និងអង្គការមិត្តសម្លាញ់ ដើម្បីចែកចាយបន្តទៅកាន់សហគមន៍នានា។
អ្នកស្រី ម៉ូនីកា បញ្ជាក់យ៉ាងដូច្នេះថា៖ «ម្ហូបអាហារទាំងឡាយនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីជួយផ្តល់កម្លាំងចិត្តដល់ក្រុមការងាររបស់មន្ទីរពេទ្យ និងទៅកាន់អង្គការមិត្តសម្លាញ់ ព្រោះអង្គការនេះក៏កំពុងធ្វើការងារផ្តល់អាហារសម្រាប់សហគមន៍ផងដែរ»។
លោកអ្នកក៏អាចបរិច្ចាគអាហារទាំងនោះទៅកាន់អ្នកផ្សេងទៀតដូចជា ប្រជាជនដែលគ្មានការងារធ្វើ អ្នកមានប្រាក់ចំណូលទាប និងអ្នកត្រូវការជំនួយបន្ទាន់នៅក្នុងសហគមន៍ មិនថាជនជាតិខ្មែរ ឬបរទេសដែលកំពុងជួបវិបត្តិ តាមរយៈ Volunteer Nation ឬ The Idea ទំព័រហ្វេសប៊ុក @The Idea។
ការដឹកជញ្ជូនម្ហូបអាហារ និងភេសជ្ជៈរបស់សប្បុរសជនត្រូវបានធ្វើឡើងជារៀងរាល់ ២ ដងក្នុង ១ សប្តាហ៍ហើយស្ថាបនិកសង្ឃឹមថា ចំនួនបរិច្ចាគនឹងមានការកើនឡើងបន្ថែមទៀតក្នុងខែបន្ទាប់ៗ។
ភោជនីយដ្ឋានដៃគូរបស់ Eat2Donate ក៏មានអនុវត្តតាមកិច្ចព្រមព្រៀងនៃការរក្សាអនាម័យក្នុងការចម្អិនម្ហូបអាហារ ការវេចខ្ចប់ និងការរក្សាគម្លាតសង្គម ដើម្បីរក្សាអនាម័យជូនអ្នកពិសាអាហារផងដែរ។
គ្រប់បុគ្គលិកដឹកជញ្ជូនត្រូវបានបង្រៀន និងណែនាំឲ្យរក្សាគោលការណ៍អនាម័យ លាងដៃនឹងសាប៊ូ សម្អាតដៃជាមួយទឹកលាងដៃ និងពាក់ម៉ាស់ការពារយ៉ាងត្រឹមត្រូវ។
អ្នកស្រី ម៉ូនីកា បានបន្តទៀតថា៖ «ទើបតែចាប់ផ្តើមដំណើរការប្រហែល ២ សប្តាហ៍ជាង បន្ទាប់ពីថ្ងៃដំណើរការមកនេះយើងទទួលបានការបរិច្ចាគម្ហូបអាហារបាន ៧១៩ ឈុតដែលក្នុងនោះ ៦៥ ភាគរយជាការបរិច្ចាគពីសាធារណៈ។ ពួកយើងពិតជាមានជំនឿចិត្តថា នេះជាចំនួនល្អ និងរំពឹងថា ចំនួនបរិច្ចាគនឹងមានការកើនឡើងរហូតដល់ ៥០០ ឈុតក្នុង ១ សប្តាហ៍សម្រាប់ខែបន្ទាប់។ នេះជាពេលវេលាដ៏សំខាន់ដែលយើងត្រូវធ្វើសកម្មភាពទាំងឡាយ ដើម្បីជួយប្រជាជនសហគមន៍ដោយទឹកចិត្តសប្បុរស និងជំរុញការយោគយល់ជួយគ្នាទៅវិញ-ទៅមក»។
ភោជនីយដ្ឋានដែលចាប់អារម្មណ៍ធ្វើជាដៃគូ Eat2Donate សូមចូលទៅកាន់គេហទំព័រ www.slaprea.com/eat2donate ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៧ ៨៥២ ៦១៥១ សម្រាប់ព័ត៌មានលម្អិត៕