ក្រុងម៉ិកស៊ីកូ៖ អម្បូរ​ដាយណូស័រ​ថ្មីមួយ​ដែលកត់​ត្រា​ដោយ​ក្រុម​ផូស៊ីល​វិទូ​ម៉ិកស៊ិក ត្រូវបាន​ជឿ​ថា​ «​មាន​ការ​ប្រាស្រ័យ​ទាក់ទង​សកម្ម» និង​ប្រើ​សំឡេង​ស្រាលៗ​ ដូចជា ពពួក​ដំរី ដើម្បី​ជជែក​គ្នា​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​និយាយ​កាលពីថ្ងៃសុក្រ​។

អម្បូរដែល​ត្រូវបាន​ហៅ​ថា Tlatolophus galorum ត្រូវបាន​ចាត់​ទុកថា​បាន​ងាប់​ប្រមាណ ៧២​ លាន​ឆ្នាំ​មុន នូវ​អ្វីដែល​បច្ចុប្បន្ន​ស្ថិត​​ភាគ​ខាង​ជើង​រដ្ឋ​ខូហ៊ុយឡា ប្រទេស​ម៉ិកស៊ិក​។

ក្រោយ​ពី​ប្រទះ​ឃើញ​ផូស៊ីល​កន្ទុយ ក្រុម​ផូស៊ីលវិទូ​បាន​និយាយ​ថា ពួកគេ​ក្រោយ​មក​បាន​ឃើញ​គម្រោង​ឆ្អឹង​ច្រើន​ទៀត ជា​ឆ្អឹង​ទ្រនុង​​ប្រវែង ១,៣២ ម៉ែត្រ​ ក៏ដូចជា​ឆ្អឹង​ភ្លៅ និង​ស្មា​ជាដើម​។

អ្នកស្រាវជ្រាវ អានហ្គែល​ អាឡេចាន់ដ្រូ រ៉ាមីរ៉េហ្ស បាន​និយាយថា​៖ «​យើង​កំពុង​គណនា​ពី​ទំហំ ដែល​អាច​មានប្រវែង​ចន្លោះ​ពី​ ៨ ទៅ ១២​ ម៉ែត្រ ដោយសារ​គ្រាន់តែ​កន្ទុយ​វា​ចូល ៦​ ម៉ែត្រ​ទៅហើយ​»។

លោក រ៉ាមីរ៉េហ្ស បាន​បន្ថែមថា​៖ «យើង​ជឿ​ថា ដាយណូស័រ​ទាំង​នោះ​ពិតជា​អម្បូរ​សត្វ​ពូកែ​ទំនាក់ទំនង​។ ពួកវា​ថែមទាំង​ចេះ​បង្កើត​សំឡេង​ទាក់ទង​គ្នា​តិច​ៗ​ ដូចជា ពពួក​សត្វ​ដំរី ដែល​ធ្វើ​ដំណើរ​ជាច្រើន​គីឡូម៉ែត្រ​ និង​មិន​ឮដល់​មនុស្ស​»។

ដាយណូស័រ​ «​ចូលចិត្ដ​សន្ដិភាព តែ​និយាយ​ច្រើន​» ទាំង​នេះ​ក៏​អាច​មាន​សមត្ថភាព​បញ្ចេញ​សំឡេង​ខ្លាំង​ៗ​ ដើម្បី​បន្លាច​សត្រូវ​។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នរវិទ្យា និង​ប្រវត្ដិសាស្ដ្រ (INAH) បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ពេល​ប្រកាស​ការ​រក​ឃើញ​នេះ​។

ក្រុម​ផូស៊ីលវិទូ​​​បាន​ឃើញ​គម្រោង​ឆ្អឹង​ច្រើន​ទៀត ជា​ឆ្អឹង​ទ្រនុង​​ប្រវែង ១,៣២ ម៉ែត្រ​ រួមទាំង​​ឆ្អឹង​ភ្លៅ និង​ស្មា​​។ AFP

ក្រុមអ្នក​ស្រាវជ្រាវ​ម៉ិកស៊ិក គិត​ថា ទ្រនុង​របស់ដាយណូស័រ Tlatolophus galorum ទំនងជា​មាន​ពណ៌​ក្រហម។

លោក រ៉ាមីរ៉េហ្ស បាន​បន្ដថា​៖ «​យើង​ជឿ​ថា ដាយណូស័រ​ទាំង​នេះ​ មិន​ខុសពី​បក្សី​សម័យ​ឥឡូវ​នោះទេ មាន​ពណ៌​ប្លែក​ៗ ហើយ​ដូច្នេះ រូបរាង​របស់​វា​នេះ ដូចជា ទ្រនុង​អាច​មាន​ពណ៌​ឆើត​។ ពួកវា​អាច​មាន​ពណ៌​ក្រហម ឬ​ចម្រុះ​ពណ៌»។

ការ​រក​ឃើញ​នេះ​នៅ​ត្រូវបា​បន្ដ​ស៊ើប​អង្កេត តែ​ការ​ស្រាវជ្រាវ​អំពី​ល្មូន​បុរាណ​ត្រូវបាន​បោះ​ពុម្ព​ផ្សាយ​រួច​ហើយ​ក្នុង​​ព្រឹត្ដិបត្រ​វិទ្យាសាស្ដ្រ Cretaceous Research រួម​ជាមួយ​ INAH។

ប្រភព​បន្ដ​ថា​៖ «វាជា​ករណី​ពិសេស​សម្រាប់​ផូស៊ីលវិទ្យា​នៅ​ម៉ិកស៊ិក​។ ព្រឹត្ដិការណ៍​គួរ​ឱ្យ​អារម្មណ៍​សំខាន់​ៗ​កើត​ឡើង​រាប​លាន​ឆ្នាំមុន​ ពេល ​ខូហ៊ុយឡា ធ្លាប់​ជា​តំបន់​ត្រូពិក​មួយ»។

ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ​ឈ្មោះ Tlatolophus កំឡាយ​ពី​ tlahtolli ដែល​មាន​ន័យ​ជាភាសា Nahuatl ជនជាតិដើម​ភាគ​តិវ និង lophus មាន​ន័យ​ថា ទ្រនុង​ជា​ភាសា​ក្រិក​៕ HR