ក្រុង​ញូវដែលី : បុរស​ ២ នាក់ ដែល​បាន​បោក​បញ្ឆោតដុកទ័រ​​ម្នាក់​ទិញ​ «​ចង្កៀង​អាឡាដាំង​» តម្លៃ ៩៣ ០០០​ ដុល្លារ និង​ថែមទាំង​បង្កើត​យក្ស​ចង្កៀង​វេទមន្ដ​ក្លែង​ក្លាយ​ ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌា។

លោក ឡាអៀក ខាន់ បាន​ទៅ​ប្ដឹង​ប៉ូលិស​នៅភាគ​ខាង​ជើង​រដ្ឋ​អ៊ុតតា ប្រាដេស ក្រោយ​ពី​ដឹង​ថា ចង្កៀង​ទិព​អត់​មាន​វេទមន្ដ​អ្វី​សោះ ដូច​ទៅ​នឹង​អ្វី​ដែល​មាន​ភាព​ល្បី​ល្បាញ​ក្នុង​រឿង​ព្រេង​អំពី​អាឡាដាំង និង​យក្ស​ចង្កៀង​ទិព​ ដែល​បាន​បង្ហាញ​ខ្លួន​ពេល​ត្រដុះ​នឹង​តួ​ចង្កៀង។

លោក អាមិត រ៉ៃ ជា​មន្ដ្រី​ជាន់​ខ្ពស់​ម្នាក់ បាន​ប្រាប់​ AFP ថា​៖ «​ក្រុម​បោក​នេះ បាន​ទៀម​ទារ​ប្រាក់​តម្លៃ​ខ្ពស់​ តែ​វេជ្ជបណ្ឌិត​រូប​នោះ ហ៊ាន​ទិញ​ក្នុង​តម្លៃ​ប្រមាណ ៧​លាន​រូពី (៩៣០០០​ដុល្លារ​)។

លោក​បាន​និយាយ​ថា បុរស​ទាំងពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​នៅ​បន្ដ​ជាប់​ឃុំ​មុន​ពេល​សាវនាការ​កាត់​ទោស​ត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ។

លោក រ៉ៃ បាន​បន្ថែម​ថា​៖ «​ភរិយា​ជន​សង្ស័យ​ម្នាក់ ក៏​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោក​នេះ​ផង​ដែរ។ គាត់​កំពុង​តែ​រត់​គេច​ខ្លួន​»។

ក្នុង​ពាក្យ​បណ្ដឹង​ដាក់​កាលពី​អាទិត្យ​សប្ដាហ៍​មុន លោក ខាន់ បាន​និយាយ​ថា បុរស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​ធ្វើ​ជា​អ្នក​វេទមន្ដ​ និង​ប្រើ​សិល្ប​សាស្ដ្រ​ជុប​យក្ស​ចង្កៀង​ ចេញ​ពី​ចង្កៀង​អាឡាដាំង។

ប៉ុន្ដែ​ពេលលោក ខាន់ សួរ​ថា តើ​លោក​អាច​កាន់​យក្ស​ចង្កៀង​ ឬ​យក​ចង្កៀង​នោះ​ទៅ​ផ្ទះ​បាន​ទេ ពួកគេ​បាន​បដិសេធ​ ដោយ​និយាយ​ថា វា​អាច​ធ្វើ​ឲ្យ​រូប​លោក​ជួប​គ្រោះ​ថ្នាក់។

ចុង​បញ្ចប់ ពួកគេ​បាន​លក់​ចង្កៀង​ទិព​ឲ្យ​លោក ដោយ​សន្យា​ថា វា​នឹង​នាំ​សំណាង សុខភាព និង​ភាព​ចម្រុង​ចម្រើន​ដល់​ម្ចាស់។

លោក ខាន់ បាន​បញ្ជាក់​ថា ក្រោយ​មក លោក​បាន​ដឹង​ថា យក្ស​ចង្កៀង​គ្រាន់តែ​ការ​ក្លែង​ខ្លួន​របស់​បក្ខ​ពួក​ម្នាក់។

លោក រ៉ៃ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​បុរស​ទាំងពីរ​ក៏​បាន​បោក​ក្រុម​គ្រួសារ​ផ្សេង​ៗ​ទៀត​ដោយ​ប្រើ​សេណារីយ៉ូ​ដូច​គ្នា​នេះ​ដែរ។ ទឹក​ប្រាក់​សរុប​ទាក់ទង​នឹង​អំពើ​ឆបោក​នេះ​មាន​ចំនួន​រាប់​លាន​រូពី​ឯនោះ​»៕ AFP/HR