កំពង់ឆ្នាំង: កាលពី​ជាង ២០ ឆ្នាំ​មុន​អ្នកស្រី កែវ ខុំ ស្រាប់​តែ​ចាប់ផ្ដើម​កើត​អាការ​រមាស់​ដំបៅ​ពក​លើ​ដៃ និង​ជើង​ខុស​ប្រក្រតី​ព្រម​ទាំង​រលួយ​ស៊ី​ចូល​សាច់​ជ្រៅ​បន្ដិច​ម្ដងៗ​ដោយ​មួយ​ថ្ងៃៗ​ស្រែក​រោទ៍​ដូច​គោ​ពី​ការឈឺចាប់​ពើត​ផ្សា​លើ​ដំបៅ ដែល​បន្ត​ញាំញី​ជីវិត​ដូនចាស់​រស់​ក្រោម​ជម្រក​ខ្ទម​ស្លឹក​។

លើស​ពី​ការឈឺចាប់​មុខ​ដំបៅ​រលួយ​រឡេះ​ដែល​ក្លាយ​ជា​ពក​រឹង​ម្រាម​ដៃ​ម្រាមជើង​លោកយាយ កែវ ខុំ បច្ចុប្បន្ន ៨៥ ឆ្នាំ​ក៏​ជួប​គ្រោះអាសន្ន​ថែម​ទៀត ដោយសារ​តែ​ព្រះ​អគ្គី​បាន​ឆាបឆេះ​ខ្ទម​កម្សត់​យាយតា​ដែល​សង់​ជាប់​គ្នា​ឲ្យ​ក្លាយ​ជា​ផេះផង់ រក​ទីជម្រក​គ្មាន ក្រោយ​ការធ្វេស​ប្រហែស​របស់​លោកតា​ពេល​បង្កាត់​ភ្លើង​ដាំទឹក​រួច​សម្រាក​លក់​។

បើ​ទោះបី​ជា​ដូនចាស់​រួមរស់​ជាមួយ​កូនស្រី​ម្នាក់​ក្នុង​ចំណោម​កូន ៣ នាក់ និង​មាន​ស្វាមី​ឈ្មោះ ហង សួង អាយុ ៨៥ ឆ្នាំ​ដូច​គ្នា​ក្នុង​ភូមិ​ក្រោយ​វត្ដ ឃុំ​ខ្លុងពពក ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង​យ៉ាង​ណា​ក៏ដោយ​ក៏​ប្ដី​ប្រពន្ធ​ចាស់ៗ​ទាំង​ ២ ​រស់នៅ​ក្នុង​ខ្ទម​ទីទៃ​គ្នា​។

ដូនចាស់ និង​ស្វាមី​រស់នៅ​ខ្ទម​ទីទៃ​ដោយ​មាន​ជំនឿ​ថា​ឆុង​ឆ្នាំ​គ្នា មិន​អាច​រួមរស់​ក្រោម​ដំបូល​ផ្ទះ​តែមួយ​។ រូបថត ហ្វេសប៊ុក

ព្រះភិក្ខុ ស បញ្ញាឫទិ្ធ ដែល​រមែង​និមន្ដ​ធ្វើ​សកម្មភាព​មនុស្សធម៌​មាន​សង្ឃដីកា​ថា​៖ «​ឮថា​ចាស់ៗ​ប្រាប់ថា ពួកគេ​ឆុង​ឆ្នាំ​គ្នា​មិន​អាច​រួស​រស់ក្នុង​ដំបូល​ផ្ទះ​តែ​មួយ ទើប​ពួកគាត់​សង់​ខ្ទម​រស់នៅ​ទីទៃ​គ្នា តែ​នៅ​ជាប់​គ្នា​ទេ​»​។

ព្រះតេជគុណ ព្រះជន្ម ២៣ ​វស្សា​បាន​និមន្ដ​ផ្ទាល់​ទៅ​ដល់​ខ្ទម​ជន​ចាស់ជរា​ទាំង​ ២ ​បាន​បន្ដ​ថា​៖ «​ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ខ្ទម​របស់​ពួកគាត់​ត្រូវ​ភ្លើង​ឆេះ ហើយ​លោកយាយ​មាន​ជំងឺ​ជាង ២០ ឆ្នាំ​មក​ហើយ​ពរ​។ អាការ​គាត់​គឺ​ដំបៅ​រលួយ​ដៃជើង និង​ឡើង​ពក​ដុំៗ​»​។

ព្រះភិក្ខុ បាន​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​ដូនចាស់​ថា​៖ «​លោកយាយ​ពិតជា​លំបាក​ណាស់ ពីព្រោះ​គាត់​ឈឺ​ពើត​ផ្សា​រៀងរាល់​ថ្ងៃ​។ ពរ​រយៈពេល​ជាង ២០ ​ឆ្នាំ​ហើយ ហើយ​មើល​ទៅ​ពិត​ជា​ពិបាក​មែន​ទែន​»​។

ដោយ​រស់នៅ​ក្រោម​ការផ្គត់ផ្គង់​ពី​សំណាក់​កូនស្រី និង​ចៅៗ​ក្នុង​ដំបូល​ខ្ទម​តែមួយ​ពី​មុខរបរ​ស្រែចម្ការ​បន្ដិចបន្ដួច ដូនចាស់ និង​ស្វាមី​ជរា​ទាំង​ ២ ហាក់​មិន​ធ្លាប់​នឹកឃើញ​ពី​ការស្វែងរក​សេវាកម្ម​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​នោះទេ​។

ព្រះតេជគុណ ស បញ្ញាឫទ្ធិ និមន្ត​ទៅ​ជួប​ដូនចាស់​នៅក្នុង​ខ្ទម​ស្លឹក​។ រូបថត ហ្វេសប៊ុក

ព្រះតេជគុណ​ម្ចាស់​គណនី​ហ្វេសប៊ុក​សប្បុរសធម៌ «​លោក​ម្ចាស់ គុណធម៌​» ដែល​បាន​អញ្ជើញ​គ្រូពេទ្យ​ខេត្ដ​កំពង់ឆ្នាំង​មក​ពិនិត្យ​អាការរោគ​របស់​លោក​យាយ កែវ ខុំ មាន​សង្ឃដីកា​ថា គ្រូពេទ្យ​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ពី​ប្រភេទ​ជំងឺ​របស់​លោកយាយ​ដោយ​ត្រូវ​ទាមទារ​ឲ្យ​ដូនចាស់​រូប​នេះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​។

ព្រះភិក្ខុ​ដែល​បាន​ផ្ដល់​ថវិកា​ទិញ​ស្លឹក​ប្រក់​ខ្ទម​ជូន​ដូនចាស់​បាន​ជ្រកកោន​បណ្ដោះអាសន្ន​បាន​បន្ដថា​៖ «​ដោយសារ​ជំងឺ​របស់​លោកយាយ​ទាមទារ​ការពិនិត្យ​ដិត​ដល់​បន្ថែមទៀត អាត្មា និង​គ្រូពេទ្យ​នៅ​ចាំ​ការសម្រេច​ចិត្ដ​របស់​កូនស្រី​គាត់​ថា តើ​គួរ​យក​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​។ ការព្យាបាល​មិន​ត្រូវ​បាន​គិត​ប្រាក់​ពី​គាត់​នោះ​ទេ​»​។

ខណៈ​ពេល​នេះ ព្រះសង្ឃ​សប្បុរសធម៌​មាន​សង្ឃដីកា​ពី​បញ្ហា​ចោទ​ចម្បង​ចំពោះ​ពួកគាត់​ថា​៖ «​ភាពចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​នាពេល​បច្ចុប្បន្ន​គឺ​ការហូបចុក និង​ទីជម្រក​សមរម្យ​»​។

សម្រាប់​សប្បុរសជន​មាន​បំណង​ជួយ​ដល់​ដូនចាស់​មាន​ជំងឺ​រ៉ាំរ៉ៃ អាច​ទាក់ទង​ព្រះតេជគុណ ស បញ្ញាឫទិ្ធ តាមរយៈ​លេខ ០១២ ៣១ ៣៥ ១៩ ឬ ០៩៨ ៣១ ៣៥ ១៩៕