ក្រុងសំរោង: សូរសំឡេង​សម្រែក​ស្រែក​ពី​ជីវិត​ដ៏​សែន​ទុរគត​របស់​ដូន​ចាស់​អាយុ​ជិត​មួយ​សតវត្សរ៍ ទទួល​បន្ទុក​ចិញ្ចឹម​បីបាច់​ចៅទួត ភ្នែក​រហង់​រង់​ចាំ​ចំណី​ចម្អែត​ក្រពះ​ប្រចាំ​ថ្ងៃ ចំនួន ៤ នាក់​រួម​នឹង​ដូន​ចាស់​អាយុ​ពី ៦២ ដល់ ៨៤ ឆ្នាំ ៣ នាក់​ផ្សេង​ទៀត​បាន​លាន់ឮ​ដល់​ក្រុម​យុវជន​ម៉ូតូ​សប្បុរស​ធម៌​ខិតខំ​បំបោល​ទោចក្រ​យានយន្ត​លើ​ចម្ងាយ​ផ្លូវ​រាប់​រយ​គីឡូម៉ែត្រ ដើម្បី​ដឹក​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​សម្រាល​ភាព​លំបាក​ដូន​ចាស់​ទាំង​នោះ​មួយ​គ្រា។

លោកយាយ មង ច​ន អាយុ ៦៤ ឆ្នាំ និង​លោកយាយ មេវ សុខ អាយុ ៦២ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​គោក​ប្រាសាទ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ព្រម​ទាំង​លោក​យាយ ហែម និប អាយុ ៨៤ ឆ្នាំ និង​លោក​យាយ សមុទ្រ យ៉ៃ អាយុ ៩២ ឆ្នាំ រស់នៅ​ភូមិ​បុស្ប ឃុំ​កូន​ក្រៀល ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ បាន​ទទួល​គ្រឿង​ម្ហូប​អាហារ ពី​ក្រុម​ម៉ូតូ​សប្បុរស​ធម៌ Khmer Mini Rider (KMR) រវាង​សមាជិក​មក​ពី​ខេត្ដ​សៀមរាប និង​ខេត្ដ​ឧត្ដរមានជ័យ។

ដោយ​មើលឃើញ​ពី​ភាពលំបាក​តោកយ៉ាក​របស់​លោក​យាយ សមុទ្រ យ៉ៃ អាយុ ៩២ ឆ្នាំ ដែល​រស់​នៅ​ក្រោម​ដំបូល​ខ្ទម​ធ្លុះ​ធ្លាយ​ជាមួយ​កូន​ចាប​កំព្រា ៤នាក់ ស្រី ២ នាក់ និង​ប្រុស ២ នាក់ អាយុ ១២ ឆ្នាំ ១០ ឆ្នាំ ៨ ឆ្នាំ និង ៦ឆ្នាំ ដោយ​ពឹង​អាស្រ័យ​ទាន​ពី​សំណាក់​អ្នក​ជិត​ខាង​ហុច​ព្រឹក​ហុច​ល្ងាច ក្រុម​ម៉ូតូ​សប្បុរស​ធម៌ KMR បាន​ស្រាក់​គ្នា​រៃអង្គាស​ប្រាក់​បន្ដិច​បន្ដួច​សម្រាប់​ដូន​ចាស់​បាន​ជួស​ជុល​ដំបូល​ផ្ទះ។

លោក ធន តុលា ប្រធាន​ក្រុម​ម៉ូតូ​សប្បុរសធម៌ KMR ដែល​ខិតខំ​ជិះ​ម៉ូតូ​ចេញ​ដំណើរ​តាំង​ពី​ខេត្ដ​សៀមរាប​ចាប់ដៃ​គ្នា​ជាមួយ​សមាជិក​ដទៃ​ប្រមាណ ៨០ ម៉ូតូ បាន​និយាយ​ថា៖ «លោក​យាយ សមុទ្រ យ៉ៃ មាន​ជីវភាព​លំបាក​ជាង​គេ​ហើយ​គាត់ មាន​បន្ទុក​ចិញ្ចឹម​ចៅទួត​ប្រុស​ស្រី ៤ នាក់​ទៀត។ ពួក​គាត់​រស់​នៅ​ពឹង​ដោយ​ការ​ឲ្យ​ទាន​ពី​អ្នក​ជិត​ខាង រាល់​ថ្ងៃ​នៅ​ក្នុង​ខ្ទម ស្ទើរ​តែ​ប្រក់​មេឃ ជញ្ជាំង​ធ្លុះ​ធ្លាយ»។

លោក​បន្ដថា៖ «លោកយាយ មាន​វ័យ ៩២ ឆ្នាំ​ទៅហើយ ហើយ​ពេលនេះ ភ្នែក​គាត់​ស្រវាំង​ឡើង​បាយ មើល​មិន​ស្គាល់​ទិស​តំបន់​ឡើយ។ គាត់​គ្មាន​លទ្ធភាព​ណា​ចេញ​រក​ម្ហូប​អាហារ​ចិញ្ចឹម​ជីវភាព​ចៅ​ទួត​ទាំង ៤ នាក់​ទេ»។

លោក តុលា បាន​បញ្ជាក់ថា៖ «ទោះបីជា​អត់បាយ​ក្រហាយ​ទឹក​យ៉ាង​ណា​ក៏​ដោយ ក៏​ដូន​ចាស់​រូប​នេះ​មាន​បំណង​ចង់​ឲ្យ​ចៅទួត​ទាំង ៤ នាក់​បាន​ចូល​រៀន​ដែរ តែ​ក្រ​ពេក ទើប​អត់​មាន​លទ្ធភាព»។

ក្រុម​ម៉ូតូ​បន្ត​ដំណើរ​ជា​ជួរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ឆ្លង​ខេត្ត។ សហការី

ប្រធាន​ក្រុមយុវជន​លេង​ម៉ូតូប្លែកៗ តែមាន​ទឹក​ចិ​ត្ដមនុស្ស​ធម៌​បាន​ឲ្យ​ដឹងថា ដំណឹង​ទុរគត​របស់​ដូន​ចាស់​ទាំង ៤ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​លោក សរ សៀង​ហ៊ាង ប្រធាន​កាក​បាទ​ក្រហម ខេត្ដ​ឧត្ដរមានជ័យ។

លោក​បន្ថែមថា៖ «លោក​ក៏បាន​រួម​ដំណើរ ជូន​ពួក​ខ្ញុំ​ចុះ​ដល់​មូលដ្ឋាន​ដូន​ចាស់​ក្នុង​ទឹកមុខ​រីក​រាយ​ដោយ​មើល​ឃើញ​ពី​សាមគ្គីភាព​របស់​ក្រុម​ម៉ូតូ KMR នៃ​យុវជន​ខ្មែរ​តែ​មួយ»។

ទោះបីជា​ធម្មជាតិ​មិន​យោគយល់​លើ​ដំណើរ​ជិះ​ម៉ូតូ​វែងឆ្ងាយ​របស់​ក្រុម​យុវជន​ដោយ​ការ​បង្អុរ​ភ្លៀង​មួយ​មេ​ធំ​ពេល​ធ្វើ​ដំណើរ​ពី​ខេត្ត​ឧត្ដរមានជ័យ​មក​សៀមរាប​វិញ តែ​ក្រុម​ម៉ូតូ​នៅ​តែ​បង្ហាញ​ភាព​រីករាយ និង​បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច៕