ភ្នំពេញ: Dolphin Swimming Club Cambodia ក្លិប​បង្រៀន​កុមារ​ហែល​ទឹក​ចាប់​ពី​អាយុ ៦ ខែ បាន​រៀបចំ​គម្រោង​មនុស្ស​ធម៌​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ដល់​កុមារ​គ​ថ្លង់​ឲ្យ​ចេះ​ពី​វិធី​រំដោះ​ខ្លួន​ពី​មហន្ដរាយ​លង់​ទឹក ក្រោម​ជំនួយ​របស់​នាយក​សាលា​រៀន SCI Education មាន​ទីតាំង​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​កាណាដា។

កុមារ​គ​ថ្លង់ មកពី​អង្គការ​គ្រួសារ​ថ្មី សិក្សា​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ច្បារអំពៅ​ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល​ក្រោម​គម្រោង​កម្មវិធី​ហែល​ទឹក​រំដោះ​ខ្លួន «Swimming for Survival Program» បំណង​ឲ្យ​ពួកគេ​ចេះ​ជួយ​ខ្លួន​ឯង​ពី​គ្រោះ​ថ្នាក់​លង់​ទឹក រៀបចំ​ឡើង​នៅ​សាលា​អន្ដរជាតិ​វ៉េសឡាញ សាខា​ច្បារ​អំពៅ ចាប់​ពី​ថ្ងៃទី ២ ដល់​ថ្ងៃ​ទី ៣ ខែ​សីហា នេះ។

កុមារ ៦២ នាក់ ដែល​ត្រូវបាន​បែង​ចែកជា ៣ ក្រុម ដោយ ២០ នាក់​រៀន​ហែល​ទឹក​ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ១១ ព្រឹក ២០ នាក់ ចាប់​ផ្ដើម​ពី​ម៉ោង ១ ដល់​ម៉ោង ៣ រសៀល និង ២២ នាក់​ចាប់​ពី​ម៉ោង ៣ រសៀល​ដល់​ម៉ោង ៥ ល្ងាច ក្នុង​រយៈពេល ២ ថ្ងៃ ត្រូវ​បង្ហាញ​បង្រៀន​ដោយ​គ្រូ​ជំនាញ​ចំនួន ៥ នាក់​ក្នុង​វេន។

ជាមួយនឹង​សញ្ញាបត្រ​ទទួលស្គាល់​ពី ASCTA (Australian Swim Coach and Teacher Association) ជា​ស្ថាប័ន​បង្វឹក​គ្រូបង្រៀន​ហែល​ទឹក​អាជីព​របស់​អូស្ដ្រាលី លោក ណាត់ថាសាក់ ថាវូដុម មក​ពី​ប្រទេស​ថៃ មាន​បទពិសោធ​បង្រៀន​ហែល​ទឹក​ជាង ១៣ ឆ្នាំ និង​ជា​គ្រូ​បង្រៀន​កុមារ​ហែល​ទឹក​នៅ Dolphin Swimming Club Cambodia ជាង ៨ ខែ​មក​នេះ គឺជា​គ្រូ​បង្គោល​ក្នុង​ការ​បណ្ដុះ​បណ្ដាល​កុមារ​គ​ថ្លង់​ក្នុង​ព្រឹត្ដិការណ៍​មនុស្ស​ធម៌​នេះ។

​កុមារ​គថ្លង់​មក​ពី​គ្រួសារ​ថ្មី កម្ដៅសាច់​ដុំ​មុន​ពេល​ចុះ​ទឹក​។ផា លីណា

លោក សារឿន ដូ​រ៉ា គីម​ម៉េង ជា​សហ​ស្ថាបនិក​ម្នាក់​នៃ​ក្លិប​ហែល​ទឹក​ដូ​ល​ហ្វី​ន និយាយ​ថា៖ «គាត់​តែង​តែ​រៀបចំ​ព្រឹត្ដិការណ៍​មនុស្ស​ធម៌​សម្រាប់​កុមារ​ក្រីក្រ ឬ​កុមារ​ពិការ​រាប់រយ​នាក់​ក្នុង ១ ឆ្នាំៗ»។

លោក​បន្ដថា៖ «លោក​មក​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ដូចគ្នានេះ​នៅ​កម្ពុជា​ដើម្បី​បណ្ដុះបណ្ដាល​កុមារ​គ​ថ្លង់​ឲ្យ​ចេះ​រំដោះ​ខ្លួន​ពី​ការ​លង់​ទឹក។ ប៉ុន្ដែ​វា​មិន​មែន​ជា​ការ​បង្ហាត់​បង្រៀន​ហែល​ទឹក​ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង​អ្វី​នោះ​ទេ។ ដូច្នេះ ការ​ហ្វឹកហាត់​រយៈពេល ២ ម៉ោង​ក្នុង ១ ក្រុម​គ្រប់គ្រាន់​ល្មម​សម្រាប់​សមត្ថភាព​រំដោះ​ខ្លួន​ពី​ការ​លង់​ទឹក​ដោយ​យថា​ហេតុ»។

សហ​ស្ថាបនិក​វ័យ ២២ ឆ្នាំ​រូបនេះ លើកឡើងថា៖ «យើង​សង្ឃឹមថា កម្មវិធី​ដំបូង​នេះ​នឹង​អាច​ជួយ​កុមារ​ទាំងឡាយ​ឲ្យ​បាន​រៀន​ពី​វិធី​ជួយ​ខ្លួន​ឯង​ពី​ការ​លង់​ទឹក​ពេល​ជួប​គ្រោះ​ថ្នាក់ ហើយ​សង្ឃឹម​ថា យើង​នឹង​បន្ដ​រៀបចំ​កម្មវិធី​ល្អៗ​ក្នុង​ការ​ជួយ​សង្គម​បែប​នេះ​ទៀត​ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​ដល់​កុមារ​ខ្វះ​ឱកាស កុមារ​ពិការ​និង​កុមារ​កំព្រា​ស្គាល់​ពី​តម្លៃ​នៃ​កីឡា​ហែល​ទឹក»។

Dolphin បើក​ថ្នាក់​បង្រៀន​ក្មេង​ហែល​ទឹក​ពី​អាយុ ៦ ខែ​ដល់ ៤ ឆ្នាំ ដំបូង​នៅ​កម្ពុជា​តម្លៃ ៩០ ដុល្លារ​ក្នុង ១ វគ្គ៕