ភ្នំពេញ៖ ក្រោយ​​​ពី​​​ខ្លួន​ឯង​មាន​ជំនឿ​​​ខ្លាំង​​លើ​​​ភាព​​ស័ក្តិសិទ្ធិ​របស់​យ័ន្ត​​ថៃ​​មក​​​ ក៏​ស្រាប់​តែ​​ថ្មីៗ​នេះ ​​​តារា​សម្តែង​​​​ស្រី​រាង​ស្ល៊ីម សម្បុរ​ស្រអែម​ កំពុង​តែ​ឡើង​កូដ​ក្នុង​ការ​ថត​កុន​ភាគ​កញ្ញា ដួង ម៉ានិច ហ៊ាន​​មក​​បើក​មុខ​​​របរ​​​លក់​យ័ន្ត​ទាំង​នោះ​ តាម​អនឡាញ​ រាង​ប្លែក​ជាង​តារា​ស្រី​ផ្សេង​ដែល​ភាគ​ច្រើន​គេ​សកម្ម​នឹង​​​​រឿង​បើក​មុខ​​របរ​​លក់​គ្រឿង​រក្សា​សម្រស់​។​

បើ​តាម​ការ​បង្ហោះ​ចេញ​ពី​គណនី​ហ្វេសប៊ុក​​ខ្លួន​នាង​​ថា៖ «បន្ទាប់​ពី​យើង​បាន​ធ្វើ​ពិធី​អភិសេក​ យ៉ាង​ម៉ឺងម៉ាត់​ ហ្មត់ចត់​ នឹង​​​ត្រូវ​តាម​ក្បួន​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ព្រះសង្ឃ​ល្បីៗ ​នៅ​ប្រទេសថៃ​ ឥឡូវ​នេះ​ បងប្អូន​អាច​ជាវ​យ័ន្ត​ទាំង ​៣ ​​​ប្រភេទ​ពី ​page Doung ​Manich​ ក៏​បាន​ពី Jimmy shop​ ដូច​ដែល​បងប្អូន​បាន​ជ្រាប​ថា​ជន​​ជាតិ​ថៃ ​គឺ​មាន​ជំនឿ ​និង​មាន​ការ​គោរព​យ៉ាង​​ខ្ជាប់​​​ខ្ជួន ​តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​ ដូច្នេះ​បងប្អូន​អាច​ជាវ​បាន​ សម្រាប់​យ័ន្ត ​៣ ប្រភេទ។​ 1. យ័ន្ត​នាង​បក់​នាង​បោយ សម្រាប់​ជួយ​​ដល់​អ្នក ដែល​បើក​មុខ​​របរ​រក​ស៊ី​ ត្រូវ​ការ​មាន​អតិថិជន​មក​​​ទិញ​ផលិតផល​របស់​ខ្លួន ឬ​ក៏​ចាប់​អារម្មណ៍​​សេវាកម្ម​​​​​របស់​ខ្លួន​ឲ្យ​ច្រើន​ត្រូវ​ការ​ការ​លក់​ដូរ​ដាច់​ មាន​ភ្ញៀវ​ច្រើន​។ ​2. យ័ន្ត​ថង់​មាស​ថង់​ប្រាក់ ​គឺ​ទុក​សម្រាប់​ជួយ​ទាក់ទាញ​​​លុយ​កាក់​ហូរ​​​ចូល​ឥត​ទាក់​ សម្រាប់​គ្រប់​បុគ្គល ​ជួយ​​ដល់​​សំណាង​ ខាង​ផ្នែក​លុយ​កាក់​យ៉ាង​ល្អ​។ 3. យ័ន្ត​មហា​ស្នេហ៍​​មហា​សម្រេច​ ជួយ​​ឲ្យ​មាន​គេ​ស្រឡាញ់​ចូល​​ចិត្ត​ច្រើន សម្តី​សំដៅ​មាន​​អំណាច​គេ​ស្ដាប់​ច្រើន​ជួយ​សម្រេច​​នូវ​អ្វី​ជា​បំណង​​​​ប្រាថ្នា មុន​ពេល​​​ចេញ​​ធ្វើ​​កិច្ច​ការងារ​​ធំៗ អាច​សូត្រ​​ដាក់​យ័ន្ត​ ហើយ​ដាក់​​ជាប់​ខ្លួន ​ដើម្បី​ឲ្យ​​សម្រេច​​​ការងារ​បាន​រលូន និង​ជួយ​ការពារ​​​នូវ​អំពើ​ខ្មៅ។​ល។ លោក​អ្នក​អាច​​​​​ជាវ​​បាន​ពី​ page Doung Manich ​សាក​សួរព័ត៌​មាន​​បន្ថែម​ តាម​​រយៈ​លេខ​ទូរស័ព្ទ ​070 99 ​81 ​91​»។

ការ​​នឹក​ឃើញ​មក​បើក​របរ​លក់​យ័ន្ត​ថៃ​​ ដែល​​​ជា​វត្ថុ​​អបិយ​​ជំនឿ​​នៃ​​​​ប្រជាជន​​ថៃ​ ​និង​ត្រូវ​កញ្ញា ដួង ម៉ានិច​ ខ្លួន​ឯង​​ផ្ទាល់​​​​​​ក៏​មាន​ជំនឿ​​ខ្លាំង​​ក្រោយ​​​ពី​បាន​ប្រើ​វា​មក​ រហូត​ហ៊ាន​​​​ចាប់​ផ្តើម​​​បើក​ជា​មុខ​របរ​លក់​ដូរ​តាម​អនឡាញ ដោយ​​មាន​សហការ​ជាមួយ​​​នឹង​​កញ្ញា ជីមមី​ ទៀត​ផង​​។ ដើម​ចម​​ងាក​មក​ប្រកប​របរ​ខុស​គេ​នេះ ក៏​មិន​ត្រូវ​​បាន​កញ្ញា ដួង ម៉ានិច​ បញ្ជាក់​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​ឡើយ ខណៈ​ប្រព័ន្ធ​​ទូរស័ព្ទ ត្រូវ​បាន​​បុរស​ម្នាក់​ឈ្មោះ​​លោក លី ហួរ​ អះអាង​ថា​ជា​ប្អូន​ប្រុស​ជីដូន​​មួយ​កញ្ញា ដួង ម៉ានិច ជា​អ្នក​​​កាន់​ ហើយ​ក៏​ជា​អ្នក​ចាត់​ការ​​ទូទៅ​របស់​នាង​ទៀត​​ផង។​

លោក លី ហួរ​ ក៏​បង្ហើប​ប្រាប់​​តម្លៃ​​លក់​យ័ន្ត​នេះ​ដែរ​ថា៖ «​​យ័ន្ត​ទាំង​​ ​៣ ប្រភេទ​នេះ គឺ​យ័ន្ត​ទី​១​ និង​​​ទី២ យើង​​លក់​តម្លៃ​ដូច​គ្នា​គឺ​ ១ ​តម្លៃ ២៨ ដុល្លារ ឯ​​​​យ័ន្ត​ទី​៣ វិញ​​​គឺ​លក់ ១ តម្លៃ ​៤៨ ដុល្លារ​»៕