ភ្នំពេញ៖​ បង្ក​ភាព​ភ្ញាក់​ផ្អើល​ពី​មជ្ឈដ្ឋាន​សង្គម​អ្នក​សិល្បៈ និង​មហាជន ខណៈ​ពេល​​ថ្មីៗ​នេះ​ស្រាប់​តែ​​តារា​ម៉ូដែល និង​ពិធី​ការិនី​​រូប​ស្រស់ រាង​ខ្ពស់​ស្រឡះ​ សាច់​សខ្ចី អ្នកនាង ​យ៉ាន់ ស្រីពេជ្រ បាន​ប្រកាស​លែងលះ​ស្វាមី​ ដែល​​បង្កើត​​​ចំណង​​ស្នេហ៍​​​អាពាហ៍ពិពាហ៍​​អស់​​​ ​១១ ឆ្នាំ​មក​នោះ។

អម​ដោយ​រូបថត​កាល​ពី​រៀបការ លិខិត​ប្រកាស​បញ្ចប់​​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ និង​សារ​​ជា​ដើម​ចម​នៃ​ការ​បញ្ចប់​ចំណង​​បេះដូង​ ដែល​មាន​រយៈពេល ​១១ ឆ្នាំ តារា​ស្រី​​ស្រស់​សោភា សាច់​សខ្ចី អ្នក​នាង​ យ៉ាន់​​ ស្រីពេជ្រ​ បាន​លាត​ត្រដាង​​​​នៃ​ការ​​បែក​​​បាក់​​ចំណង​​បេះដូង​ខ្លួន និង​ស្វាមី តាមរយៈ​សារ​ដ៏​វែង​អន្លាយ​​បង្ហោះ​នៅ​លើ​​​បណ្តាញ​​​សង្គម​ហ្វេសប៊ុក​​​​​ខ្លួន​​ថា៖ «​ពី​ពេល​នេះ ម៉ោង​​​នេះ​ទៅ​ យើង​ទាំង​ ​២ នាក់ លែង​ពាក់ព័ន្ធ​​អ្វី​នឹង​​​គ្នា​ទៀត​ហើយ។​ ​ហើយ​​ក៏​លែង​​ជា​​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​​​​ដែរ ពេល​វេលា​​រយៈពេល ​១១ ​ឆ្នាំ ដែល​​​យើង​​បាន​​ជួប​​គ្នា​បាន​​ស្រឡាញ់​​គ្នា ​កាន់​ដៃ​គ្នា ​មាន​​​អនុស្សាវរីយ៍​​ច្រើន​​រាប់​មិន​​អស់ ​តែ​ពេល​នេះ ​វា​បាន​​​​ចប់​សព្វ​​គ្រប់​​អស់​ហើយ​ ជួប​​គ្នា​​ធ្វើ​អ្វី​ បើ​គង់​​នឹង​​​​​មាន​​ថ្ងៃ​នេះ។ អ្វី​​ដែល​​ខ្ញុំ​​​​ស្អប់​​​បំផុត​​គឺ​ការ​បែក​បាក់​​គ្នា ខ្ញុំ​​​​បាន​​​ព្យាយាម​​ធ្វើ​គ្រប់​យ៉ាង​​​អស់​ហើយ​ ដើម្បី​តែ​​​គ្រួសារ​​​មួយ​នេះ ​និង​មិន​​​ចង់​ឱ្យ​​កូន​ខ្ញុំ​ ​កំព្រា​ឪពុក​​ដូច​​ខ្ញុំ​ទៀត»។

តារា​​សម្តែង​សម្រស់​ស្រស់​សោភា អ្នកនាង យ៉ាន់ ស្រីពេជ្រ ជា​មេម៉ាយ​កូន​មួយ​​​ក្តៅ​ស្រួយ​រូប​នេះ​បាន​បន្ត​ថា៖ «​តែ​អ្វី​ដែល​ខ្ញុំ​ទទួល​​បាន​មក​​វិញ ​គឺ​មាន​តែ​ភាព​​​ផិត​ក្បត់​ លួចលាក់ ​តែ​ផ្លូវ​មួយ​នេះ​ បង​ជា​អ្នក​ជ្រើសរើស​ ពាក្យ​សុំទោស​ ​​១ ​​ម៉ាត់ ​វា​មិន​អាច​​កែប្រែ​​អ្វី​បាន​ទៀត​​ទេ​គ្រប់​យ៉ាង​​​វា​ហួស​ពេល​​អស់​ហើយ​ បង​បាន​​សម្រេច​ចិត្ត​​ក្បត់​​ខ្ញុំ​​រួច​​ទៅ​ហើយ​ ថែម​ទាំង​ធ្វើ​​ឱ្យ​​ស្រី​ម្នាក់​​នោះ​មាន​កូន​ជាមួយ​​បង​ថែម​​ទៀត ​តើ​បង​គិត​ថា​ វា​ជា​​រឿង​លេង​សើច​​មែន​ទេ​ ពាក្យ​សុំទោស​វា​មិន​​អាច​លុបលាង​​​កំហុស ​និង​ការ​ឈឺ​ចាប់​​ស្ទើរ​​ស្លាប់ ស្ទើរ​​រស់​ដែល​បង​បាន​ធ្វើ​មក​​​​​លើ​​ខ្ញុំ​បាន​​ទេ​ ហើយ​​គ្រួសារ​មួយ​​​នេះ​ ​គឺ​បង​ជា​អ្នក​បំផ្លាញ​​វា​ដោយ​​​ផ្ទាល់​ដៃ​របស់​​បង អ៊ីចឹង​ហើយ​បង​មិន​បាច់​​ស្តាយ​ក្រោយ​​​ទៀត​ទេ​ បង​ទៅ​ចុះ​ ទៅ​នៅ​​​​ជាមួយ​​គេ​ឱ្យ​​មាន​ក្តី​​សុខ​​ចុះ ​កុំ​បារម្ភ​កូន​ស្រី​យើង​​មួយ​​ខ្ញុំ ​នឹង​​មើល​ថែ​​គាត់​ឱ្យ​​បាន​ល្អ​បំផុត​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​»។

អ្នកនាង យ៉ាន់​ ស្រីពេជ្រ បាន​បន្ថែម​ថា៖ «​ហើយ​ក៏​សុំ​​ផ្តាំ​ទៅ​ស្រី​ម្នាក់​​នោះ​ ដែល​​ព្យាយាម​បំផ្លាញ​គ្រួសារ​គេ ​ទាំង​ដឹង​​​ថា​ គេ​មាន​​ប្រពន្ធ​​មាន​​កូន​​ហើយ ​នៅ​​តែ​​ទុក​​កូន ​ដើម្បី​​បញ្ឈឺ​ចិត្ត​​ប្រពន្ធ​គេ ​និង​​ទាក់​​ប្តី​គេ​ចង់​ឱ្យ​គ្រួសារ​គេ​បែក​​បាក់​គ្នា​​នោះ កម្មពៀរ​​នោះ​ នាង​ជា​អ្នក​​​ទទួល​យក​ចុះ ...»៕​