ក្រុង​ម៉ូស្គូ៖ ការ​ផ្ទុះ​ភ្នំភ្លើង​លើ​ឧបទ្វីប​រុស្ស៊ី​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចិត្ដ​សឿង​ដែល​ប្រថុយ​ជីវិត​ទៅ​ថតរូប​សែលហ្វី ដែល​បង្ក​ក្ដី​កង្វល់​ពី​ក្រុម​ឆ្លើយ​តប​នៃ​សេវាកម្ម​សង្គ្រោះ​បន្ទាន់​នាពេល​ថ្មីៗ​នេះ។

ភ្នំ Klyuchevskaya Sopka នៅ​ឧបទ្វីប​ភ្នំភ្លើង Kamchatka នៅ​ភាគ Far East ប្រទេស​រុស្ស៊ី ជា​ភ្នំភ្លើង​ខ្ពស់​បំផុត​ក្នុង​តំបន់ Eurasia លើ​រយៈកម្ពស់ ៤ ៧៥០ ម៉ែត្រ និង​ជា​ភ្នំភ្លើង​ដ៏​សកម្ម​បំផុត​មួយ​ក្នុង​លោក។

ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​កាល​ពី​ខែ​មុន​នៅ​ផ្នែក​ជម្រាល​ភាគ​ពាយព្យ​ភ្នំ ដែល​បំ​ភាយ​កម្អែល​ភ្នំភ្លើង និង​បំផ្ទុះ​ភ្លើង​យ៉ាង​កញ្ជ្រោល ដោយ​បន្ត​ថមថយ​ការ​បញ្ចេញ​កម្អែល ប៉ុន្តែ​នៅ​តែ​មាន​សកម្មភាព​ក្ដៅ​គគុក​មក​ទល់​សព្វថ្ងៃ​នេះ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ភ្ញៀវ​ដែល​ចង់​ដឹង​ចង់​ឃើញ បាន​នាំ​គ្នា​ឡើង​ជម្រាល​ភ្នំ​ភ្លើង ដើម្បី​ថតរូប​សែលហ្វី​នៅ​គែម​ជ្រលង បំណង​រំលេច​នូវ​ផ្ទៃ​ក្រោយ​កាមេរ៉ា​នូវ​រងើកភ្លើង​ផ្ទុះ​ព្រួចៗ និង​ថែម​ទាំង​នាំ​គ្នា​យក​សាច់ក្រក​ទៅ​អាំង​ថែម​ទៀត។

ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​កាម​ឆាត​កា (KVERT) បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា កាល​ពី​ថ្ងៃ​ចន្ទ ការ​ផ្ទុះ​យ៉ាង​កក្រើក​នៃ​ភ្នំភ្លើង​បាន​ថមថយ​ឥទ្ធិពល។

ឆ្លើយតប​នឹង​សកម្មភាព​ដ៏​ប្រថុយប្រថាន​នេះ ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ព្រមាន​ក្រុម​ភ្ញៀវ​ចិត្ដ​សឿង ក្រោយ​ពី​រូបថត​សែលហ្វី​របស់​ពួក​គេ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូទាំង​បណ្ដាញ​សង្គម។

ប្រធាន KVERT លោក អូលហ្គា ហ្គីរីណា ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosti ដោយ​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា៖ «ពិត​ជា​គ្រោះថ្នាក់​ណាស់។ ទេសចរ​ទាំង​នោះ​ពិតជា​ចិត្ដ​សឿង​មែនទែន ហើយ​ពួក​គេ​ក៏​មាន​សំណាង​ណាស់​ដែរ ដែល​គ្មាន​នរណាម្នាក់​ធ្លាក់​ចូលក្នុង​កម្អែល ឬ​ត្រូវ​រង​ដុំ​ភ្លើង​ដ៏​ក្ដៅ​នោះ»៕ AFP/HR