ក្រុងឡុងដ៍: និស្សិត​នៅ Goldsmiths ទីក្រុង​ឡុងដ៍​នឹង​លែងមាន​ឱកាស​បាន​ទំពា​ប៊ឺហ្គឺរ ក្រោយពី​សាកលវិទ្យាល័យ​ល្បី​នេះ​ប្រកាស​ថា ខ្លួន​នឹងដាក់​បម្រាម​លើ​ផលិតផល​ពី​សាច់គោ​ទាំងអស់​ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​។

សាស្ដ្រាចារ្យ ហ្វ្រង់សេស ខូរន័រ ជា​អ្នកដឹកនាំ Goldsmiths ថ្មី​បាន​និយាយថា អ្នកស្រី​បាន​ដាក់​វិធានការ​ក្ដៅ​នេះ​ដើម្បី​ដក​ផលិតផល​សាច់គោ​ចេញពី​បរិវេណ​សាលា​ទាំងអស់​ចាប់ពី​ខែ​ក្រោយ ពីព្រោះ​សេចក្ដីប្រកាស​គ្រោះអាសន្ន​ពី​បញ្ហា​អាកាសធាតុ​មិនអាច​ធ្វើ​តែ​មាត់​បាន​ឡើយ​។

អ្នកស្រី​បាន​បន្ថែមថា​៖ «​ទោះ​ខ្ញុំ​ទើប​ដល់​សាកលវិទ្យាល័យ Goldsmiths វា​ច្បាស់​ណាស់​ថា បុគ្គលិក និង​និស្សិត​យក​ចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​បរិស្ថាន និង​ជា​អ្វី​ដែល​ពួកគេ​ក៏​បាន​តាំងចិត្ដ​ជួយ​ផងដែរ​»​។

សាកលវិទ្យាល័យ Goldsmiths សង្ឃឹម​ថា​ខ្លួន​នឹង​ក្លាយ​ជា​ទីឋាន​ជួយ​កាត់បន្ថយ​ជាតិ​កាបូន​នៅ​ឆ្នាំ​ ២០២៥ និង​មិនមែន​ជា​សាកលវិទ្យាល័យ​ដំបូង​ដែល​ផ្លាស់ប្ដូរ​តារាង​មុខម្ហូប​ក្នុង​បំណង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។

សេវាកម្ម​អាហារ​របស់​សាកលវិទ្យាល័យ​ខេមប្រ៊ីដ អត់​លក់​សាច់គោ ឬ​ចៀម​តាំងពី​ឆ្នាំ​ ២០១៦​។ និស្សិត​នៅ Goldsmiths ក៏​នឹង​ប្រឈម​ការពិន័យ ១០ សេន​លើ​ការប្រើប្រាស់​ប្លាស្ទិក​ម្ដង ពេល​ពួកគេ​ប្រឡប់​មកវិញ​វិស្សមកាល​រដូវក្ដៅ​វិញ​។

អ្នក​យុទ្ធនាការ​បម្រែបម្រួល​អាកាសធាតុ Rosie Rogers បាន​ហៅ​វិធានការ​នេះ​ជា «​ការលើក​ទឹក​ចិត្ដ​»​។

សកម្មជន​សន្ដិភាព​បៃតង​មកពី​ចក្រភព​អង់គ្លេស​រូបនេះ​បាន​និយាយថា​៖ «​យើង​អំពាវនាវ​ដល់​អ្នកដទៃ​ទៀត​ឲ្យ​មាន​វិធានការ​បន្ទាន់ និង​រួមទាំង​ការកាត់បន្ថយ​ការវិនិយោគ​លើ​ឧស្ម័ន ប្រេង​គ្រប់​ប្រភេទ​ដើម្បី​ជា​កិច្ច​ឆ្លើយតប​នឹង​គ្រោះអាសន្ន​លើ​អាកាសធាតុ​»៕ HR