ក្រុងសៀមរាប: ដំណើរកម្សាន្ដទៅកាន់ទីក្រុងអច្ឆរិយៈអង្គរ ទេសចរសម្ពាយ ឬអ្នកចូលចិត្ដដើរលេងជាក្រុម ក៏អាចសាកល្បងបទពិសោធគេងជុំគ្នានៅក្នុងផ្ទះសំណាក់ 1953 Siem Reap Hostel កណ្ដាលក្រុងសៀមរាបប្រកបដោយបរិយាកាសស្ងប់ស្ងាត់ និងដើរកម្សាន្ដក្នុងតំបន់ភ្លើងពណ៌នារាត្រីនៅជិតបង្កើយ។
ស្ថិតនៅលើវិថីផ្សាររាត្រីអង្គរ និង ផាប់ស្ទ្រីត ចំណាយពេលដើរថ្មើរជើងប្រមាណតែ ៣ ទៅ ៥ នាទីពីផ្សាររាត្រីអង្គរ 1953 Siem Reap Hostel ជាផ្ទះស្នាក់ក្នុងទីប្រជុំជននៃសង្កាត់ស្វាយដង្គុំ ដែលភ្ញៀវអាចស្នាក់នៅរហូតដល់ ៦ នាក់ក្នុងមួយបន្ទប់។
លោក ចាន់ ផល្លា ជាម្ចាស់ផ្ទះស្នាក់ 1953 Siem Reap Hostel និងរមណីយដ្ឋានសួនទន្សាយ បានឲ្យដឹងថា បន្ទប់ដូមចំនួន ៣ មានគ្រែពី ៤ ដល់ ៦ គ្រែត្រួតលើគ្នា សរុប ២០ គ្រែ បន្ទប់ឯកជនចំនួន ៦ អាងហែលទឹក ១ ភោជនីយដ្ឋាន និងបារ៍សម្រាប់ស្វាគមន៍កម្មវិធីជួបជុំដ៏រីករាយ។
លោក ផល្លា រៀបរាប់ថា៖ «ចំពោះដូម ១ គ្រែតម្លៃ ៨ ដុល្លារក្នុង ១ យប់បន្ថែមអាហារពេលព្រឹក ហើយបន្ទប់ឯកជនគ្រែ១ ឬ២ មានតម្លៃពី ២០ ទៅ ២៥ ដុល្លារក្នុង ១ យប់ រួមទាំងអាហារពេលព្រឹកដូចគ្នា»។
ផ្ទះសំណាក់រចនាប័ទ្មបារាំង ដែលយោងតាមឈ្មោះឆ្នាំ នៅមុនកម្ពុជាទទួលបានឯករាជ្យនេះ បំពាក់ WiFi ដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវប្រើហើយនៅតាមមុខបន្ទប់នីមួយៗ មានរានហាលអាចឈរគន់អាងហែលទឹកផងដែរ។ ម្ហូបអាហារផ្គាប់ចិត្ដភ្ញៀវចម្រុះជនជាតិ ទាំងអាស៊ី និងអឺរ៉ុប។
ភ្ញៀវដែលទទួលបានបទពិសោធស្នាក់ក្នុងផ្ទះសំណាក់ 1953 Siem Reap Hostel លោក ម៉ាតធូរ បានសរសេរលើ airbnb កាលពីខែមីនាថា៖ «ក្នុងរយៈពេលធ្វើដំណើរ ៣ ខែទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខ្ញុំចូលចិត្ដទីនេះបំផុត។ បន្ទប់គ្មានស្នាមប្រឡាក់ គ្រែប្រកបដោយផាសុកភាព រួមទាំងអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់»។
បុរសមកពីអូស្ដ្រាលីរូបនេះបន្ដថា៖ «ផ្ទះស្នាក់នេះមានសុវត្ថិភាពល្អ ហើយខ្ញុំមិនចាំបាច់បារម្ភអ្វីទាំងអស់។ បុគ្គលិកជួយកក់សំបុត្រចូលទស្សនាតំបន់អង្គរឲ្យយើង ហើយយើងបានជួបអ្នកបើករ៉ឺម៉ករួសរាយនៅកម្ពុជា»។
លោក ចាន់ ផល្លា បានបន្ថែមថា ក្រៅពីទទួលភ្ញៀវស្នាក់នៅ 1953 Siem Reap Hostel ក៏ទទួលរៀបចំកម្មវិធីផ្សេងៗ ដូចជា ជប់លៀងបុគ្គលិក ពិធីខួបកំណើត រហូតដល់ម៉ោង ១២ កណ្ដាលអាធ្រាត្រ៕