ក្រុង​គួឡាឡាំពួ៖ការ​បង្អួត​​​​​រុក្ខជាតិ​​ត្រចៀក​ដំរី​ពី​សួន​ផ្កាបក្សី​ផ្លេមីងហ្គូ​ក្នុង​របង​ បាន​ក្លាយ​ជា​ទំនោរ​ថ្មី​អំឡុង​ពេល​ជាប់​បម្រាម​នៃ​វិបត្ដិកូវីដ ១៩ នៅ​ប្រទេស​ម៉ាឡេស៊ីជាទីដែល​សួន​ច្បារ​តាម​ផ្ទះ​កំពុង​តែ​បញ្ចេញ​សម្រស់​ស្គុះ​ស្គាយ។

អ្នក​ដាំ​ផ្កា​ព្យាយាម​ប្រមាញ់​ពូច​ផ្កា​ប្លែក​ៗ​ដែល​មាន​រូបភាព​ក្រឡេក្រឡា​ទាំងពណ៌​ក្រហម លឿងនិង​បៃតងព្រមទាំង​បាន​ចែក​រំលែក​បង្អួត​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

អ្នក​ប្រមាញ់​ផ្កា​ម្នាក់​ឈ្មោះ ឡៃអ៊ីស្ទើរ ស៊ុន បាន​ប្រាប់ AFP ពី​ផ្ទះ​ក្នុង​ក្រុង​គួឡាឡំាពួ​ ថា៖ «​ដូច​កំពុង​មើល​គំនូរ​អ៊ីចឹង។ ខ្ញុំ​ពិត​ជា​ចូលចិត្ដ​ស្លឹក​ត្រចៀក​ដំរី​ណាស់។ ការ​ថែទាំ​រុក្ខជាតិ​ទាំង​នេះ​មាន​ន័យថា ខ្ញុំ​អាច​បង្វែ​ចំណាប់​អារម្មណ៍​ពី​រឿង​ស្មុគ​ស្មាញ ហើយ​វា​ប្រសើរ​ជាង​ការ​តាម​ដាន​ពីតួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ​»។

រុក្ខជាតិ​ទាំង​នេះ​មាន​ឈ្មោះថា «​កេឡាឌី» ជា​ភាសា​អ្នក​ស្រុក​ម៉ាឡេ តែ​ទំនោរ​ដាំ​ពូជ​ផ្កា​ផ្សេង​ៗ ដូចជា អានធូរីម ឬ​ផ្កា​បក្សី​ផ្លេមីងហ្គូ និង​អាឡូស្យាសែន ដែលមាន​ពូជ​ខុស​ៗ​គ្នា រួមទាំង នាគ​ប្រាក់​ផង​ដែរ។

ធ្លាប់​តែ​មាន​តម្លៃថោក ​ដោយ​មាន​តម្រូវការ​ខ្ពស់ វាបាន​ឡើង​ថ្លៃ​កាលពី​ឆ្នាំ​មុន ពេល​បម្រាម​បានតម្រូវ​ឱ្យ​​ពលរដ្ឋ​ម៉ាឡេស៊ី​នៅតែ​ក្នុង​ផ្ទះ និង​អ្នក​ដាំ​ផ្កា​ជា​ច្រើន​ចាប់ផ្ដើម​បង្ហោះ​រូប​រុក្ខជាតិ​សំណព្វចិត្ដ​លើ​បណ្ដាញ​សង្គម។

ខណៈ​រុក្ខជាតិ​​ខ្លះ នៅមានតម្លៃត្រឹម ២០​ រីងហ្គីត (១៧ ០០០ រៀល​) រុក្ខជាតិ​កម្រ​ៗ​បំផុត​អាច​មាន​តម្លៃ​កើន​ឡើង ៦ ០០០ រីងហ្គីត (ជិត ៦​ លាន​រៀល​) ក្នុង​មួយ​ដើម។

លោក ស៊ុន បាន​និយាយ​ថា លោក​ចំណាយ​ប្រាក់​ជាង ២​ ម៉ឺន​រីងហ្គីត (៤ ៨០០ ដុល្លារ) លើ​ការ​ទិញ​រុក្ខជាតិ​ដាំ​លម្អ​ផ្ទះ​ត្រឹម​រយៈ​ពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

ដោដ កាស៊ីម ម្ចាស់កសិដ្ឋាន​បណ្ដុះ​រុក្ខជាតិ​ បាន​ប្រាប់ AFP នៅទីក្រុង​ Sungai Besarចម្ងាយ​ប្រមាណ ១០០​ គីឡូម៉ែត្រ​ភាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាយព្យ​ក្រុង​គួឡាឡាំពួ​ថា​៖ «​អំឡុង​ពេល​ជាប់​បម្រាម​ មនុស្ស​នៅ​ផ្ទះ​គិត​តែពី​រឿង​តុបតែង​ផ្ទះ​របស់​ខ្លួន។ ពួកគេអាច​សម្លឹង​រក​មើល​រុក្ខជាតិ​ប្លែក​ៗ​ ដែល​អាច​ជួយ​រំសាយ​ស្ដ្រេស​»។

លោកដោដដែល​ជា​អ្នក​ចូលចិត្ដ​សួន​ច្បារ​ផង​នោះបាន​និយាយ​ថាលោក​ចាប់​ផ្ដើម​លក់​រុក្ខជាតិ​កេឡាឌីតាំងពី​ចុង​ឆ្នាំ​ ២០១៨ តែ​តម្រូវ​ការ​បាន​ផ្ទុះ​ឡើង​អំឡុង​ពេល​វិបត្ដិ​កូវីដ​នេះ។

ស្ទើរ​តែពាក់​កណ្ដាល​នៃការ​ច្នៃ​បណ្ដុះ​រុក្ខជាតិ​ថ្មីៗ​ឥឡូវ​ប្រើ​រុក្ខជាតិ​ប្រភេទនេះ ជាមួយ​ពូជ​មក​ពី​បរទេស​ ដូចជា ថៃ ចិន សហរដ្ឋ​អាមេរិក និង​ហូឡង់​ជាដើម។

ឈរ​នៅ​ក្បែរ​រុក្ខជាតិ​រាប់​ពាន់​ផើងលោកដោដបាន​និយាយ​ថាការ​ពេញ​និយម​នេះ​នៅតែ​បន្ដទោះបីជា​អាជ្ញាធរ​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​បម្រាម​យ៉ាង​ណា​ក៏ដោយ។

ម៉ាឡេស៊ី ​​ដាក់​បម្រាម​គោលចរណ៍​លើកដំបូង​កាលពី​ឆ្នាំ​មុន​ភ្លាម​ៗ​បន្ទាប់​ពី​វិបត្ដិ​កូវីដ​ចាប់​ផ្ដើម និង​ត្រូវ​អនុវត្ដ​ការ​រឹត​បណ្ដឹង​ម្ដង​ទៀត​ក្នុង​ខែ​មករា​នេះពេល​រលក​ថ្មី​បាន​មក​ដល់ តែ​ការ​ផ្ទុះ​រីករាល​ដាល​មានសភាព​យឺតៗ។

អាជ្ញាធរ​សុខាភិបាល​បាន​រាយ​ការណ៍​ការ​ឆ្លង​វីរុសជាង ៣០ ​ម៉ឺន​ករណី​ និង​ស្លាប់​ជាង ១ ​ពាន់​នាក់៕ AFP/HR