ក្រុងប៉ារីស : ដំណាំកាហ្វេព្រៃ ៣ ក្នុងចំណោម ៥ ប្រភេទកំពុងប្រឈមនឹងការផុតពូជ ខណៈផែនដីជួបបម្រែបម្រួលអាកាសធាតុដ៏អាក្រក់រួមទាំងជំងឺ និងការបំផ្លិចបំផ្លាញព្រៃឈើអាចរុញច្រានភេសជ្ជៈដ៏ពេញនិយមនេះបំផុតក្នុងលោកនាពេលអនាគតរលត់រលាយ។ នេះបើយោងតាមការព្រមានពីការស្រាវជ្រាវថ្មីដែលចេញផ្សាយកាលពីថ្ងៃពុធ។
កាហ្វេជាង ២ ពាន់លានពែងត្រូវបានទទួលទានរៀងរាល់ថ្ងៃ តែឧស្សាហកម្មនេះពឹងអាស្រ័យទាំងស្រុងលើដំណាំព្រៃដែលដាំដុះតែប៉ុន្មានតំបន់ដើម្បីរក្សាផ្គត់ផ្គង់ទីផ្សារដ៏ធំសម្បើម និងប្រឈមពីសត្វល្អិតបំផ្លាញ។
ក្រុមអ្នកវិទ្យាសាស្ដ្រមកពីឧទ្យាន Kew Royal Botanic Gardens ចក្រភពអង់គ្លេសបានឲ្យដឹងថា ដំណាំកាហ្វេ ៧៥ ប្រភេទត្រូវបានវាយតម្លៃជារុក្ខជាតិរងការគំរាមកំហែងផុតពូជបំផុត ១៣ ប្រភេទប្រឈមការរលត់រលាយធ្ងន់ធ្ងរ និង ៤០ ប្រភេទជិតផុតពូជរួមទាំងកាហ្វេអារ៉ាប៊ីកា និង ២២ ប្រភេទជិតរងគ្រោះ។
Aaron Davis ប្រធានផ្នែកស្រាវជ្រាវកាហ្វេនៅ Kew បានប្រាប់ AFP ថា៖ «ប្រភេទកាហ្វេខ្លះរកលែងបានដែលវាអាចដុះតែនៅតំបន់មួយចំនួនតូច ហើយខ្លះទៀតជាដំណាំនៅសល់តែទំហំប៉ុនតារាងបាល់ទាត់ប៉ុណ្ណោះ»។
ផលិតផលកាហ្វេសកលថ្មីៗនេះពឹងអាស្រ័យលើពូជដំណាំតែ ២ ប្រភេទគឺ អារ៉ាប៊ីកា និងរ៉ូប៊ូស្ដា៕ HR