
អ្នកសារព័តមានពីប្រទេសកម្ពុជាធ្វើការបើកបររថយន្ត Porsche 911 Carrera Tពណ៌លឿងស្រស់ នៅប្រទេសសិង្ហបុរី។ រូបថតសហការី
សិង្ហបុរី : ជាប្រទេសអភិវឌ្ឍជឿនលឿន ជាមួយបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់សម្ភារៈប្រ៊េនៗ នៅលើដងវិថីដ៏បៃតងខ្ចីរបស់សិង្ហបុរី ក៏សម្បូរទៅដោយអ្នកបើកបររថយន្តស៊េរីថ្មីឡូយឆាយ ជាពិសេសយុវវ័យ និងអ្នកជំនួញ។
ដើម្បីទទួលបានបទពិសោធបើកបររថយន្តទំនើប លើទឹកដីដ៏ស៊ីវិល័យ ក្រុមហ៊ុន Porsche ប្រចាំប្រទេសសិង្ហបុរី បានអញ្ចើញអ្នកសារព័ត៌មានខ្មែរពីររូបពី ប្រទេសកម្ពុជាទៅសាកល្បងបើករថយន្តស៊េរីថ្មីទំនើបលក្ខណៈស្ព័រ គឺរថយន្ត Porsche 911 Carrera T។
ជារថយន្តស៊េរីថ្មីបំផុត ពណ៌ឆើតឆាយ រចនាមកសម្រាប់អ្នក ដែលចូលចិត្តលេងពណ៌រថយន្ត ឬអ្នកផ្លាស់ប្តូរអារម្មណ៍ពីការបើកបររថយន្តពណ៌ធម្មតាមកបើករថយន្តពណ៌លេចធ្លោជាងគេនៅលើដងផ្លូវវិញម្តង។
បទពិសោធដំបូងនៃការបើកបររថយន្ត Porsche 911 Carrera Tពណ៌លឿងស្រស់នេះ នឹងធ្វើឲ្យអ្នកបើកបរមានអារម្មណ៍រំភើបចាប់តាំងពីការឈានជើងចូលរថយន្តនេះភ្លាម។
រថយន្តប្រភេទនេះត្រូវបានផលិតក្នុងចំនួនកំណត់ជាពិសេស និងរចនាខុសពីរថយន្តធម្មតា ហើយចំណុចពិសេសរបស់រថយន្តនេះត្រង់ថា អ្នកផលិតបានព្យាយាមច្នៃប្រឌិតយ៉ាងណាឲ្យវាមានទម្ងន់ស្រាលបំផុត ជាងស៊េរីមុនៗ។

ការបើកបររថយន្ត Porsche 911 Carrera T ពណ៌លឿងស្រស់ នៅលើដងវិថីដ៏បៃតងខ្ចីរបស់សិង្ហបុរី ។រូបថតសហការី
បរិក្ខានៅខាងក្នុងរថយន្ត មានកៅអីអង្គុយបំពាក់ដោយពូកទន់ស្រួលខ្លួន ផ្ដល់ផាសុកភាពល្អ។ ចំណែកឯទ្វារបើកក្នុងរថយន្តវិញ គេប្រើជាខ្សែពណ៌លឿងសម្រាប់ទាញបិទបើក ក្រោមហេតុផលគឺចង់កាត់បន្ថយទម្ងន់ឲ្យបានច្រើន។
ការបើកបរក្នុងរថយន្ត Porsche 911 Carrera T នៅលើផ្លូវហាយវេក្នុងប្រទេសសិង្ហបុរីគឺពិតជាអស្ចារ្យ ដោយសារតែសមត្ថភាពរបស់រថយន្តបង្កើនបានសន្ទុះល្បឿនលឿន ហើយការជាន់ហ្វ្រាំងស៊ីល្អមិនកញ្ឆក់ៗ ឬមួយក៏រ៉េកង់នោះឡើយ។
ទោះបីជាវាមានទម្ងន់ស្រាលក្ដី ពេលបើកបរលឿនខ្លាំងយ៉ាងណាក៏រថយន្តស្ព័រ Porsche 911 Carrera T វាមិនញ័ររង្គើដែរ។ វានៅរក្សាលំនឹង ម៉ាស៊ីនស្ងាត់ល្អ មិនរងសម្លេងរំខានពីខាងក្រៅ។ សម្រាប់ការបើកបរនៅលើវិថីហាយវ៉េ នៃប្រទេសសិង្ហបុរី អ្នកបើកបរអាចកាន់ចង្កូត និងរីករាយគយគន់ទេសភាព ដើមឈើពណ៌បៃតង និងផ្កាដុះអមសងខាងផ្លូវដ៏ស្រស់ស្រាយ។
រយៈពេល២ម៉ោង ក្រុមអ្នកសារព័ត៌មានបានជិះរថយន្ត Porsche 911 Carrera T ទស្សនាទេសភាពទីក្រុងសិង្ហបុរី សឹងតែពេញប្រទេស ដោយសារតែទីក្រុងនេះតូច។ ណាមួយការបើករថយន្ត Porsche 911 Carrera T មានផាសុកភាព មិនធ្វើឲ្យនឿយហត់ក្នុងការបើកបរ។ អ៊ីចឹងការជិះរបស់យើងគឺពិតជាមានភាពសប្បាយរីករាយមែនទែន។ ជាពិសេសមានអ្នកជំនាញគាត់ជិះអមជាមួយបានពន្យល់ច្បាស់ពីរថយន្ត នៃការបើកបរលើផ្លូវហាយវ៉េ និងអត្ថប្រយោជន៍ជាច្រើនរបស់រថយន្តនេះ៕

អ្នកបើកមកទាំងពីររូប ពីប្រទេសកម្ពុជា ថតរូបជាមួយនិងអ្នកជំនាញបើកបរ ក្នុងប្រទេសសិង្ហបុរី។ រូបថតសហការី