ក្រុង​ញូវដែលី: មន្ដ្រី បាន​ឲ្យ​ដឹង​កាលពីថ្ងៃ​ពុធ​ថា ដំរី​ពពោះ​កូន​មួយ​ក្បាល​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​ឥណ្ឌា ក្រោយ​ពីបាន​ស៊ី​ផ្លែ​ឈើ​ញាត់​គ្រឿង​ផ្ទុះ​ ដែល​បង្ក​ជា​កំហឹង​លើការ​ប្រើ​ប្រាស់​អន្លាក់​ការពារ​ដំណាំ និង​ផ្ទះ​សម្បែង។

ដំរីព្រៃ​​ដើរ​លុក​លុយ​ក្នុង​ភូមិ​ក្បែរ​ឧទ្យាន​ជាតិ​ជ្រលង​សម្ងាត់ ភាគ​ខាង​ត្បូង​រដ្ឋ​កេរ៉េឡា កាលពី​ថ្ងៃ​ពុធ នៅពេល​វា​ស៊ី​ផ្លែ​ឈើ​ទុំ ដែល​ជឿ​ថាជា​ផ្លែ​ម្នាស់ ញាត់​គ្រឿង​ផ្ទុះ​ បាន​បង្ក​របួស​មាត់​យ៉ាង​ធ្ងន់​ធ្ងរ។ នេះ​បើ​យោងតាម​ក្រុម​មន្ដ្រី​ឥណ្ឌា។

ប្រធាន​ឆ្មាំ​អនុរក្ស​សត្វ​ព្រៃ​រដ្ឋ​កេរ៉េឡា ស៊ូរ៉េនត្រា គូម៉ា បាន​ប្រាប់ AFP ថា​៖ «យើង​កំពុង​ស៊ើប​អង្កេត​ពី​ប្រភេទ​គ្រឿងផ្ទះ ព្រមទាំង​ចំណី​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដំរី​ញី​នេះ​»។

លោក គូម៉ា បាន​បន្ដថា អ្នក​ភូមិ​ក្នុង​តំបន់​តែងតែ​ប្រើ​ផាវ ឬ​គ្រឿង​ផ្ទះ​ផ្សេង​ទៀត​ញាត់​ក្នុង​ផ្លែ​ម្នាស់ ដែល​មាន​មុខងារ​ដូច​គ្រាប់​មីន​ប្រើ​សម្ពាធ​ ដើម្បី​ការងារ​ស្រែ​ពី​សត្វ​ព្រៃ​បំផ្លាញ។

ឧប្បត្ដិហេតុ​ស្រដៀង​គ្នា​មួយ​ទៀត បាន​កើត​ឡើង​កាល​ពី​មួយ​ខែ​មុន នៅពេល​ដំរី​ញី​មួយ​ក្បាល​ត្រូវបាន​ប្រទះ​ឃើញ​រង​របួសមាត់​​ធ្ងន់​ក្នុង​ស្រុក​ក្បែរ​ខាង។

វាក៏​បាន​ស្លាប់​ដោយសារ​របួស​នោះ​ផង​ដែរ។

ដំរី​នៅតែត្រូវបានពលរដ្ឋ​ឥណ្ឌា​មួយចំនួន​ប្រើប្រាស់ជា​សត្វ​សម្រាប់ការដឹកជញ្ជូន។ រូបថត AFP

នៅ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​នាំ​គ្នា​បញ្ចេញ​កំហឹង​ក្រោយ​ពី​មន្ដ្រី​រុក្ខ​បង្ហោះ​លើ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​សៅរ៍ ទទួល​បាន​ប្រតិកម្ម​ជិត ១ ម៉ឺន​សំណេរ។

មហាន់ គ្រីស្នាន់ បាន​សរសេរ​ថា​៖ «​ដំរីញី​នោះ​មិន​បាន​ប៉ះពាល់​ដល់​មនុស្ស​ណា​ម្នាក់​ទេ​ ទោះ​ពេល​វា​រត់​ទាំង​ក្ដី​ឈឺ​ចាប់​តាម​ដង​ផ្លូវ​ក្នុង​ភូមិ​យ៉ាង​ណា​ក៏​ដោយ​»។

ឥណ្ឌា​បាន​បាត់​បង់​ព្រៃ​ឈើ​ពី​គម្រោង​ពង្រីក​ទីក្រុង​នា​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ ដោយ​បង្ខំ​សត្វ​ព្រៃ​មក​កាន់តែ​កៀក​ភូមិ​ឋាន​មនុស្ស​ ដែល​ជា​លទ្ធផល​ វា​បង្កើន​ហានិភ័យ​រវាង​មនុស្ស និង​សត្វ។

មនុស្ស​ប្រមាណ ២ ៣៦០ នាក់ ​ត្រូវបាន​សម្លាប់​ពី​ការវាយ​ប្រហារ​ដោយ​សត្វ​ដំរី ចន្លោះ​ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៩។ នេះ​បើ​យោងតាម​ទិន្នន័យ​កត់ត្រា​ដោយ​រដ្ឋាភិបាល។

ដំរី​ប្រមាណ ៥១០ ក្បាល​ បាន​ស្លាប់​អំឡុង​ពេល​ដូច​គ្នា រួមមាន ៣៣៣ ក្បាល​ស្លាប់​ដោយសារ​ឆក់​ខ្សែ​ភ្លើង និង​ប្រមាណ ១០០ ក្បាល​ទៀត​ រង​គ្រោះ​ព្រោះ​ការ​បរបាញ់ និង​ថ្នាំ​ពុល​៕ AFP/HR

រូបភាព​ខាង​ក្រោម​នេះ បង្ហាញ​ពី​​ទំនាក់ទំនង​​រវាង​សត្វ​ដំរី និង​ពលរដ្ឋ​ឥណ្ឌា៖

ដំរី​ត្រូវ​បានពលរដ្ឋឥណ្ឌាខ្លះ​គោរពស្រឡាញ់ តែ​ក៏ជាសត្វ​ដែល​​មនុស្ស​មួយចំនួនទៀត​បារម្ភខ្លាច​បង្កគ្រោះថ្នាក់ដល់ជម្រក និង​ដំណាំ។ រូបថត AFP

រូបភាព​កាលបី​ចុង​ឆ្នាំ ២០១៧ បង្ហាញ អ្នកភូមិ​ឥណ្ឌានាំគ្នាឈរមើល​ហ្វូង​ដំរីព្រៃ ៤៦ ក្បាល ដើរ​កាត់​ដំណាំ​តែ នៅ​ចម្ងាយ ៣៨ គីឡូម៉ែត្រ ពី​ក្រុង ស៊ីលីហ្គូរី។ រូបថត AFP

ហ្វូង​ដំរី​ដើរ​​ឆ្លង​កាត់​ផ្លូវ​ថ្នល់​នៅ​ប្រទេស​ឥណ្ឌា។ រូបថត AFP

ដំរី​នៅតែត្រូវបានពលរដ្ឋ​ឥណ្ឌា​មួយចំនួន​ប្រើប្រាស់ជា​សត្វ​សម្រាប់ការដឹកជញ្ជូន។ រូបថត AFP

រូបភាព​កាលបី​ចុង​ឆ្នាំ ២០១៧ បង្ហាញ អ្នកភូមិ​ឥណ្ឌានាំគ្នាឈរមើល​ហ្វូង​ដំរីព្រៃ ៤៦ ក្បាល ដើរ​កាត់​ដំណាំ​តែ។ រូបថត AFP

អ្នកភូមិ​ឥណ្ឌា​សម្លឹង​មើល​សត្វ​ដំរី​រង​របួស​​ដោយ​ត្រូវ​រថភ្លើង​បុក កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៩។ រូបថត AFP

រូបឆ្វេង : ដំរី​ត្រូវបាន​គេ​ចាក់ថ្នាំ​សណ្ដំ ដោយសារ​តែ​វា​បានសម្លាប់​មនុស្ស ៥ នាក់​នៅឥណ្ឌា។ រូបស្តាំ : ហ្វូង​ដំរី​បំផ្លាញ​ដំណាំ​​ពលរដ្ឋ​ឥណ្ឌា។ រូបថត AFP

អ្នកភូមិឥណ្ឌា​បួងសួង​ដល់​សព​ដំរី​ញី​ ២ ក្បាល ដែល​ងាប់ដោយសារ​ឆក់ខ្សែភ្លើង នៅ​ឧទ្យាន​ដំណាំ​តែ កាលពីខែ​កញ្ញា ឆ្នាំ ២០១៦។ រូបថត AFP