ក្រុង​បាងកក៖ ការ​អបអរ​បុណ្យ​គ្រិស្ដស្មាស់ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ដំរី​របស់​ថៃ​បាន​ផ្សារ​ភ្ជាប់​គ្នា​កាល​ពី​ថ្ងៃ​ពុធ ពេល​សត្វ​យក្ស ៤ ​ក្បាល​ ត្រូវ​បាន​​គ្រង​ឈុត​​តាណូអែល និង​បង្ហាញ​ខ្លួន​នៅ​​សាលារៀន​មួយ​កន្លែង​ខាង​ក្រៅ​ក្រុង​បាងកក​ ដោយ​មាន​ការ​ពាក់​ម៉ាស​ការពារ​​វីរុស​កូរ៉ូណា​ផង​ដែរ​។

កុមារ​ក្នុង​សភាព​ត្រេក​អរ​នៅ​សាលារៀន​ ជីរ៉ាសាត វីតាយ៉ា នៅ​អាយុធ្យា បាន​បន្លឺ​ចម្រៀង​គ្រិស្ដស្មាស់​ និង​ឈរ​តម្រង់​ជួរ ​ដើម្បី​ថតរូប​ជាមួយ​ដំរី​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ប្រចាំ​ឆ្នាំ​។

ដំរី​ ស្រី​ មង្គល អាយុ ១៤ ​ឆ្នាំ ស្រី ​រ៉ាយ៉ា អាយុ ៦ ​ឆ្នាំ ភេតធ័រ អាយុ ១៥ ​ឆ្នាំ និង ​ឃីង កែវ អាយុ ១៨ ​ឆ្នាំ បាន​ប្រើ​ប្រមោយ​កាន់​កន្ត្រក​ដាក់​ម៉ាស់​ ​ដើម្បី​ផ្ដល់​ឱ្យ​កុមារ​ និង​អ្នក​ដំណើរ​ខាង​ក្រៅ​សាលារៀន​។

គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​​វិទ្យាសាស្ដ្រ​ ប្រេត បាកធ័រ បាន​និយាយ​ថា ព្រឹត្ដិការណ៍​នេះ​បាន​នាំ​មក​នូវ​ភាព​ស្រស់​បំព្រង​នៃ​កម្មវិធី​បុណ្យ​ដ៏​វិសេស​ ដែល​រួម​បញ្ចូល​ប្រពៃណី​ថៃ​។

លោក​បាន​និយាយ​ថា​៖ «​វា​ពិត​ជា​អស្ចារ្យ​សម្រាប់​ក្មេងៗ​។ វា​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​វប្បធម៌ ​២។ វា​មិន​មែន​ផ្ដោត​លើ​តែ​តាណូអែល​នោះ​ទេ វប្បធម៌​របស់​ថៃ ​គឺ​ផ្ដោត​ជា​សំខាន់​លើ​សត្វ​ដំរី​»។

អាយុធ្យា អតីត​រាជធានី​បុរាណ​​របស់​សៀម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ប្រទេស​ថៃ ត្រូវ​បាន​ចាត់​ទុក​ជា​ទី​កន្លែង​កំណើត​សហគមន៍​​កាតូលីក​ក្នុង​រាជាណាចក្រ​មួយ​នេះ។ បេសកជន​​គ្រិស្ដ​សាសនា​របស់​អឺរ៉ុប​បាន​កសាង​ព្រះវិហារ​មួយ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​ចៅ​ផាយ៉ា​ កាល​ពី ៣ ​សតវត្សរ៍​មុន​។

ដំរី​​​ប្រើ​ប្រមោយ​កាន់​កន្ត្រកដាក់ម៉ាស់​​ដើម្បី​ផ្ដល់​ឱ្យ​កុមារ​ និង​អ្នក​ដំណើរ​ខាង​ក្រៅ​សាលារៀន នៅអយុធ្យា​​​។ រូបថត AFP

អ៊ីតទីផាន ផាវឡាម៉ៃ អ្នក​គ្រប់គ្រង​វិមាន​ដំរី​នៃ​ទីក្រុង​អាយុធ្យា ជា​ទី​កន្លែង​ដែល​សត្វ​ត្រូវ​បាន​ថែរក្សា​បាន​និយាយ​ថា ការ​ទស្សនកិច្ច​នៅ​សាលារៀន​ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល ១៧ ​ឆ្នាំ​។

លោក​បាន​ប្រាប់ AFP ថា​៖ «​ឆ្នាំ​នេះ ដោយសារ​វិបត្ដិ​កូវីដ ព្រម​ទាំង​ការ​ផ្ទុះ​ឡើង​នា​ពេល​ថ្មីៗ​នេះ យើង​ប្រើ​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​»។

ថៃ​ជា​ប្រទេស​មាន​ប្រជាជន ៧០ ​លាន​នាក់ បាន​ចុះ​បញ្ជី​អ្នក​​កើត​ជំងឺ​កូវីដ​ជាង ៥ ៧០០ ​នាក់ ដោយ​គ្រាន់​តែ​នៅ​មួយ​សប្ដាហ៍​ចុង​ក្រោយ ផ្សារ​គ្រឿង​សមុទ្រ​នៃ​ខេត្ដ​សាមុត​សាខន មាន​អ្នក​ឆ្លង​ជាង ១ ​ពាន់​នាក់​ឯណោះ​។

ប៉ុន្ដែ​ប្រពៃណី​បុណ្យ​គ្រិស្ដស្មាស់​នេះ មិន​សុទ្ធ​តែ​ផ្គាប់​ចិត្ដ​បុគ្គល​គ្រប់​រូប​នោះ​ឡើយ​។

លោក ​Jan Schmidt-Burbach ពេទ្យ​សត្វ​​​ព្រៃ​ និង​អ្នក​​ប្រឹក្សា​ឲ្យ​អង្គការ​ការពារ​សត្វ​ពិភព​លោក​បាន​និយាយ​ថា ការ​នាំ​យក​ដំរី​ទៅ​សាលារៀន​​សម្រាប់​ជា​ទស្សនីយភាព​សាធារណៈ​ ហាក់​មិន​សម​ទំនង និង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។

លោក​បាន​ប្រាប់ AFP ថា​៖ «​កុមារ​នឹង​ចាត់​ទុក​ដំរី​ជា​សត្វ​សម្រាប់​លេង​សប្បាយ​ជាជាង​សត្វ​ព្រៃ​រស់នៅ​ក្នុង​ជម្រក​ធម្មជាតិ​។ ហ្ម​ដំរី​ត្រូវ​ឲ្យ​ប្រាកដ​ថា ខ្លួន​អាច​គ្រប់គ្រង​ដំរី​។ ដំរី​អាច​ចុះ​ប្រេង និង​បាត់បង់​ម្ចាស់​ការ ហើយ​វា​អាច​បង្ក​របួង និង​សម្លាប់​មនុស្ស​បាន​»។

ប៉ុន្តែ​​លោក អ៊ីតទីផាន បាន​អះអាង​ថា​៖ «ដំរី​​រមែង​សាំង​ទៅ​នឹង​ការ​រស់នៅ​របស់​ពលរដ្ឋ​ថៃ​»៕ AFP/HR