ក្រុងបាងកក៖ ដំរី ​១ ពាន់​ក្បាល​​​​ប្រឈម​ភាព​ស្រេក​​ឃ្លាន ​​ធ្វើ​ដំណើរ​​​​ឆ្លង​កាត់​​​ជួរ​ភ្នំ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ ​ដែល​ជា​ដំណើរ​​គើមៗ ​​វិល​ទៅ​ជម្រក​ពី​តំបន់​ទេសចរណ៍​ដែល​បង្ខំ​បិទ​ទ្វារ​​ព្រោះ​តែ​ជំងឺ​រាត​ត្បាត​។

ជម្រក​​ហ្វូង​ដំរី​​មួយ​ចំនួន​​នៅ​​​ភាគ​ខាង​ជើង​ភូមិ​​ហួយផា​គូត ជា​ទី​​ដែល​ជនជាតិ​ដើម​ភាគ​តិច​ការ៉ែន ​ឬ​ហ្ម​ដំរី​ជា​ច្រើន ​​​ចិញ្ចឹម​ថនិក​សត្វ​យក្ស​នេះ​ក្នុង​រយៈពេល​ ៤ ​សតវត្សរ៍​មក​ហើយ​។

តែ​វា​ស្ថិត​នៅ​ម្តុំ​មជ្ឈមណ្ឌល​ទេសចរណ៍​ឈៀងម៉ៃ​ ​ចម្ងាយ​ ១៨០ គីឡូម៉ែត្រ ដែល​​ហ្មដំរី​​ និង​ដំរី​ជាច្រើន​ធ្វើ​ការ​រួម ដោយ​ការ​សម្ដែង​សមត្ថភាព​តិចតួច​ជា​ថ្នូរ​នឹង​ប្រាក់​ពី​ភ្ញៀវ​ទេសចរ​បរទេស​​​។

បញ្ហា​ចម្រូងចម្រាស​នៅ​ជំរំ​ដំរី​​ខ្លះ​ដែល​​ប្រើ​វិធីសាស្ដ្រ​បំពាន​លើ​សត្វ​ក្នុង​ការ​បង្វឹក​ដំរី ​ដើម្បី​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ​​ដែល​​ចង់​ទទួល​​បទពិសោធ​ជាមួយ​ដំរី​ម្ដង​ក្នុង​ឆាក​ជីវិត​​។ ​

ខណៈ​​​កូរ៉ូណា​​​បង្អាក់​សកម្ម-ភាព​​ដល់​​ដំណើរ​​កម្សាន្ដ​ទូទាំង​ពិភព​លោក ​និង​​បិទ​ឧទ្យាន​ជា​ច្រើន​នៅ​ពាក់​កណ្តាល​​ខែ​មីនា​ សត្វ​ដំរី​ស្រុក​​ប្រមាណ​​ ៣ ០០០ ក្បាល​ក៏​អស់​ការងារ​ធ្វើ​​​ដែរ​​។ ដំរី​​ជា​ច្រើន​ក្បាល​ ដែល​​​ស្ថិត​ក្នុង​​ហានិភ័យ​នៃ​ភាព​អត់​ឃ្លាន​ ​​ត្រូវ​បាន​នាំ​ទៅ​ជម្រក​​វិញ​។

លោក ​ឆៃយ៉ាផន ​វ័យ ​៣៥ ​ឆ្នាំ​ ជា​ហ្ម​​ដំរី​ ​១៥ ឆ្នាំ​ ​​​ប្រាប់​​ AFP ពេល​មក​ដល់​ភូមិ​ហួយ​ផាគូត​ថា​៖ «​ពួក​វា​​​មាន​ការ​នឿយ​ហត់ តែ​ក៏​​សប្បាយ​ចិត្ត​ដែរ​។ ​​ពួកវា​ពិត​​មាន​ការ​ចងចាំ​ល្អ​ណាស់។ ​​ប្រហែល​​ក្រោយ​ពី​អវត្ដមាន​​​ជា​ច្រើន​ឆ្នាំ​ ​ទី​បំផុត​ពួក​វា​បាន​​​មក​ផ្ទះ​ពួក​វា​វិញ​ហើយ»។

លោក ធីរ៉ាផាត់ ត្រុងប្រាកាន់​ ​ប្រធាន​សមាគម​សម្ព័ន្ធ​ដំរី​ថៃ ​​បាន​ឲ្យ​ដឹង​ថា ​សត្វ​ដំរី​ប្រហែល​ ​១ ០០០ ​ក្បាល ​និង​ហ្មដំរី​បាន​វិល​ត្រឡប់​មក​ភូមិ​​វិញ​ក្នុង​រយៈពេល​ ២ ​ខែ​កន្លង​មក​នេះ​។

លោក​​និយាយ​​ថា​៖ «​​ការ​ធ្វើ​ដំណើរ​វិល​វិញ​ដ៏​ច្រើន​សន្ធឹក​​ក្នុង​រយៈពេល​ដ៏​ខ្លី​ ពិត​ជា​មាន​ចំនួន​ច្រើន​លើស​លប់​ ​មិន​ធ្លាប់​មាន​​​នៅ​ក្នុង​ប្រទេស​នេះ​ទេ»​។

ប៉ុន្តែ​ការ​ត្រឡប់​មក​ផ្ទះ​វិញ​មិន​មែន​ថា​គ្មាន​បញ្ហា​នោះ​ទេ​។ ជា​ធម្មតា នៅ​ភូមិ​ហួយផាគូត ​មាន​ដំរី​តិច​ជាង​ ១០ ​ក្បាល​​ប៉ុណ្ណោះ​​។ សព្វ​ថ្ងៃ​នេះ ដំរី​​ជាង ​៩០ ក្បាល ​កំពុង​រស់​នៅ​ក្បែរ​អ្នក​ភូមិ​ ៤០០ នាក់​។​

ព្រៃ​ក្រាស់​​ព័ទ្ធ​ជុំវិញ​ភូមិ ​ត្រូវ​បាន​គេ​ឈូសឆាយ​ដើម្បី​យក​ដី​សម្រាប់​ការ​ដាំ​ដុះ​ពោត ហើយ​ក៏​មិន​អាច​ផ្គត់ផ្គង់​ហ្វូង​ដំរី​ដ៏​ច្រើន​បែប​នោះ​បាន​ឡើយ​។ ​

ខណៈ​​​ដំរី​ខ្លះ​ត្រូវ​​ដេក​​ក្រោយ​ផ្ទះ​ ដំរី​ភាគ​ច្រើន​ដេក​​ក្នុង​ព្រៃ​ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​​ហ្ម​របស់​ពួក​វា​​។ ប៉ុន្តែ​ពេល​ខ្លះ​ពួក​វា​បាន​គេច​ដើរ​ទៅ​លេង​ជុំវិញ​ដី​ស្រែ​ចម្ការ​ ដែល​​អាច​​រង​ការ​ធ្វើ​បាប​ពី​ប្រជាជន ​ដែល​ព្យាយាម​ការពារ​ដំណាំ​របស់​ពួក​គេ​។

មាន​ការ​ព្រួយ​បារម្ភ​ថា ​ហ្ម​ដំរី​​​អាច​ងាក​ទៅ​​ប្រក​បរបរ​កាប់​ឈើ​ខុស​ច្បាប់ ដែល​កំពុង​តែ​​ប្រតិបត្តិការ​នៅ​តាម​បរិវេណ​ព្រំដែន​ថៃ​-មីយ៉ាន់ម៉ា​។

លោក ស៊ីនឆៃ ចូរឿនប៊ុនផុដ ជា​ហ្ម​ដំរី អាយុ ៣៧ ឆ្នាំ ដែល​​​ដំរី​​​លោក​​មិន​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​ជំរំ​ទេសចរណ៍​ ​​ប្រាប់ ​AFP ថា ​លោក​​ពិត​ជា​ត្រេកអរ​ចំពោះ​ការ​ត្រឡប់​មក​វិញ​របស់​ដំរី​ដទៃ​ទៀត​​ ព្រោះ​ដំរី​ខ្លះ​​លោក​​​មិន​បាន​​​ឃើញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​​​ថា​៖ «​ខ្ញុំ​ធំ​ដឹង​ក្ដី​មក​ជាមួយ​ពួក​វា​ ហើយ​​ពួក​វា​ដូច​ជា​បង​ប្អូន​​ខ្ញុំ​អ៊ីចឹង​»​៕ AFP/RS