ក្រុង​ញូវដែលី: ដំរី​ព្រៃ​មួយ​ក្បាល​ដែល​ធ្លាក់​ចូល​អណ្ដូង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ ត្រូវបាន​ស្ទូច​ឡើង​ដោយ​រថយន្ដ​ស្ទូច​ ក្រោម​បេសកកម្ម​សង្គ្រោះ​ ១៦​ ម៉ោង​ ពី​សំណាក់​ឆ្មាំ​​អនុរ័ក្សព្រៃ​ និង​ក្រុម​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​នាក់។

ដំរី​បាន​ធ្លាក់​ចូល​អណ្ដូង​ជម្រៅ​ជាង ២​០ ម៉ែត្រ​ ក្រោយ​ពី​វា​ដើរ​ត្រាច់​ចរ​តាម​ភូមិ​មួយ​ក្នុង​រដ្ឋ​តាមីល ណាឌូ កាលពី​សប្ដាហ៍​មុនដើម្បី​ស្វែង​រក​ចំណី។

ឆ្មាំ​អនុរ័ក្ស​ព្រៃ​ លោក រ៉ាកគូម៉ា បាន​ប្រាប់​ AFP ថា​៖ «​អ្នក​ភូមិ​បាន​ឮ​សំឡេង​ និង​ឃើញ​ដំរី​នោះ​ធ្លាក់​ចូល​អណ្ដូង។ ពួកគេ​ជឿ​ថា វា​ទំនង​ជា​ចង់​រត់​គេច​ពី​ហ្វូង​ឆ្កែ​»។

ដោយ​មាន​ការ​ភ័យ​ខ្លាច អ្នក​ភូមិបាន​ហៅ​អាជ្ញាធរ​ ពេល​ពួកគេ​ដឹងថា ដំរី​មួយ​ក្បាល​អាច​ងាប់​ បើ​មិន​មាន​ការ​សង្គ្រោះ។ ឆ្មាំ​ និង​ក្រុម​ពន្លត់​អគ្គីភ័យ​ប្រមាណ ៥០ ​នាក់​ បាន​ទៅដល់​កន្លែង​កើត​ហេតុ ជា​ទី​ដែល​ពួកគេ​ព្យាយាម​បូម​ទឹក​ចេញ​ពី​អណ្ដូង​ តែ​សត្វ​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច​តែងតែ​គេច​ពី​ឧបករណ៍​សង្គ្រោះ។

ក្រុម​សង្គ្រោះ​ព្យាយាម​បាញ់​ថ្នាំ​សណ្ដំ​លើ​ដំរី​កម្ពស់ ២,៤​ ម៉ែត្រ។ លោក រ៉ាកគូម៉ា បាន​និយាយ​ថា​៖ «​ក្រោយ​ប៉ុន​ប៉ង ៣​ ដង យើង​អាច​សង្គ្រោះ​វា​ដោយ​ជោគ​ជ័យ​»។

ដល់​ពេល​យប់ ក្រោម​ក្រសែភ្នែក​មនុស្ស​ម្នា​ ក្រុម​អ្នក​សង្គ្រោះ​ចុះ​ក្នុង​អណ្ដូង​ និង​ទាក់​ខ្សែ​នៅតាម​ជើង​របស់​ដំរី។ បន្ទាប់​មក ពួកគេ​ប្រើ​ឡាន​ស្ទូច​មក​លើ​ដំរី​ចេញ​ពី​អណ្ដូង។

សកម្មភាព​សង្គ្រោះ​ត្រូវបានអនុវត្ដ​ដោយ​ក្រុម​ឆ្មាំ​អនុរ័ក្ស​ព្រៃ​រយៈ​ពេល​កន្លះ​ម៉ោង​មុន​ពេល​នាំយក​វា​ទៅ​កាន់​ព្រៃ​វិញ។ ឥណ្ឌា​គឺជា​ជម្រក​ដំរីជិត ៣ ​ម៉ឺន​ក្បាល​ ដោយ​ ៦០ ​ភាគរយ​ជា​អម្បូរ​ដំរី​ព្រៃ​អាស៊ី។ ប៉ុន្ដែ​ការ​អភិវឌ្ឍ​ភូមិ​ឋាន​មនុស្ស​ធ្វើ​ឲ្យ​មាន​ជម្លោះ​រវាង​មនុស្ស និង​សត្វ។

យោងតាម​ទិន្នន័យ​រដ្ឋាភិបាល​ឥណ្ឌា បាន​បង្ហាញថា មនុស្ស​ប្រមាណ ២ ៣៦០ ​នាក់ ត្រូវបាន​សម្លាប់​ដោយ​ដំរី​ចន្លោះឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៩។

រយៈ​ពេល​ដូច​គ្នា ដំរី​ប្រមាណ ៥១០​ ក្បាល បាន​ងាប់​ រួមទាំង ៣៣៣ ​ក្បាល​ ដែល​ងាប់​ដោយសារ​ឆក់ខ្សែ​ភ្លើង​ និង​ប្រមាណ ១០០​ ក្បាល​ត្រូវបាន​ប្រមាញ់ និង​បំពុល​៕ AFP/HR