ភ្នំពេញ: ក្រោយ​ពី​សម្រាក​ព្យាបាល​ដាក់​អ៊ុកស៊ីហ្សែន​នៅមន្ទីរពេទ្យ​អស់​ជា​ច្រើន​ថ្ងៃ អតីតផលិតករ​ភាពយន្ត និង​ជាតារារូបថត​​គ្រប់ទម្រង់​​សម័យ​កាល ឌីជេ អាលីយ៉ា ដោយពុំអាច​ទ្រាំទ្រ​នឹង​ជំងឺ​យាយី នាង​បាន​ផុត​ដង្ហើម​ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ ៦ ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ខែ​មិថុនា។

មរណភាព​​របស់​ ឌីជេ អាលីយ៉ា ត្រូវបាន​លោក អ៊ឹម ជីវ៉ា បរិយាយសារ​រំលែក​ទុក្ខ​​​តាមរយៈ​​ទំព័រហ្វេសប៊ុក «សិល្បករ​ខ្មែរ» យ៉ាង​ដូច្នេះ​៖ «RIP (សូមទៅ​កាន់សុគតិភព) សិល្បការនី ឌីជេ អាលីយ៉ា បាន​ទទួល​មរណភាព​ហើយ​ នៅ​វេលា​ម៉ោង ៦ ព្រឹក​នេះ»។

លោក អ៊ឹម ជីវ៉ា ក៏​បាន​អំពាវនាវ​ផង​ដែរថា៖ «សព​​តម្កល់​​នៅ​វត្ត​ទួល អស់​លោក ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ សូម​សិល្បករ​សិល្បការិនី​ មេត្តា​ទៅ​ចូលរួម​បុណ្យ​សព​នាង​ផង ដោយសារ​នាង​គ្មាន​សាច់​ញាតិ​ឡើយ ព្រោះ​នាង​ជា​ក្មេង​កំព្រា​»។

ក្រុម​ប្រឹក្សា​ភិបាល​សមាគម​សិល្បករ​ខ្មែរ លោក អ៊ឹម ជីវ៉ា ​ក៏បានសំណូមពរ​ផង​ដែរថា៖ «មួយ​វិញ​ទៀត​ខ្ញុំ​សុំ​ឲ្យ​បងប្អូន​មហាជន​ សូម​មេត្តា​កុំ​វាយ​តម្លៃ​លើ​នាង​អី ដើម្បី​ឲ្យ​វិញ្ញាណក្ខន្ធ​នាង បាន​ស្ងប់ កុំ​ឲ្យ​អភ័ព្វ​ដូច​ជាតិ​នេះ ព្រោះ​ជាតិ​នេះ​នាង​លំបាក​ណាស់»។

ចូលរួម​រំលែក​ទុក្ខ​​ភ្លាមៗ​នោះ ផង​ដែរ លោក កៅ សីហា អ្នក​និពន្ធ និង​ដឹកនាំ​របស់ហង្សមាស ក៏បាន​​លើក​ឡើង​ផង​ដែរថា៖ «អាលីយ៉ា! ជាតិ​ក្រោយ​កុំ​អាយុ​ខ្លី​អ៊ីចឹង​ទៀត! សូម​ប្រកាស​ដល់​សិល្បករ ដែល​ស្គាល់ អាលីយ៉ា ទាំង​អស់​ថា សព​នាង​នឹង​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្តទួល អស់លោក ហើយ​សព​នឹង​បូជា​នៅ​រសៀល​ល្ងាច​នេះ​ហើយ»។

គួរ​រំឭក​ផង​ដែរ​ថា ​តារាស្រីសម្បុរ​ស្រអែម​ កញ្ញា​​ ឌីជេ អាលីយ៉ា ជារឿយ​ធ្លាប់​បាន​ទទូច​ស្វែង​រក​យុត្តិធម៌​ពី​អំពើហិង្សា​ក្រោម​ដៃ​អតីត​សង្សារ​របស់នាង ដែល​បង្ក​ឲ្យ​រូបរាង​រង​នូវ​ជំងឺ​បាក់ទឹកចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។ បន្ថែមពី​លើ​​ជំងឺ​ផ្លូវ​ចិត្ត​​ កញ្ញា អាលីយ៉ា ក៏​ត្រូវ​រោគ​ផ្លូវកាយ​ធ្វើទុក្ខ​​ខ្លាំង រហូត​​​ចូល​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ កាល់ម៉ែត ដោយសារ​ជំងឺ​រលាក​ទងសួ​តរ៉ាំរ៉ៃ និង​ធ្លាក់​ខ្លួន​ស្គម​ស្គាំង​​ស្លេកស្លាំង។ យោង​តាម​មិត្តភក្ដិ​ក្នុង​អាជីព​សិល្បៈ ដែល​បាន​ពាំនាំ​ជំនួយ​ថវិកា​ទៅ​ជូន​នាង​នាពេល​កន្លងមក កញ្ញា ឌីជេ អាលីយ៉ា សម្រាក​នៅពេទ្យ​យ៉ាង​ឯកា ដោយ​ពុំមានសាច់ញាតិ​ណា​នៅ​កំដរ​មើល​ថែ​ឡើយ៕