ភ្នំពេញ៖ នា​ដើម​ឆ្នាំ ​២០២០ ​នេះ តារា​​​​សម្តែង​ និង​ចម្រៀង​ចូលចិត្ត​ច្រៀង ​Cover​ បទ​​​ពី​​ដើម​​​បង្ហោះ​​​តាម​ YouTube ​មាន​រាង​​ស្រលូន​​ស្អាត​ កញ្ញា ឌី សូនិត្តា បាន​ធ្វើ​​​ទង្វើ​បុណ្យ​កុសល​ជា​អ្នក​សិល្បៈ​គំរូ​​ ជាមួយ​ទឹក​​ចិត្ត​​សប្បុរស​នាំ​​ថវិកា​ផ្ទាល់​ខ្លួន​​ជាង ៣ ពាន់ដុល្លារ ​បាន​ពី​​ញើស​ឈាម​​​សម្តែង​​​​​​កុន ​​​​មក​​​​បរិច្ចាគ​​​​​មន្ទីរ​​​​ពេទ្យ​​​គន្ធបុប្ផា​នា​ពេល​ថ្មីៗ​នេះ​សោះ​ ស្រាប់​តែ​ងាក​មក​ផុសផុល​​រឿង​បើក​អាជីវកម្ម​​​​ក្រៅ​សិល្បៈ​ ​ហើយ​​សុំធីប​ការងារ​សិល្បៈ ​១ ឆ្នាំ​សិន​។​

តារា​​ស្រី​​​រាង​ស្ល៊ីម​ ដែល​ជា​រឿយៗ​​​មហាជន​​​ឃើញ​ការ​សម្តែង​កុន​តួអង្គ​​កាច​​ឆ្នាស​ និង​​​តួ​ស្រី​​ដ៏​រឹងមាំ​សម្តែង​​​​ក្បាច់​​គុន​​​វាយ​ប្រហារ​​​កញ្ញា ឌី សូនិត្តា បាន​បង្ហោះ​​រូប​បង្ហាញ​ពី​ការ​​បង្កើត​អាជីវកម្ម​នៅ​ក្រៅ​សិល្បៈ ​គឺ​បើក​ «សម្អាង​ការ ​ឌី សូនិត្តា-Dy Sonita Embellishment»​ ធ្វើ​ឲ្យ​ផ្អើល​មហាជន​ និង​​មិត្ត​អ្នក​សិល្បៈ​ ដោយ​​ល្បី​​បាន​ចំណាយ​ដើម​ទុន​​ខ្ទង់​ពី​ ១០-២០ ម៉ឺន​ដុល្លារ​ឯ​ណោះ។

តារា​សម្តែង និង​ចម្រៀង​ ឌី សូនិត្តា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​​ថា​៖ «ចាស​បង! សម្អាង​ការ​ឌី សូនិត្តា-​Dy Sonita Embellishment នាង​​ខ្ញុំ​ទើប​តែ​​​​ដំណើរ​នា​ពេល​​ថ្មីៗ​នេះ ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​សម្រាប់​​តម្រូវ​ការ​មង្គលការ​របស់​​​បង​ប្អូន​ខ្មែរ​យើង​តែ​ម្តង​។ តាម​ពិត​​​ទៅ គម្រោង​បើក​សម្អាង​​​​ការ​នេះ នាង​​​ខ្ញុំ​​បាន​សន្សំ​ចិត្ត​ទុក​អស់​រយៈពេល​ ​២ ឆ្នាំ​មក​ហើយ ទើប​តែ​នៅ​​ឆ្នាំ​នេះ​ បាន​សម្រេច​គោលដៅ​​​»។​

ពាក់ព័ន្ធ​​ការ​បើក​សម្អាង​​​ការ​នេះ ក៏​មាន​​​ការ​ចោទ​សួរ​ ថា​តើ​បាន​ចំណាយ​ដើម​ទុន​អស់​ប៉ុន្មាន​ និង​​​មាន​អ្នក​​​​ណា​​ចូល​​​ភាគហ៊ុន​ដែរ​ ​ឬ​ទេ​ ហើយ​​មាន​ការ​លៃ​ពេល​​​​យ៉ាងណា​ដែរ​ ​រវាង​ការងារ​សិល្បៈ និង​របរ​អាជីវកម្ម​​នោះ​?​ តារា​​ស្រី​ដែល​កំពុង​​តែ​មាន​​រាសី​ឡើង​​ជា​លំដាប់​នា​ប៉ុន្មាន​​​ឆ្នាំ​ចុង​​ក្រោយ ​​នៅ​​លើ​វិថី​សិល្បៈ​​​ទាំង​​​ថត​កុន ការ​ថត​​ស្ប៉ត​ និង​ការ​ថត​​ចម្រៀង​ជា​ដើម​​រូប​នេះ បាន​ឆ្លើយ​​ទាំង​សម្តី​បែប​ចង់​លាក់​លៀម​​​ថា៖ «ចំពោះ​រឿង​ហ្នឹង​ ​សុំ​​មិន​បរិយាយ​បាន​ទេ​​​​បង!​ តែ​ដូច​ខាង​​បង​​ជ្រាប​​ស្រាប់​ហើយ​ ចំពោះ​​មុខ​របរ​​នេះ ហើយ​​​មាន​​​ទ្រង់ទ្រាយ​ធំ​​ដុំ​ ការ​​ចំណាយ​ដើម​​​ទុន​ បើ​មិន​​មាន​​ចន្លោះ​ ១០-២០ ម៉ឺនដុល្លារ នោះ​ទេ ប្រហែល​​​ជា​មិន​អាច​ដំណើរការ​​បាន​ទេ​។ សម្រាប់​ពេល​នេះ ខ្ញុំ​ត្រូវ​ផ្អាក​ទទួល​​ការងារ​ថត​​កុន​នានា ​១ ​ឆ្នាំ​​​សិន ​គឺ​ចាំ​ឆ្នាំ ​២០២១ បាន​ចាប់​​ផ្តើម​ទទួល​ការងារ​ថត​សិល្បៈ​វិញ ដោយសារ​ត្រូវ​ការ​ពេល​​មក​ពង្រឹង​ការងារ​​​អាជីវកម្ម​សិន​ហើយ​ការ​ថត​កុន​ត្រូវ​ប្រើ​ពេល​យូរ​ ដូច្នេះ​​អាច​ប៉ះពាល់​នឹង​​ការងារ​​រក​ស៊ី​ សម្អាង​​ការ​​នេះ​ដែរ ប្រសិន​បើ​ខ្ញុំ​ទទួល​នោះ»។​

កញ្ញា ឌី សូនិត្តា បញ្ជាក់​បន្ត​ថា៖ «តែ​សម្រាប់​ការ​ថត​ស្ប៉ត​នានា​វិញ​នោះ នាង​ខ្ញុំ​នឹង​​មិន​ផ្អាក​ទេ គឺ​នៅ​ទទួល​ដូចជា​​មុនៗ​ដែរ​​ ព្រោះ​​ការងារ​ថត​ស្ប៉ត​ប្រើ​ពេល​ខ្លី ខ្ញុំ​អាច​ឆ្លៀត​បាន​ ហើយ​ក៏​ទទួល​បាន​តម្លៃ​ខ្លួន​ថត​​​ថ្លៃ​គួរ​សម​​ផង​​​ដែរ​»។​

គួរ​រំឭក​ដែរ​ថា មុន​នេះ​បន្តិច​ ដោយ​មាន​អម​​ដំណើរ​ជាមួយ​អ្នក​ម្តាយ​ជា​​ទី​ស្រឡាញ់​​នោះ កញ្ញាឌី សូនិត្តា បាន​​​នាំ​យក​​ថវិកា​ចំនួន ៣ ២៨៩ $ មក​​​​ជូន​​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ខណៈ​ថវិកា​ទាំង​នោះ​ ​គឺ​បាន​​​មក​​ពី​​ប្រាក់​កម្រៃ​ ដែល​​សេសសល់​ប៉ុន្មាន​​ភាគរយ​ពី​ការ​ថត​រឿង​ភាគ​​​ចុង​ក្រោយ​​របស់​ទូរទស្សន៍​ និង​ជា​ការ​បើក​លុយ​​​លើក​ទី ២ នោះ​៕​