ភ្នំពេញ៖​ តារា​សម្តែង​ស្រី និង​ចម្រៀង​ចូលចិត្ត ​Cover​ បទ​ពី​ដើម​បង្ហោះ​​តាម​ប៉ុស្តិ៍ ​​Channel ​ផ្ទាល់​​ខ្លួន​ រាង​ស្រលូន​ស្អាត​ កញ្ញា ឌី សូនីតា ត្រូវ​បាន​​មហាជន​កោត​សរសើរ​ថា ​ជា​អ្នកសិល្បៈ​គំរូ​​ ជាមួយ​​​ទឹក​ចិត្ត​​សប្បុរស​​ ដែល​ចែក​រំលែក​ថវិកា​ផ្ទាល់​ខ្លួន​ជាង ៣ ពាន់ដុល្លារ ​បាន​ពី​កម្លាំង​​ញើស​ឈាម​​​សម្តែង​កុន​ មក​​បរិច្ចាគ​​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​​ កាល​ពី​ពេល​ថ្មីៗ​នេះ។

តារា​​ស្រី​​មាន​​រាង​ស្ល៊ីម​ ដែល​ជា​រឿយៗ​​​​មហាជន​​​ឃើញ​ការ​សម្តែង​របស់​នាង​​ គឺ​ជា​តួអង្គ​​​មាន​ភាព​​កាច​​ឆ្នាស និង​​​តួ​ស្រី​ដ៏​រឹង​​​មាំ សម្តែង​ក្បាច់​​គុន​​​វាយ​ប្រហារ​​ កញ្ញា ឌី សូនីតា បាន​បង្ហោះ​រូបភាព​​ប៉ុន្មាន​សន្លឹក ​នា​​​ពេល​​​នាំ​យក​អំណោយ​​​ផ្ទាល់​ខ្លួន​ ដើម្បី​​​សម្តែង​នូវ​ការ​ដឹង​គុណ​ទៅ​​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ​​ព្រោះ​ថា ​​រូប​ខ្លួន​​ក៏​ធ្លាប់​បាន​ការ​ជួយ​ព្យាបាល​​ជំងឺ​ កាល​ពី​នាង​​នៅ​​​ក្មេង​វ័យ​នោះ ​កាល​ពី​ថ្ងៃទី ​៤ ខែ ​​​វិច្ឆិកា ឆ្នាំ ​២០១៩ ​កន្លង​​មក​។

អម​ដំណើរ​ដោយ​អ្នកម្តាយ​ជា​​ទី​ស្រឡាញ់​ផង​ដែរ​នោះ កញ្ញា ឌី សូនីតា ក៏​បង្ហើរ​សារ​ថា៖ «​ថ្ងៃ​នេះ​ខ្ញុំ ហើយ​​​និង​អ្នក​ម្តាយ​បាន​នាំ​យក​​ថវិការ​ចំនួន ៣ ២៨៩ $ មក​​​​ជូន​​​ដល់​មន្ទីរ​ពេទ្យគន្ធ​បុប្ផា​ ថវិកា​ទាំង​អស់​គឺ​បាន​​មក​ពី​ប្រាក់​កម្រៃ​ ដែល​​សេស​​សល់​ប៉ុន្មាន​ភាគរយ​ពី​ខ្ញុំ​ថត​រឿង​ភាគ​​ចុង​ក្រោយ​របស់​ទូរទស្សន៍​ ដែល​​បាន​បើក​លុយ​ជា​លើក​ទី ​២ ​នេះ ​គឺ​ខ្ញុំ​យក​មក​ជូន​មន្ទីរ​ពេទ្យ​ទាំង​អស់។​ លុយ​នេះ​អាច​មិន​មាន​ចំនួន​ច្រើន​​​​​សម្រាប់​អ្នក​ធូរធារ ​តែ​វា​អាច​​នឹង​ច្រើន​សម្រាប់​អ្នក​ខ្វះខាត​ ជា​ពិសេស​ក្មេងៗ​ទាំង​អស់​ដែល​កំពុង​តែ​​​​ត្រូវ​ការ​​ជំនួយ​នៅ​ឯ​មន្ទីរពេទ្យ​ផ្ទាល់។​

កញ្ញា ឌី សូនីតា បន្ត​ថា​៖ «ខ្ញុំ​នៅ​តែ​ដឹង​គុណ​ដល់​មន្ទីពេទ្យ​គន្ធៈបុប្ផា ​ព្រោះ​បើ​មិន​មាន​មន្ទីរពេទ្យ​នេះ​ទេ ខ្ញុំ​នឹង​មិន​អាច​រស់រាន​​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ​ឡើយ។​ សូម​ឲ្យ​​​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ សូម​ជួយ​ឲ្យ​ខ្ញុំ និង​អ្នកម្តាយ​ជួប​តែ​មនុស្សល្អ ​មិត្តល្អ ​ក្រុម​ការងារ​ល្អ​ សុខភាព​ល្អ ជា​ពិសេស​សូម​ឲ្យ​​​ប្រជាពលរដ្ធ​ខ្មែរ​ទាំង​អស់​រស់​ផុត​ចាក​ទុក្ខ ​និង​​​ទទួល​បាន​សុខ​សប្បាយ​ទាំង​អស់​គ្នា​»។​

រំពេច​នោះ​​ក៏​មាន​សារ​កោត​សរសើរពី​សន្តាន​ចិត្ត​​ធម៌​ពី​តារា​សម្តែង​ស្រី​​រាង​ស្រលូន រូប​ស្រស់​​​ស្អាត បាន​ចូល​ទៅ ​Comment យ៉ាង​​​​​ច្រើន​​ ដោយ​ចាត់​ទុក​ថា ជា​គំរូ​ដ៏​ល្អ​​សម្រាប់​អ្នក​សិល្បៈ​ ដែល​ហ៊ាន​ចែក​រំលែក​ថិវិកា​ផ្ទាល់​ដែល​បាន​​ពី​ការងារ​សិល្បៈ​ទៅ​ធ្វើ​​​អំពើ​ល្អ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។​

មតិ​ខ្លះ​បាន​​​លើក​សរសើរ​កញ្ញា​​ភ្លាមៗ​ថា៖ «​ពិត​ជា​ប្រសើរ​ខ្លាំង​ណាស់ ដែល​តារា​​​ដ៏​ស្រស់​ស្អាត​​ គិតគូរ​ដល់​​ប្រជាពលរដ្ឋ​គិតគូរ​ដល់​ក្មេងៗ​ ដែល​ជួប​ទុក្ខ​លំបាក ​(ភាគ​តិច​ណាស់​អ្នក​ដែល​​មាន​​​ចិត្ត​ធម៌​ដូចជា​កញ្ញា​​ Dy Sonita)​ សូម​អរគុណ​នូវ​ទឹក​ចិត្ត​ដ៏ជ្រះ​ថ្លា សូម​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​ពេលវេលា។ សូនីតា ពូ​សូម​​សរសើរ​ក្មួយ​ស្រី គឺ​ថា​​​ក្មួយ​​ស្រី ស្អាត​​ហើយ​​ មាន​​ទឹក​ចិត្ត​ល្អ​​ទៀត​។​ អរគុណ​ជំនួស​ក្មេងៗ និង​​ម្តាយ​ក្មេងៗ​ផង​​ដែល​​បាន​ទទួល​​​ថវិកា​នេះ​​ពី​​តារា​​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ សូម​ព្រះ​ប្រទាន​​ពរ​ឲ្យ​អូន​សុខ​សប្បាយ​រហូត​ (គួរ​ឲ្យ​ស្រឡាញ់)​»​ ​និង​​​សារ​ខ្លះ​ទៀត​​​​បាន​និយាយ​ថា៖ «ប្រពៃ​ណាស់​​កូន​ស្រី​ ជូនពរ​កូន​ស្រី ជួប​​តែ​សំណាង​ល្អ និង​រឿង​ល្អៗ​​ក្នុង​​ជីវិត។ បុណ្យ​​​កូន​ខំ​ធ្វើ​សូម​ផល​បុណ្យ​ជួយ​តាម​ថែរក្សា​ការពារ​កូន​ ចៀស​ផុត​​​ពី​ពួក​មារ​ ទាំង​ពួង​​​ និង​ឲ្យ​ជួប​នូវ​ក្តី​​ប្រាថ្នា​​ដែល​កូន​ សុំ​បាន​សម​ដូច​បំណង»៕​