ក្រុងឌូប៖ អាមីរ៉េត ឌូបៃ បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបណ្ដេញមនុស្សមួយចំនួនដែលត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្ដិអំពើអបាយមុខសាធារណៈក្រោយពីលេចធ្លាយរូបភាពអាក្រាត។
រូបភាព និងវីដេអូឃ្លីបបង្ហោះលើអនឡាញកាលពីសប្ដាហ៍មុន បានបង្ហាញយ៉ាងតិចនារីបរទេស ១៨ នាក់ រំលេចរូបអាក្រាតក្នុងអាផាតមិនក្នុងតំបន់ឌូបៃ ម៉ារីណា។
ការិយាល័យផ្សព្វផ្សាយឌូបៃ បានសរសេរថា៖ «ការិយាល័យបញ្ញត្ដិសាធារណៈបានបញ្ចប់ការស៊ើបអង្កេតលើការបង្ហោះរូបភាពថ្មីៗ ដែលល្មើសនឹងច្បាប់អេមីរ៉េត អារ៉ាប់រួម។ បុគ្គលដែលល្មើសនឹងត្រូវបានបណ្ដេញចេញពីអេមីរ៉េត អារ៉ាប់រួម។ មិនទាន់មានអត្ថាធិប្បាយអ្វីជុំវិញបញ្ហានេះនៅឡើយទេ»។
ប៉ូលិសឌូបៃ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ក្រុមមនុស្ស ដែលបង្ហាញរូបភាពក្នុង «វីដេអូអសីលធម៌» តាមអនឡាញនេះ ត្រូវបានចាប់ខ្លួន។
ឌូបៃ ស្ថិតក្នុងសហព័ន្ធអារ៉ាប់ទាំង ៧ ដែលបង្កើតបានជាអេមីរ៉េត អារ៉ាប់រួម មានភាពល្បីល្បាញចំពោះដែនកោះដើមល្មើរ សណ្ឋាគារមហាប្រណីត និងកម្មវិធីជប់លៀងដ៏សែនហ៊ីហារ។
ពលរដ្ឋជាង ៩០ ភាគរយក្នុងចំណោម ៣,៣ លាននាក់ គឺជាជនបរទេស។ ខណៈអេមីរ៉េត អារ៉ាប់រួម ត្រូវបានចាត់ទុកជាប្រជាជាតិឈូកសមុទ្របើកទូលាយជាងគេមួយ រូបភាពអាសអាភាស និងអ្វីដែលពាក់ព័ន្ធនឹងសីលធម៌សង្គម ត្រូវបានចាត់ទុកជាអំពើខុសច្បាប់៕ AFP/HR