ភ្នំពេញ៖ ជាមួយ​ជក់​​​​ខ្យល់​បាញ់​ពណ៌​​ ​ម្សៅ និង​សម្ភារ​ច្នៃ​ប្រឌិត​​ឥត​ព្រំដែន ​អ្នក​ជំនាញ​ផាត់​មុខ​ជនជាតិ​ខ្មែរ​ អ្នកនាង ឌូ ពុទ្ធម៉ូលីតា ​បាន​ប្រើ​ជំនាញ​ផាត់​មុខ​បី​ដូច​វេទមន្ត​ប្រែ​កាឡា ធ្វើ​ឲ្យ​តារា​ភាពយន្ត និង​ម៉ូដែល​បរទេស ក្លាយ​ជា​តួអង្គ​សត្វ និង​មនុស្ស​ចម្លែក​យ៉ាង​ជាក់​នឹង​ភ្នែក។

មុន​​​ដំណើរ​ហោះហើរ​ទៅ​កាន់​ដែនដី​ហូលីវូដ​ អ្នក​អាជីព​​ផាត់​មុខ​​វិស័យ​ភាពយន្ត​​រហស្សនាម​ Apple រូប​នេះ​ បាន​​ធ្វើ​ដំណើរ​លើ​វិថី​​ពោរពេញ​ដោយ​ភាព​ភ្ញាក់ផ្អើល។

ជាមួយ​ស្នាដៃ​​ផាត់​មុខ​​ក្នុង​ខ្សែ​ភាពយន្ត​​ក្នុង​ស្រុក និង​ហូលីវូដ​ដល់​ទៅ​ជាង ៣០ រឿង អ្នកនាង ​Apple បាន​​​និយាយ​ពី​ក្ដី​ស្រឡាញ់​អាជីព​ផាត់​មុខ​​ប្រែ​កាយ​នេះ​​ថា៖ «រាល់​យប់​ខ្ញុំ​តែង​​ចំណាយ​ពេល​រៀន​ ៤ ​ទៅ ៥ ​ម៉ោង​ តែង​មុខ​ខ្លួន​ឯង​យ៉ាង​រីករាយ។ ខ្ញុំ​ក៏​ចូលចិត្ត​ក្នុង​ការ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​ម្នាក់​ផ្សេង​ទៀត​ បូក​រួម​ការ​តែង​ជា​ឈាម ​និង​មុខ​ដ៏​គួរ​ឲ្យ​ភ័យ​រន្ធត់»។​

ជា​​អ្នក​ខេត្ត​ស្ទឹងត្រែង​ ​​Apple ដើម​ឡើយ​ជា​និស្សិត​​អក្សរសាស្រ្ត​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​។ ប៉ុន្តែ​នៅ​ឆ្នាំ​​ទី ៤ ​នាង​ស្រាប់​​តែ​សម្រេច​ចិត្ត​បោះបង់​​ការសិក្សា​ ដើម្បី​សម្រេច​ក្ដី​សុបិន​​ក្លាយជា​​អ្នក​សិល្បៈ​​ផាត់​មុខ​អាជីព​​។ ការងារ​ដំបូង​ ដែល​នាង​ទទួល​បាន ​គឺ​កិច្ចការ​​ប្រែ​កាយ​តួ​សម្រាប់​ភាពយន្ត​ហ្សំប៊ី​ដំបូង​​នៅ​កម្ពុជា គឺ​រឿង «រត់» តាមរយៈ​ការ​ណែនាំ​​ពី​មិត្តភក្ដិ​ជា​ផលិតករ​។

The Hanuman ម៉ូដែលដោយរូប​ Apple ផ្ទាល់ និង​ថត​ដោយ Eric Fong។

Apple បាន​រំឭក​ប្រាប់​ ​ភ្នំពេញ ​ប៉ុសិ៍្ត​ ថា​៖ «កាល​នោះ​​ ខ្ញុំ​គ្មាន​ចំណេះដឹង​​ផ្នែក​ផាត់​មុខ​ក្នុង​កុន​បែប​នេះ​​ទេ​ តែ​ខ្ញុំ​ក៏​ទទួល​យ៉ាង​រីករាយ។ រហូត​​ដល់​ឆ្នាំ​ ២០១២ ខ្ញុំ​ក៏​បាន​បង្កើត​ផេក​បង្ហោះ​រូប​ដែល​ខ្ញុំ​បាន​ផាត់​គូរ​លើ​ខ្លួន​ឯង​ ពេល​នោះ​ខ្ញុំ​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​ពី​មិត្តភក្តិ​ទាំង​ខ្មែរ ​និង​បរទេស​»។

ទេពកោសល្យ​ផាត់​មុខ ចំណេះដឹង​ភាសា​អង់គ្លេស គួប​ផ្សំ​​នឹង​បណ្ដាញ​ទំនាក់ទំនង​បាន​នាំ​ឲ្យ Apple ក្ដាប់​បាន​ការងារ​ជា​ច្រើន​មិន​ថា​ក្នុង​វិស័យ​ភាពយន្ត ​បង្ហាញ​ម៉ូដ នៅ​ក្នុង​និង​ក្រៅ​ប្រទេស​នោះ​ទេ។

នាង​ថែម​ទាំង​មាន​ឱកាស​ក្នុង​ការ​រួម​ការងារ​​ក្នុង​​ភាពយន្ត​ដឹកនាំ​ដោយ​​កំពូល​តារា​ហូលីវូដ អេនជេលីណា ជោលី ​«មុន​ដំបូង​គេ​សម្លាប់​ឪពុក​​ខ្ញុំ​» នៅក្នុង​ឆ្នាំ​ ២០១៦​ ផង​ដែរ។

នាង​បាន​​​​និយាយ​ថា​៖ «ដោយ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ប្រធាន​ធំ​ផ្នែក​ផាត់​មុខ ក្នុង​រឿង​នេះ​ ឲ្យ​ទៅ​រៀន​បន្ត​នៅ​អាមេរិក ឬ​ក៏​អង់គ្លេស​ ខ្ញុំ​ក៏​ព្យាយាម​រហូត​​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៧ នៅ​សាលា​ Cinema Makeup School និង​បញ្ចប់​ការ​សិក្សា​​នៅ​ឆ្នាំ​ ២០១៨​»។

ក្រោយ​បញ្ចប់​ការ​សិក្សា​​ Apple បាន​ប្រឡូក​កិច្ចការ​ជាមួយ​ក្រុម​ការងារ​ហូលីវូដ ​ផ្ដើម​​ពី​ការ​ស្ម័គ្រ​ចិត្ត​ឥត​ប្រាក់​​កម្រៃ ហើយ​ព្យាយាម​បំពេញ​ការងារ​យ៉ាង​ផ្ចិតផ្ចង់​បំផុត។

អ្នក​ជំនាញ​ផាត់​មុខ​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ទាល់​តែ​យើង​​មាន​សម្ថភាព​តាម​ស្តង់ដា​របស់​គេ​ ទើប​ការងារ​​យើង​ទទួល​បាន​ការ​ទទួល​ស្គាល់​។​ បើ​សិន​ជា​ចង់​ធ្វើ​អ្នក​ផាត់​មុខ​អន្តរជាតិ​ អ្នក​ត្រូវ​តែ​បើក​ចិត្ត​​ឲ្យ​ទូលាយ​​សម្រាប់​កិច្ចការ​ថ្មីៗ​ និង​បន្ត​អភិវឌ្ឍ​ខ្លួន​ឯង​ជានិច្ច​»។

ក្រោយ​ពី​​ពុះពារ​​កសាង​ស្នាដៃ​ អ្នកនាង Apple បាន​ប្រាប់​ថា៖ «​សព្វ​ថ្ងៃ​​ខ្ញុំ​​មាន​​មនុស្ស​​ជាច្រើន​ ទាក់ទង​​មក​​ទាំង​​តាម​​ទូរស័ព្ទ​ និងអ៊ីមែល​»។

នាង​រៀបរាប់​​ថា៖ «ខ្ញុំ​ទទួល​ការងារ​បាន​ប្រហែល​ជា​ ១០ ទៅ ១៥ រឿង​នៅ​អាមេរិក​មាន​ដូចជា​​ Judgement Call, Airport Security Squad, Lisa and Liza, Harana, The Wall និង​ជាច្រើន​ទៀត​»។

ការ​ផាត់​មុខ​តួអង្គ​របស់​​នាង​ភាគ​ច្រើន កើត​ចេញ​ពី​ភាព​ច្នៃ​ប្រឌិត​​ក្រោយ​​​ឥទ្ធិពល​​​ធម្មជាតិ​ សត្វ​ព្រៃ បរិស្ថាន ជីវិត​​សត្វ​នៃ​មហាសាគរ ​ស្ថាបត្យកម្ម ​វប្បធម៌​ខ្មែរ​ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​នៅ​ជុំវិញ​នាង​។

ស្នាដៃ​ Apple ឈ្មោះ ​The tree green 'Mother Earth' ម៉ូដែល Sidney Rubino និង​ថត​ដោយ Dillon Morningstar។

ដើម្បី​ប្រែ​ក្លាយ​មនុស្ស​ទៅ​ជា​តួអង្គ​ក្នុង​​ក្ដី​ស្រមៃ​ដូច​ពិតៗ អ្នកនាង Apple ​បាន​ប្រាប់​ថា៖ «នៅ​ក្នុង​សិល្បៈ​ផាត់​មុខ​ខ្ញុំ​ពេល​ខ្លះ​គូរ​ដោយ​ដៃ​ ពេល​ខ្លះ​ខ្ញុំ​ប្រើ​ថ្នាំ​បាញ់​ពណ៌​ ប៉ុន្តែ​ខ្ញុំ​ផ្សំ​សម្ភារ​ផ្សេង​ទៀត​ដែរ​។ វា​អាច​ជា​អេប៉ុង ​ក្រដាស​ផ្កាជ័រ​ ឬ​ថ្នាំ​ពណ៌​»។

យ៉ាង​ណា​មិញ នាង​បញ្ជាក់​ថា៖ «កិច្ចការ​នេះ​ចំណាយ​ពេល​យូរ ប៉ុន្តែ​ពេល​ធ្វើ​កិច្ចការ​ជាមួយ​ម៉ូដែល ឬ​តួអង្គ​ភាពយន្ត ​ខ្ញុំ​ព្យាយាម​ធ្វើ​វា​ឲ្យ​លឿន​​​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​​ការ​ផាត់​មុខ​ជា​សត្វ​ធម្មតា​ត្រូវ​ចំណាយ​​ ៤ ​ម៉ោង​យូរ​បំផុត​»។

ទន្ទឹម​នឹង​ការសាង​​កេរ្តិ៍ឈ្មោះ​ជា​អ្នក​សិល្បៈ​ផាត់​មុខ​​នៅ​ហូលីវូដ ​​Apple ក៏​​មាន​គំនិត​បំផុស និង​ចែក​រំលែក​​ជំនាញ​​​​ដ៏​កម្រ​នេះ​តាមរយៈ​ការ​បណ្ដុះបណ្ដាល​នៅ​ទឹក​ដី​​កំណើត​ផង​ដែរ​។

អ្នក​អាជីព​​ផាត់​មុខ​​វិស័យ​ភាពយន្ត​រូប​នេះ​បាន​ប្រាប់​ថា៖ «បន្ទាប់​ពី Covid-19 ចប់​ ខ្ញុំ​គ្រោង​នឹង​ត្រលប់​ទៅ​បើក​សាលារៀន​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា​ នឹង​អាច​ធ្វើ​ជា​ស្ពាន​រវាង​ប្រទេស​ទាំង​ ២​ តាមរយៈ​ការ​នាំ​មនុស្ស​ពី​ហូលីវូត​មក​បង្រៀន​នៅ​ទីនេះ ​​និង​នាំ​បងប្អូន​កម្ពុជា​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក​ ប្រសិន​បើ​ពួក​គេ​ចង់​រៀន​បន្ត​»​៕