ភ្នំពេញៈ ដោយមើលឃើញពីគុណសម្បត្តិតាមរយៈសកម្មភាពចូលរួម និងឆន្ទៈចង់ជួយធ្វើកិច្ចការផ្នែកអភិរក្សសត្វដំរីនៅកម្ពុជានោះ តារាសម្តែង និងពិធីការិនី និងជាថៅកែអាជីវកម្មលក់ផលិតផលរក្សាសម្រស់ក្រោមយីហោឈ្មោះ «មុទិតា» កញ្ញា ដួង ហ្សូរីដា ត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈចាប់ពីថ្ងៃខែនេះតទៅ។
បើតាមពិភពសង្គមសិល្បៈកញ្ញា ឌួង ហ្សូរីដា ត្រូវបានគេដាក់ងារថា គឺជាតារាសម្តែងស្រីដែលមានភាពឈ្លាសវៃក្នុងការបង្កើតមុខជំនួញជាមួយនឹងសិល្បៈ ខណៈពិធីការិនីរូបនេះក៏ត្រូវគេដឹងថា មានក្រុមហ៊ុនរកស៊ីមិនក្រោម ២-៣ នោះដែរដោយមានហាងកាត់ដេរ ហាងលក់គ្រឿងសម្អាង ឬរក្សាសម្រស់ ហាងលក់កាបូប ផលិតផលសម្បុកត្រចៀកកាំ និងក្រុមហ៊ុនតារាបង្ហាញម៉ូដទៀតផងដែរ។
ដោយឡែកសម្រាប់កិច្ចការងារសង្គមវិញតារាសម្តែង និងពិធីការិនីរូបនេះ ក៏មានសកម្មភាពជាហូរហែមិនសូវលស់ពេលនោះទេ ខណៈពេលថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា ក៏បានទទួលលិខិតសរសើរក្រោយពីចូលរួមជួយនៅក្នុងសកម្មភាពរៃអង្គាសប្រាក់សម្រាប់មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តាកាលពីចុងខែមីនា ឆ្នាំ ២០១៩ កន្លងមកនៅសណ្ឋាគាររ៉ាហ្វល់ឡឺរ៉ូយាល់។
មិនយូរប៉ុន្មានកញ្ញា ឌួង ហ្សូរីដា ក៏ត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈក្នុងការទទួលភារកិច្ចផ្សព្វផ្សាយពីការអភិរក្សសត្វដំរីនៅកម្ពុជា ខណៈដំរីគឺជាសត្វដែលកំពុងតែរងនូវភាពជិតផុតពូជដែរ។
ពាក់ព័ន្ធទៅនឹងលក្ខណសម្បត្តិដែលនាំឲ្យសមាគមជ្រើសយកកញ្ញា ឌួង ហ្សូរីដា ជាតំណាងអ្នកស្រី ខៃ ចិន្តា ឬមជ្ឈដ្ឋានសង្គមភាគច្រើនគេនិយមហៅគាត់ថា ចិន្តា ក្លេ ជាប្រធានសមាគមអភិរក្សដំរីអៃរាវត្តា បង្ហើបឲ្យដឹងថា៖ «គាត់មានលក្ខណៈគុណសម្បត្តិច្រើនដែលខាងយើងចាប់អារម្មណ៍បានពិចារណា និងដាក់សំណើទៅគាត់សម្រាប់តំណែងជាអគ្គរដ្ឋទូតសុច្ឆន្ទៈនេះ។ អ្វីដែលសំខាន់គឺគាត់មានក្តីស្រឡាញ់ និងសប្បាយចិត្តជាមួយនឹងកិច្ចការសង្គមមួយនេះក្រោយពីយើងបានស្នើសុំទៅគាត់»។
អ្នកស្រី ចិន្តា ក្លេ បន្តថា៖ «ហើយទំនាក់ទំនងគាត់ និងសមាគមយើងនាពេលកន្លងមកគឺគាត់តែងតែជួយជាថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព និងកាលពីដើមឆ្នាំនេះ គាត់មិនត្រឹមលះបង់ដោយស្ម័គ្រចិត្តជួយធ្វើជាពិធីការិនីនៃកម្មវិធីរៃអង្គាសប្រាក់សម្រាប់មូលនិធីសមាគមនោះទេគឺថែមទាំងចូលរួមយ៉ាងសកម្មក្នុងការស្វះស្វែងរៃអង្គាសប្រាក់ទៀតផង។ ចំពោះវេលាប៉ុន្មានឆ្នាំ យើងក៏មិនទាន់បានកំណត់ជាមួយគាត់នៅឡើយទេ តែគឺយើងទុកសិទ្ធិជូនទៅគាត់សម្រេចផងដែរក្នុងករណីប្រសិនបើគាត់ជាប់រវល់ការងារសិល្បៈ ឬកិច្ចការជំនួញមិនអាចបំពេញការងារនេះបាននាពេលខាងមុខ»៕