ភ្នំពេញៈ ថ្មីៗនេះតារាសម្តែងស្រីរូបស្រស់រាងស្រលូនកញ្ញា ណាក់ ស្រីណា ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ប្រើរូបថតរបស់នាងដាក់ក្នុង Profile ខ្លួនដោយមិនបានសុំការអនុញ្ញាតទើបនាងចេញសារប្រកាសប្រាប់ប្រិយមិត្តគាំទ្រក៏ដូចជាមិត្តសិល្បៈឲ្យបានដឹង ដើម្បីកុំឲ្យមានការភាន់ច្រឡំ និងពេលមានការប្រើប្រាស់ខុសគោលបំណងនានា។
តារាសម្តែងស្រីដែលហក់ចូលវិស័យសិល្បៈបានប្រមាណ ៧-៨ ឆ្នាំ និងបច្ចុប្បន្នជាពិធីការិនីនៅប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍មានរូបសម្ផស្សស្រស់ស្អាត រាងស្រលូន កញ្ញា ណាក់ ស្រីណា បានបង្ហើរសារថា៖ «សូមបងប្អូនទាំងអស់គ្នាជួយស៊ែរផង ដើម្បីកុំឲ្យមានការយល់ច្រឡំ និងត្រូវចាញ់បោកជនខិលខូច។ នេះមិនមែនជាគណនីហ្វេសប៊ុករបស់ខ្ញុំទេ ដូច្នេះប្រសិនបងប្អូនបានឃើញហ្វេសប៊ុកឈ្មោះ អ៊ីសាអ៊ីសា (រ័ត្ន មុន្នីពេជ្រ) មួយនេះ Chat ទៅខ្ចីលុយ ឬក៏មានការប្រើប្រាស់ខុសឆ្គងដោយប្រការណាមួយ នាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ។ សូមបញ្ជាក់ថា ហ្វេសប៊ុករបស់នាងខ្ញុំមានតែមួយគត់គឺ Nak Sreyna ដែលខ្ញុំកំពុងប្រើរៀងរាល់ថ្ងៃនេះ។ អរគុណបងប្អូន និងមិត្តភក្តិទាំងអស់គ្នាដែលបានផ្តល់ដំណឹងមកខ្ញុំ»។
ក្រោយពីបានជូនដំណឹងមកនោះ ស្រីស្រស់សោភា កញ្ញា ណាក់ ស្រីណា ក៏នៅពុំទាន់មានវិធានការអ្វីជាបន្តឡើយចំពោះអ្នកដែលបានប្រើរូបថតរបស់នាងដាក់ទៅលើ Profile ឈ្មោះខាងលើ។
ដោយគ្រាន់តែកញ្ញា ណាក់ស្រីណា បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍យ៉ាងខ្លី ដោយសារនាងត្រូវដល់ពេលត្រូវថតកម្មវិធីទូរទស្សន៍ថា៖ «ចំពោះរឿងនោះ ខ្ញុំក៏មានការបារម្ភខ្លាចកើតរឿងរ៉ាវផ្សេងៗដែរ តែក៏មិនទាន់បានរកវិធានការសម្រាប់អ្នកប្រើរូបនាងខ្ញុំទៅបង្កើតហ្វេសប៊ុកផ្សេងនោះនៅឡើយដោយសារគាត់មិនមែនជា friend របស់ខ្ញុំ។ សុំទោសផងបងពេលនេះខ្ញុំរវល់ត្រូវទៅថតហើយ ព្រោះគេកំពុងចាំខ្ញុំ»។
កញ្ញា ណាក់ ស្រីណា គឺជាបុប្ផារូបស្រស់សោភាដែលមានស្រុកកំណើតមកពីតំបន់ភូមិឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាមបានប្រឡូកចូលវិស័យសិល្បៈដំបូងតាំងពីឆ្នាំ ២០១០ មក និងបានចាប់អាជីពជាអ្នកសិល្បៈជាប់លាប់នៅឆ្នាំ ២០១១។
នាពេលកន្លងមកនេះគេក៏ឃើញកញ្ញា ណាក់ ស្រីណា បានទម្លាយសារតាមបណ្តាញសង្គមប្រាប់ពីអាថ៌កំបាំងដ៏រសើបរបស់ផលិតកម្មមហាហង្សមិនទាន់ប្រគល់ប្រាក់គ្រប់ចំនួនដែលថតកុនរឿង «មរតកចុកឈាម» ផ្អើលទាំងមហាជន និងអ្នកសិល្បៈដែលពុំទាន់ប្រគល់ប្រាក់គ្រប់ចំនួនតាមកិច្ចសន្យា និងបន្តស្ងាត់ស្ងៀម តែក្រោយមកក៏ត្រូវបានភាគីផលិតកម្មមហាហង្សសម្របសម្រួលគ្នាបញ្ចប់រឿងផងដែរ។
ខណៈរឿងរ៉ាវកើតឡើងនោះគឺដោយសារការថតកុនចប់រំលងជិត ១ ឆ្នាំហើយ តែថ្លៃខ្លួនដែលជាកម្លាំងពលកម្មក្នុងនាមជាតួឯកស្រីសម្តែងកុនរឿង «មរតកចុកឈាម» ឲ្យផលិតកម្មមហាហង្សនោះពុំទាន់ប្រគល់ប្រាក់គ្រប់ចំនួនតាមកិច្ចសន្យា និងបន្តស្ងាត់ស្ងៀមមិនព្រមសងទើបតារាស្រីស្រស់ កញ្ញា ណាក់ ស្រីណា ទម្លាយសារដ៏អាថ៌កំបាំងនោះឡើងនៅតាមបណ្តាញសង្គមហ្វេសប៊ុក ទើបនាំឲ្យបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕