The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ណុប បាយ៉ារិទ្ធ ប្រកាស​ជា​ចុងក្រោយ​ថា ខ្លួន​ជាសះស្បើយ​ពី​កូវីដ១៩ ១០០ ភាគរយ​ហើយ




ណុប បាយ៉ារិទ្ធ ប្រកាស​ជា​ចុងក្រោយ​ថា ខ្លួន​ជាសះស្បើយ​ពី​កូវីដ១៩ ១០០ ភាគរយ​ហើយ

Content image - Phnom Penh Post
តារាចម្រៀង​លោក ណុប បាយ៉ារិទ្ធ ដែល​វិជ្ជមាន​កូវីដ១៩ ពី​ដើម​ខែ​មីនា បាន​ប្រកាស​ជាសះស្បើយ ១០០ ភាគរយ​ហើយ។ សហការី

ណុប បាយ៉ារិទ្ធ ប្រកាស​ជា​ចុងក្រោយ​ថា ខ្លួន​ជាសះស្បើយ​ពី​កូវីដ១៩ ១០០ ភាគរយ​ហើយ

ភ្នំពេញ៖ ក្រោយពី​ហែល​ឆ្លង​ដំណាក់កាល​ព្យាបាល​ជិត ១ ខែ និង​បន្ត​ឃុំខ្លួន​នៅផ្ទះ​កន្លះ​ខែ​ទៀត ទីបំផុត កំពូល​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​លោក ណុប បាយ៉ារិទ្ធ បានប្រកាស​ប្រាប់ថា ខ្លួន​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ ១០០ ភាគរយ​ហើយ។

យោងតាម​ការបង្ហោះ​សារ​ចុងក្រោយ​កាលពី​យប់​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ លោក ណុប បាយ៉ារិទ្ធ បាន​សរសេរ​ប្រកាស​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «គិត​ចាប់តាំងពី​ថ្ងៃ​ធ្វើតេស្ត​សំណាក​លើក​ចុងក្រោយ​បង្អស់​របស់​ខ្ញុំបាទ មកទល់​ពេល​នេះ គឺ ៥ ថ្ងៃ​ហើយ។ ថ្ងៃទី ១៤ ខែ​មេសា ជា​ថ្ងៃ​យក​សំណាក​ទៅ​ពិនិត្យ​លើកចុងក្រោយ​របស់ខ្ញុំ លោកគ្រូ​ពេទ្យ​មាន​ប្រសាសន៍​ថា ៣ ថ្ងៃក្រោយ ប្រសិន​បើ​មិនមាន​ការខល​ទំនាក់ទំនង​ពី​គ្រូពេទ្យ​មក​ទេ គឺ​មាន​ន័យថា​ខ្ញុំ​បានជា​សះស្បើយ ១០០ ភាគរយ ពី​ជំងឺ​កូវីដ១៩ ហើយ។ តែបើ​គ្រូពេទ្យ​ខល​មក​មានន័យថា​ជំងឺ​របស់ខ្ញុំ​អាចមាន​បញ្ហា​ណាមួយ ដែល​ខុស​ប្រក្រតី​ត្រូវ​ព្យាបាល​បន្ត»។

ក្នុង​សំណេរ​ដដែល​នោះ តារាចម្រៀង​ប្រុស​សាច់​សខ្ចី​រូបនេះ បាន​រៀបរាប់​ពី​មន្ទិល​របស់​ខ្លួន​ទៀតថា៖ «ក្នុងអំឡុង ៣ ថ្ងៃមុន​ខ្ញុំ​នៅតែ​មិនទាន់​អស់ចិត្ត នៅតែ​បន្ត​ចាំ​រហូត​ដល់​ថ្ងៃនេះ​ជា​ថ្ងៃទី ៥ ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ក្នុង​ចិត្ត។ ពេលនេះ​ខ្ញុំ​បាន​ជា​សះស្បើយ ១០០ ភាគរយ​ហើយ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​នៅតែ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នោះ​គឺ វិធានការ «៣ កុំ ៣ ការពារ» ជាប់​ជានិច្ច និង​ការស្នាក់​នៅតែ​ក្នុង​ផ្ទះ មិន​ចេញទៅ​ខាងក្រៅ​ដាច់ខាត ក្រៅពី​ការគោរព​តាម​បទបញ្ជា ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ហើយ​គឺ​ខ្ញុំ​នៅ​មិនទាន់​បាត់​ការភ័យខ្លាច​ទេ ជំងឺ​នេះ​គឺ​មិនមែន​ធម្មតាៗ ដូច​ការគិត​របស់​យើង​ទេ ហានិភ័យ គឺ​កើត​ពី​ការមើលស្រាល ប្រមាថ និង​ធ្វេសប្រហែស ដូច្នេះ​សូម​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល»។

Content image - Phnom Penh Post
សារ​បញ្ជាក់​ពី​ការជាសះស្បើយ​ក្រោយពី​លោក ណុប បាយ៉ារិទ្ធ បន្ត​ឃុំខ្លួន​នៅផ្ទះ ១៤ ថ្ងៃ បន្ទាប់ពី​ចេញពី​មន្ទីរពេទ្យ។ សហការី

គួរ​រំឭក​ដែរ​ថា តារាចម្រៀង​ប្រុស​នៅ​ផលិតកម្ម​រស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបាន​រកឃើញ​ថា វិជ្ជមាន​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១ រួច​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដឺ ហ្គ្រេដឌុក អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់។

ឆ្លងកាត់​ដំណើរការ​ព្យាបាល ២៥ ថ្ងៃ កាលពី​ថ្ងៃទី ២ ខែ​មេសា ឆ្នាំ ២០២១ កន្លងមក​នោះ លោក​បាន​ប្រកាស​ម្តង​រួចមកហើយ​ថា ខ្លួន​បាន​ជា​សះស្បើយ​ពី​ជំងឺ​ដ៏កាចសាហាវ​នេះហើយ ដោយ​បាន​បន្តធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ ថ្ងៃ ថែមទៀត​នៅ​គេហដ្ឋាន​ផ្ទាល់​ ដើម្បី​ឱ្យ​ជាក់ច្បាស់​ថា​លោក​ពិតជា​សះស្បើយ​ប្រាកដ​មែន។

តារាចម្រៀង​ផលិតកម្ម​ហង្សមាស​លោក ណុប បាយ៉ារិទ្ធ បានប្រកាស​ទៀតថា៖ «២៥ ថ្ងៃ​គត់​នៃ​ការសម្រាក​ព្យាបាល​របស់ខ្ញុំ ខ្ញុំ​សូម​សំពះ​អរគុណ ចំពោះ​ការយកចិត្ត​ទុកដាក់​ព្យាបាល​ដល់​រូបខ្ញុំ ក៏ដូចជា​អ្នកជំងឺ​ទាំងអស់​ដែល​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke Hotel។ ថ្ងៃនេះ​ខ្ញុំ​ទទួល​បាន​ដំណឹង​ល្អ​គឺ​លទ្ធផល​អវិជ្ជមាន ២ ដង លោកគ្រូ​ពេទ្យ​បាន​អនុញ្ញាត​ឱ្យចេញ​ទៅធ្វើ​ចត្តាឡីស័ក​បន្ត​នៅផ្ទះ ១៤ ថ្ងៃ​បន្ថែម។ ខ្ញុំ​បាន​ទៅផ្ទះ​ហើយ ខ្ញុំ​សូម​ថ្លែងអំណរគុណ​អស់ពី​ចិត្ត ចំពោះ​ក្រុម​លោកគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​លោកគ្រូពេទ្យ អ្នកគ្រូ​ពេទ្យ​ទាំងអស់ ដែល​អញ្ជើញ​មកពី​មន្ទីរពេទ្យ មន្ទីរ​សុខាភិបាល និង​មណ្ឌល​សុខភាព»៕

អត្ថបទគួរចាប់អារម្មណ៍