ភ្នំពេញៈ នា​ពេល​ថ្មីៗនេះ​ សង្កេត​ឃើញ​ថា តារា​សម្តែង និង​ពិធីការិនី មាន​ឈ្មោះ​ពិត​ថា​ អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ កំពុង​តែ​មាន​រាសី​ឡើង​ក្រឺតៗ ដោយ​បាន​ក្តោប​ឱកាស​យ៉ាង​ណែន​ដៃ​ក្នុង​សិល្បៈ ក្លាយ​ជា​អ្នក​មេម៉ាយ​ក្តៅ​ស្រួយ​១​ប្រាវ​ទាំង​វ័យ​ក្មេង បន្ទាប់​ពី​រៀប​ការ​បាន ៥ ខែ ក៏​ប្រកាស​ដំណឹង​លែង​លះ​ប្តី​មក​នោះ។

ក្រោយ​ពី​កែកុន​ផ្ទៃ​មុខ​ស្រស់​ស្អាត ណូម័រ ហាក់​ដូចជា​មាន​យីអ៊ុន​ឡើង​ក្រឺតៗ​តែ​ម្ដង ព្រោះ​ពេល​ទៅ​ណា​មក​ណា ត្រូវ​គេ​សរសើរ​ថា ស្អាត​ជាង​មុន ហើយ​ក៏​ឃើញ​ការ​ងារសិល្បៈ​របស់​នាង​ មាន​ភាព​មមាញឹក​ខ្លាំង​ជាង​មុន ដោយ​នាង​បាន​បន្ថែម​អាជីព​សិល្បៈ​ចម្រៀង​មួយ​ទៀត ពីលើ​អាជីព​សិល្បៈ​ចាស់​ជា​តារា​សម្តែង និង​ពិធីការិនី​នោះ។ គេ​ឃើញ​អ្នក​នាង ណូម័រ ​បាន​ចេញ​ថត MV បទ​ចម្រៀង​របស់​លោក ជុំ លីណូ និង​លោក អនុស្សាវរីយ៍ ហើយ​ក៏​ចេញ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា «មិន​ចុះ​អេតាស៊ីវិល» ដែល​ច្រៀង​គូ​ជាមួយ​នឹង​តារា​ចម្រៀង​ប្រុស​លោក វិរៈ រៀម និង​បាន​លេច​មុខ​តាម MV បទ​ចម្រៀង​របស់​ផលិតកម្ម​ថោន និង​សាន់ដេ ដែរ។

អ្នកមេម៉ាយ ណូម័រ ទើប​ចេញ​បទចម្រៀង​ក្នុុងអាជីព​ថ្មី​តារា​ចម្រៀង។ ​ហ្វេសប៊ុក​

តារាស្រី​មេម៉ាយ​ក្តៅ​ស្រួយ វ័យ​ក្មេង​អ្នក​នាង ណូម័រ ក៏​បង្ហើប​អំពី​បច្ចុប្បន្ន​ភាពពី​ការងារ​សិល្បៈ​ខ្លួន​ផង​ដែរ ខណៈ​ជួប​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពេល​កន្លង​មក​ថា៖ «ទោះ​បី​ជា​វិបត្តិ​កូវីដ១៩​ នៅ​មិន​ទាន់​ស្ងាត់​មែន​ក្តី ប៉ុន្តែ​នាង​ខ្ញុំ នៅតែ​មាន​ការងារ​សិល្បៈ​ធ្វើ​ជា​ហូរហែរ​ហូត​មក»។

ពិធីការិនី ឈ្មោះពិត អនរ៉ាស៊ី សុមេត្តា ហៅ​កញ្ញា ណូម័រ នោះ​បាន​ចូល​រោង​ជ័យ​ក្រាបផ្ទឹម តាម​ប្រពៃណី​ខ្មែរ ជាមួយ​នឹង​ពិធីករ​ទូរទស្សន៍ ឬ​វីជេ សុភា ​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា ឆ្នាំ ២០១៩ ដោយ​បាន​រៀប​ចំ​ទទួល​ភ្ញៀវ​ចំនួន ៧០ តុ នៅ​ឯ​មជ្ឈមណ្ឌល Capital Wedding Hall ស្ថិត​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ​ ក្រោយ​ពី​បាន​បង្កាត់​ភ្លើង​ស្នេហ៍ និង​ស្វែង​យល់​ចិត្ត​គ្នា​តែ​មួយ​រយៈខ្លី​ប៉ុណ្ណោះ។

ខណៈ​អ្នក​ទាំង ២ ក៏​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ដោយសារ​ពួកគេ​ក៏​ប្រកាស​ពី​ការ​លែងលះ​គ្នា​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០១៩ កន្លងមក ក្រោយពី​រៀបការ​បាន​ត្រឹម​តែ ៥ ខែ​ប៉ុណ្ណោះ។

ក៏​ប៉ុន្តែ ណូម័រ ក៏​មិន​មាន​កូន​ជាប់​ចំណង​ស្នេហ៍​នោះ​ទេ ហេតុនេះ​ហើយ​ទើប​គេ​ឃើញ​ថា នាង​មក​ចាប់​ផ្ដើម​ប្រឡូក​អាជីព​សិល្បៈ​យ៉ាង​ពេញ​ទំហឹង​ឡើង​វិញ​គ្មាន​អារម្មណ៍​បាក់​ទឹក​ចិត្តនោះ​ឡើយ។

ចំណែក​ការ​ចេញ​បទ​ចម្រៀង «មិន​ចុះ​អេតា​ស៊ីវិល» ដែល ណូម័រ​បង្ហោះ​នៅ​លើ​បណ្តាញ​យូធូប ក៏​ទាក់ទាញ មិត្ត​អ្នក​ស្តាប់​មួយ​ចំនួន​ក៏​បាន​យល់ថា ប្លែក​អារម្មណ៍​ផង​ដែរ ខណៈ​ប្រិយមិត្ត​ភាគ​ច្រើន​មិន​គិតថា ស្រី​ស្អាត ណូម័រ បង្វែរ​ទិស​មក​ច្រៀង ពង្រីក​ទីផ្សារ​សិល្បៈ​បែប​នេះ​ឡើយ៕