ភ្នំពេញៈ ទីបំផុត​តារាសម្តែង និង​ពិធីការិនី​ដែល​មាន​ឈ្មោះ អន រ៉ាស៊ីសុមេត្តា ហៅ​កញ្ញា ណូម័រ នោះ​បាន​ចូល​រោងជ័យ​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​នេះ ជាមួយ​នឹង​ពិធីករ​ទូរទស្សន៍ ឬ​វីជេ សុភា ក្រោយពី​បាន​បង្កាត់​ភ្លើង​ស្នេហ៍ និង​ស្វែង​យល់ចិត្ត​គ្នា​បាន​តែ​មួយរយៈ​ខ្លី​តែ​ប៉ុណ្ណោះ​។

ទីបំផុត​តារាស្រី​ដែល​មាន​ប្រជាប្រិយភាព​ល្បី​គួរសម និង​ជា​ពិធីការិនី​ទូរទស្សន៍​រូប​ស្រស់ កញ្ញា ណូម័រ បាន​សម្រេច​ដឹក​ដៃគូ​ស្នេហ៍​ជា​អ្នកសិល្បៈ​ដូចគ្នា​ចូល​រោងការ​ក្រាប​ផ្ទឹម​ដល់​កន្ទេល​នៅ​ថ្ងៃទី​ ២៨ ខែ​ឧសភា ឆ្នាំ​ ២០១៩ នេះ​ហើយ​ដែល​រៀបចំ​ទទួល​ភ្ញៀវ​ចំនួន ៧០ តុ នៅឯ​មជ្ឈមណ្ឌល Capital Wedding Hall សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

តារាសម្តែង និង​ពិធីការិនី​កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ​។ រូបថត ហ្វេសប៊ុក

កញ្ញា ណូម័រ ប្រាប់​ពី​ការអញ្ជើញ​ភ្ញៀវ​អ្នកសិល្បៈ​ចូលរួម​ពិធី​មង្គលការ​នាង​ដល់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​តាម​គម្រោង​នោះ​គឺ​យើង​បាន​កំណត់​អញ្ជើញ​ត្រឹម​ចំនួន​ប្រមាណ​ជា ៧០ តុ ប៉ុណ្ណោះ ហើយ​ភាគច្រើន​គឺជា​មិត្ត​អ្នកសិល្បៈ​ទាំង​ស្គាល់​រូបនាង​ខ្ញុំ និង​បងភា​។ ចំពោះ​អ្នកសិល្បៈ​ចម្រៀង​គឺ​នាង​ខ្ញុំ​បាន​អញ្ជើញ​តែ​ខាង​ផលិតកម្ម​ថោន និង​សាន់ដេ​ទេ​ព្រោះ​នាង​ខ្ញុំ​បាន​ស្គាល់​ពួកគាត់​ច្រើន​ពេល​ទៅ​ថត MV ឲ្យ​ផលិតកម្ម​ទាំង​ ២ ​នេះ ខណៈ​ខាង​ហង្សមាស ដូចជា​មិន​មាន​ច្រើន​ទេ​ព្រោះ​ខ្ញុំ​មិន​សូវ​ស្គាល់​។ ក្រៅពី​នេះ​នាង​ខ្ញុំ​ច្រើន​ស្គាល់​អ្នកសិល្បៈ ឬ​មិត្តភក្តិ​ខាង​ទូរទស្សន៍​ច្រើន​ដែរ​ដូចជា​ទូរទស្សន៍ CTN និង​ទូរទស្សន៍​ ​PNN ជាដើម​។

មុន​នេះ​បន្តិច តារាសម្តែង​ស្រី កញ្ញា ណូម័រ ដែល​ដើម​ឡើយ​ល្បី​ថា មាន​លោកគ្រូ​ពេទ្យ​ម្នាក់​តែងតែ​តាម​សុំ​ស្នេហ៍​យ៉ាង​ស្អិត​ដូច​តុកកែ ក៏​បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ម្តង​ហើយ ចំពោះ​រឿង​ដែល​នាង និង វីជេ សុភា ក្រោយ​ពី​មាន​ទំនាក់ទំនង​នឹង​គ្នា​ក៏​បាន​ព្រមព្រៀង​គ្នា​ទៅ​ចុះ​អេតាស៊ីវិល ដើម្បី​ប្រើ​ឈ្មោះ​ទិញ​ផ្ទះ​វីឡា​រួម​គ្នា​មុន​ថ្ងៃ​រៀបការ​។

តែ​យ៉ាងណា​ដោយសារ​ការស្រឡាញ់​យល់ចិត្ត​គ្នា​ទោះបី​ជា​ទើប​តែ​បាន​សារភាព​ទទួល​យក​សំណើ​កុងត្រា​បេះដូង​ក្នុង​រយៈពេល​ខ្លី​មែន​ក្តី ក៏​អ្នក​ទាំង ២ ​បាន​ដើរ​ដល់​ផ្លូវ​មួយ​គឺ​រៀបចំ​ពិធីមង្គលការ​តាម​ប្រពៃណី​ខ្មែរ​ដោយ​មាន​ការដឹងឮ ពី​សំណាក់​ចាស់ទុំ​ទាំង​សងខាង​ដែល​ធ្វើឲ្យ​អ្នកសិល្បៈ និង​ទស្សនិកជន​ជាច្រើន​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​អ្នក​ទាំង​ ២ ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ពិធីមង្គលការ​របស់​កញ្ញា ណូម័រ និង​វីជេ សុភា ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា ឆ្នាំ​ ២០១៩ នេះ​ដែល​ទទួល​ភ្ញៀវ​នៅ​ទីតាំង​មជ្ឈមណ្ឌល Capital Wedding Hall ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​៕