ភ្នំពេញ: ហាងលក់ឧបករណ៍ភ្លេងព្យ៉ាណូ The Piano Shop Cambodia ត្រូវបានខលហៅឲ្យឆែកព្យ៉ាណូចាស់មួយនៅក្នុងសាលនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកាលពីដើមឆ្នាំ។
តន្ដ្រីករព្យ៉ាណូអ៊ីតាលីដែលមករស់នៅកម្ពុជាជិត ១ ទសវត្សរ៍លោក Gabriele Faja បានរកឃើញថា វាជាព្យ៉ាណូម៉ាក Steinway & Sons ដ៏មានតម្លៃផលិតនៅទីក្រុងហេមប៊ឺក អាល្លឺម៉ង់ ក្នុងឆ្នាំ ១៩៨២។ លោកបានសហការជាមួយជាងជួសជុលក្នុងស្រុកម្នាក់ដើម្បីស្រោចស្រង់ព្យ៉ាណូនេះ និងបង្កើតកម្មវិធីតន្ដ្រីសប្បុរស The Piano Trilogy នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ ខាងមុខ។
លោក Gabriele Faja ជាអគ្គនាយក Soundskool និងជាសមាជិក ISI GROUP បាននិយាយថា៖ «ថ្ងៃមួយបុគ្គលបានខលហៅយើងជួសជុលព្យ៉ាណូនោះ ដោយសារវាត្រូវបានទុកចោលប្រមាណ ៤ ទៅ ៥ ឆ្នាំហើយ។ ពេលនេះ ខ្ញុំជួសជុលវារួចហើយ ហើយវាតម្លៃខ្ទង់ ១០ ម៉ឺនដុល្លារឯណោះ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលមែនទែន ហើយខ្ញុំបានជជែកជាមួយមិត្ដភក្ដិថា តើយើងគួររៀបចំព្រឹត្ដិការណ៍សប្បុរសធម៌មួយ និងប្រមូលប្រាក់សម្រាប់មន្ទីរពេទ្យវិញ»។
សាល Kantha Bopha Auditorium ត្រូវបានកសាងឡើងដោយវេជ្ជបណ្ឌិត ប៊ីត រីចន័រ សម្រាប់រៀបចំកម្មវិធីតន្ដ្រីសប្បុរសនានា។
វេជ្ជបណ្ឌិត រីចន័រ គឺជាអ្នកលេងឧបករណ៍សូឡូ ដូច្នេះលោកឌីហ្សាញសាលតន្ដ្រីនេះយ៉ាងពិសេសសម្រាប់កម្មវិធីប្រគំតន្ដ្រីបុរាណ។ សាលតន្ដ្រីដែលមាន ៦០០ កៅអី ចែកជា ២ ថ្នាក់នឹងត្រូវបានរៀបចំកម្មវិធី The Piano Trilogy ដែលជាព្រឹត្ដិការណ៍ដំបូងក្រោយពីមរណភាពលោកវេជ្ជបណ្ឌិត។
លោក Gabriele Faja អាយុ ៣៩ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គាត់បានកសាងកន្លែងដ៏ស្រស់ស្អាតនេះ ហើយគ្មាននរណាម្នាក់ប្រើវាតាំងពីលោកមិនទាន់ស្លាប់។ ខ្ញុំមិនដែលបានលេងតន្ដ្រីជាមួយគាត់ និងដើម្បីគាត់នោះទេ ពីព្រោះខ្ញុំដឹងថា គាត់ជាតន្ដ្រីករ ១ រូប និងចូលចិត្ដតន្ដ្រីក្រៅពីការងារចម្បងរបស់គាត់»។
លោកបានរំឭកពីកិច្ចសន្ទនាជាមួយវេជ្ជបណ្ឌិត ប៊ីត រិចន័រ ពេលពួកគេជជែកអំពីប្រភេទតន្ដ្រីតម្រូវឲ្យអ្នកចូលរួមមានការផ្ចង់អារម្មណ៍ខ្ពស់ដែលកម្រត្រូវបានរៀបចំនៅកម្ពុជា។
លោកនិយាយថា៖ «ជាទូទៅចំពោះវប្បធម៌បស្ចិមប្រទេសពេលយើងមានការប្រគំតន្ដ្រីបែបនេះអ្នកទស្សនាសុទ្ធតែស្ងាត់ស្ងៀម។ ប៉ុន្ដែនៅអាស៊ី ច្បាស់ជាមានឮសំឡេងទូរស័ព្ទ ក្មេងរត់ចុះឡើងៗ និងអ្នកទស្សនាដើរចេញចូលៗឥតឈប់។ យើងត្រូវស្ងាត់ស្ងៀម មិនមែនមានន័យថា យើងជាមនុស្សពិបាកសម្របខ្លួននោះទេ តែដោយសារយើងចង់ឲ្យអ្នកទស្សនាមានទំនាក់ទំនង កែវភ្នែក បេះដូង ដួងវិញ្ញាណ និងត្រចៀកផ្ដោតលើតន្ដ្រីដ៏ពិតប្រាកដ។ បើយើងមិនស្ដាប់ យើងប្រាកដជាគ្មានអារម្មណ៍ចំពោះតន្ដ្រី។ ខ្ញុំគិតថា លោកវេជ្ជបណ្ឌិត រិចន័រ តែងតែព្យាយាមធ្វើបែបនេះពេលលោកលេងតន្ដ្រី»។
កម្មវិធីប្រគំតន្ដ្រី The Piano Trilogy មានតន្ដ្រីករព្យ៉ាណូ ៣ រូបដែលនឹងប្រគំ ២០ នាទីម្នាក់។ តន្ដ្រីករ Metta Legita (ឥណ្ដូនេស៊ី) Philippe Javelle (បារាំង) និងលោក Gabriele Faja (អ៊ីតាលី) ជ្រើសរើសប្រភេទតន្ដ្រីផ្ទាល់ខ្លួន។
លោកបន្ដថា៖ «យើងព្យាយាមធ្វើដូចគ្នាដែរ។ យើងនឹងបន្តឹងវិន័យនៃការប្រើប្រាស់ទូរស័ព្ទ និងកាមេរ៉ា។ យើងព្យាយាមរក្សាទស្សនិកជនឲ្យមានភាពស្និទ្ធស្នាលនឹងគ្នា។ ព្យ៉ាណូមួយជីវិតមួយ និងតន្ដ្រីករមួយដែលនឹងសម្ដែង ២០ នាទីម្នាក់ រួចយើងសម្រាកស្រស់ស្រូបអាហារ និងភេសជ្ជៈ មុនបន្ដដល់វេណតន្ដ្រីករម្នាក់ទៀត»។
ទោះបីជាតន្ដ្រីប្រភេទនេះមានការពេញនិយមខ្លាំងនៅបស្ចិមប្រទេសលោកអះអាងថាព្រឹត្ដិការណ៍ The Piano Trilogy Siem Reap ក៏នឹងទទួលភ្ញៀវជាតិ ដែលជាអ្នករៀនផ្នែកតន្ដ្រី និងភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ។
លោកបាននិយាយថា៖ «យើងមានសាលាតន្ដ្រីមួយនៅសៀមរាប ហើយយើងបានដឹងថា សិស្សកម្ពុជានឹងមានការគាំទ្រច្រើន។ ខ្ញុំគិតថា ទស្សនិកជននឹងមានចម្រុះ»។
យ៉ាងណាមិញ លោកសារភាពថាព្រឹត្ដិការណ៍នេះនឹងមានភ្ញៀវ ២ ប្រភេទគឺអ្នកស្រឡាញ់តន្ដ្រីពិតប្រាកដ និងអ្នកមានបំណងចង់ជួយទិញសំបុត្រសប្បុរសធម៌ច្រើនជាង។
លោក Gabriele Faja បន្តថា៖ «យើងអាចនិយាយថា បើមិនចូលចិត្ដតន្ដ្រី សុំកុំចូលអី។ គ្រាន់តែចំណាយប្រាក់ទិញសំបុត្រ រួចសម្រាកនៅផ្ទះបានហើយ។ ខ្ញុំគិតថា លោកវេជ្ជបណ្ឌិតក៏បានលើកឡើងថា បើអ្នករៀបចំកម្មវិធីប្រគំតន្ដ្រីដោយលក់សំបុត្រ ចំណុចស្នូលត្រូវតែជាព្រឹត្ដិការណ៍ប្រគំតន្ដ្រីដ៏ពិតប្រាកដ បន្ទាប់មកវាច្បាស់ជាមានគោលបំណងជាក់លាក់»។
The Piano Trilogy Siem Reap ប្រារឰឡើងនៅ KanthaBopha Auditorium នៅថ្ងៃសុក្រ ទី ១០ ខែមករា ឆ្នាំ ២០២០។ សំបុត្រមានតម្លៃ ៨ ដុល្លារ ហើយប្រាក់ចំណូលទាំងអស់នឹងត្រូវប្រគល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា៕
សម្រាប់ព័ត៌មានលម្អិត សុំចូលទៅកាន់វេបសាយ The Piano Shop Cambodia: www.thepianoshopcambodia.com។