The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តន្ដ្រី​រ៉ុក​កូរ៉េ​ខាង​ត្បូង ​ត្រដរ​​ឈរ​ជើង​ក្នុង​ប្រទេស​ជន់​ដោយ​វប្បធម៌​ K-pop

តន្ដ្រី​រ៉ុក​កូរ៉េ​ខាង​ត្បូង ​ត្រដរ​​ឈរ​ជើង​ក្នុង​ប្រទេស​ជន់​ដោយ​វប្បធម៌​ K-pop

Content image - Phnom Penh Post
ក្រុម​តន្ត្រី​រ៉ុក Monsters Dive ហាត់សម​​ច្រៀង ដែល​អ្នក​ខ្លះ​ចាត់ទុកថា​ជាការ​សម្ដែង​ឮៗ និង​ច្រងេងច្រងាង​​។ រូបថត AFP

តន្ដ្រី​រ៉ុក​កូរ៉េ​ខាង​ត្បូង ​ត្រដរ​​ឈរ​ជើង​ក្នុង​ប្រទេស​ជន់​ដោយ​វប្បធម៌​ K-pop

ក្រុង​សេអ៊ូល៖ ក្បាល​ងោក​ស្រប​តាម​ចង្វាក់​ភ្លេង​បែប​រន្ថើន​​ក្នុង​ប្រទេស​គ្រប​ដណ្ដប់​ដោយ​​​​ឧស្សាហកម្ម​ K-pop ដែល​រក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ ក្រុម​តន្ដ្រី​រ៉ុក​របស់​កូរ៉េ​ខាង​ត្បូង មាន​ឱកាស​មិន​សូវ​ធំធេង​ក្នុង​វិស័យ​សិល្បៈ​នេះ​។

ស្ថិត​ក្នុង​សភាព​ស្អិទ្ធស្នាល​នៃ​បន្ទប់​ក្រោម​ដី ក្រុម Monsters Dive សមាជិក​ ៥ នាក់ បាន​​សម្ដែង​ចម្រៀង​នៅ​ចំពោះ​​មុខ​មហាជន​ដ៏​តិចតួច​​ភាគ​ច្រើន​នាំគ្នា​អង្គុយ លុះត្រា​តែ​មេ​ក្រុម ឈូ យឿនស៊ីក អញ្ជើញ​ឲ្យ​ក្រោក​ឈរ​។

និស្សិត​ផ្នែក​គិលានុបដ្ឋយិកា​ អាយុ ២៥ ឆ្នាំ ដែល​ប្រែ​ក្លាយ​ជា​អ្នក​លេង​ចង្វាក់​រ៉ុក​លើ​ឆាក​តន្ដ្រី​ដ៏​តូច​​​បាន​ស្រែក​​ថា៖ «​រួច​រាល់​ហើយ​ឬនៅ​?»​។

ជី អឿន អាយុ ២៣ ឆ្នាំ ជា​ទស្សនិកជន​ម្នាក់​បាន​និយាយ​ថា​៖ «​ជា​ទូទៅ ខ្ញុំ​មិន​ធ្លាប់​ស្ដាប់​តន្ដ្រី​ស្រែក​កោក​កាក​នោះ​ទេ​។ ប៉ុន្ដែ​ការ​សម្ដែង​របស់​ពួក​គេ​ពិត​ជា​អស្ចារ្យ​»។

ប៉ុន្ដែ​ក្រុម Monsters Dive អ្នក​កាន់​ហ្គីតា និង​តែង​និពន្ធ គីម សាងវ៉ាន​ អាយុ ៣៥ ឆ្នាំ បាន​ទទួល​ស្គាល់​ថា ស្ទីល​តន្ដ្រី​នេះ​នៅ​មិន​ទាន់​ពេញ​និយម​នៅ​ឡើយ​ទេ​។

លោក​និយាយ​ថា​៖ «​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ទំនង​ជា​ចូលចិត្ដ​តន្ដ្រី​តែ​មួយ​ប្រភេទ​។ បើ​វា​ជា​ K-pop អ៊ីចឹង​ពួក​គេ​ស្ដាប់​តែ K-pop​។ តន្ដ្រី​ K-pop និង​ Hip Hop របស់​កូរ៉េ​ខាង​ត្បូង ពិត​ជា​ពេញ​និយម តែ​ផ្ទុយ​ទៅវិញ ​តន្ដ្រី​ផ្សេង​ៗ​ទៀត មិន​ត្រូវ​បាន​គេ​ខ្វល់ខ្វាយ​»។

Content image - Phnom Penh Post
ក្រុម​តន្ត្រីរ៉ុកកូរ៉ខាង​ត្បូង ត្រូវ​ប្រកប​​​របរ​ផ្សេង​មកទ្រទ្រង់​អាជីព​ចម្រៀង។ រូបថត AFP

សំឡេង​តន្ដ្រី​ងាយ​ៗ​ និង​ចង្វាក់​តុង​ខ្ពស់​នៃ​តន្ដ្រី K-pop បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ទំនោរ​ពេញ​និយម​នៃ «​Korean Wave» ដែល​ល្បី​ពេញ​តំបន់​អាស៊ី​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ​នេះ​។ ឧស្សាហកម្ម​កម្សាន្ដ​កូរ៉េ​ខាង​ត្បូង​ពេល​​នេះ មាន​តម្លៃ​ប្រមាណ ៥ ពាន់​លាន​ដុល្លារ​ ដោយ​ក្រុម​ចម្រៀង​បុរស BTS រក​បាន​ចំណូល​ខ្ពស់​បំផុត​។

ក្នុង​ចំណោម​យុវជន​ជា​និស្សិត​ដែល​ចូលចិត្ដ​កាហ្វេ និង​ការាអូខេ​អនុវប្បធម៌​តន្ដ្រី​រ៉ុក​រមែង​រៀបចំ​ឡើង​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ ជាពិសេស​បន្ទប់​ក្រោម​ដី​ជាដើម​។

ទោះ​ការ​សម្ដែង​ខ្នាត​ធំ​របស់​ពួក​គេ​ទទួល​បាន​ចំណូល​តែ ៣៥០ ដុល្លារ ដែល​រួម​ទាំង​ការ​លក់​សំបុត្រ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​ចម្រៀង​រ៉ុក មាន​បន្ទប់​ហាត់​សម​ ការ​ថត​សំឡេង និង​ផលិត​វីដេអូ​ចម្រៀង​ដើម្បី​រក្សា​តំណែង​ក្នុង​បណ្ដាញ​សង្គម​ដដែល​។

ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ និង​អ្នក​គាំទ្រ​​ជា​រឿង​សំខាន់​ចំពោះ​ក្រុម​ចម្រៀង​រ៉ុក​ ដែល​ស្រឡាញ់​​ចូលចិត្ដ​សិល្បៈ​តន្ដ្រី​មួយ​នេះ​ ជា​ជាង​លុយ​កាក់​។

លោក ឈូ យឿនស៊ីក បាន​រំឭក​ថា៖ «​គ្រាមួយ​ ខ្ញុំ​នៅ​ក្នុង​រថយន្ដ​ជាមួយ​អ្នក​ម្ដាយ និង​ចាក់​ស៊ីឌី​ស្ដាប់​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា តន្ដ្រី​បែប​នេះ​ពិត​ជា​រំខាន​ត្រចៀក​ណាស់​ ហើយ​ស្ដាប់​សំឡេង​កាន់​តែ​ធ្វើ​ឲ្យ​មួម៉ៅ​ថែម​ទៀត​ និង​មួហ្មង​រហូត​​ដល់​ជាន់​រថយន្ដ​កាន់​តែ​លឿន​»។

លោក​​បន្ដថា​៖ «​ប៉ុន្ដែ​គាត់​និយាយ​ថា គាត់​ចូល​ចិត្ដ​ឧបករណ៍​ភ្លេង និង​គាំទ្រ​បំណង​របស់​ខ្ញុំ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍