ក្រុងហូជីមិញ៖ រាល់​យប់​ដែល​ ញ៉ា វី បោះ​ជំហាន​ទន់ភ្លន់​ឡើង​លើ​វេទិកា​​​ដោយ​គ្រង​ឈុត​​ប្រពៃណី​វៀតណាម​ អោដៃ ​ឬ​ជួនកាល​​​រ៉ូប​ខ្លី ​និង​ស្បែក​ជើង​កែង​ចោត​ បាន​រំឭក​ពាក្យ​ចំអក​ឡកឡាយ​ដែល​ខ្លួន​តែង​​ទទួល​រង​ក្នុង​នាម​ជា​នារី​​ប្ដូរ​ភេទ។ ​

ញ៉ា វី ជា​អ្នក​សម្ដែង​​ម្នាក់​ក្នុង​ចំណោម​​​រាប់រយ​នាក់​ ​នៅ​​វៀតណាម​ដែល​ជា​បុគ្គល​មាន​​ទំនុក​ចិត្ត ​និង​មាន​របរ​រកស៊ី​តាមរយៈ​កម្មវីធី​ឆ្នោត​ឡូតូ​ ​​ជា​ទម្រង់​នៃ​ការ​កម្សាន្ដ​​មាន​តាំងពី​សម័យ​អាណានិគម​និយម​បារាំង​ ហើយ​​បច្ចុប្បន្ន​នេះ​មាន​ប្រជាប្រិយភាព​នៅ​ភាគ​ខាង​ត្បូង​។

ដូច​​ក្រុម​អ្នក​ស្រឡាញ់​ភេទ​​ដូច​គ្នា​​ផ្សេង​ទៀត​​​ក្នុង​សង្គម​វៀតណាម​នារី​វ័យ ​២៦ ឆ្នាំ​រូប​នេះ ​ធ្លាប់​​​ជួប​នឹង​ការ​អាម៉ាស់​ដែល​ត្រូវ​​គេ​រើសអើង​​​ក្នុង​ជីវិត​ទោះ​មាន​ការ​​ផ្លាស់​ប្ដូរ​ខ្លះ​​ក្នុង​របប​កុម្មុយនីស្ត​នេះ​​ក៏​ដោយ​។

អង្គុយ​នៅ​លើ​ពូក​ក្នុង​បន្ទប់​ជួល​ក្រុង​​ហូជីមិញ ញ៉ា វី​​​ប្រាប់​ AFP ថា៖ «​​ទោះ​ខ្ញុំ​មាន​សញ្ញាបត្រ​ ខ្ញុំ​​​មាន​អារម្មណ៍​តូច​ទាប និង​​មិន​ហ៊ាន​ដាក់​ពាក្យ​ធ្វើ​ការ​ទេ​»។

ញ៉ា វី​ ថា៖ «​ដូច្នេះ​​​ខ្ញុំ​ប្រកប​មុខ​របរ​នេះ​ដើម្បី​រក​លុយ​ ប៉ុន្តែ​ពេល​​​ខ្ញុំ​​​ឡើង​ឆាក​​បែប​ជា​ស្រី​​ ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​»។

ទស្សនិកជន​ការសម្ដែង​ ឡូតូ ភាគច្រើន​ជា​ក្មេង​ៗ​។ រូបថត AFP

ដល់​ទសវត្សរ៍​​ឆ្នាំ ​១៩៩០ ការ​សម្តែង​បែប​នេះ​ ​គឺ​ជា​ផ្នែក​សាមញ្ញ​មួយ​​នៃ​ការ​រស់​នៅ​​អ្នក​ជនបទ​ភាគ​ខាង​ត្បូង​ ប៉ុន្តែ​វា​​​បាត់​ទៅ​វិញ​ រហូត​ដល់​ក្រុម​ Sai Gon Tan Thoi ចាប់​ផ្ដើម​ល្បី​លើវេទិកា​​រាត្រី​កាល​ផ្សាយ​ផ្ទាល់​​ក្នុង​​ឆ្នាំ ​២០១៧​។

ទស្សនិកជន​មក​ពី​ក្រុង​ហូជីមិញ និង​ខេត្ត​ក្បែរ​ខាង ប៊ីងដួង សុទ្ធសឹង​ជា​ក្មេងៗ និង​ទស្សនា​អាវ​ផាយ​ពណ៌​ឥន្ធធនូ​នៅ​ក្នុង​កញ្ចក់​ទូរស័ព្ទ​របស់​ពួក​គេ។

ឡាគីម ឈួយិន ជា​ស្ត្រី​ប្ដូរ​ភេទ​​​ធ្លាប់​​ធ្វើ​ការ​សម្ដែង​ជាមួយ​នឹង Sai Gon Tan Thoi​ និង​ក្រុម​ឆ្នោត​ឡូតូ​ផ្សេង​ទៀត​ ​​ស្គាល់​​​​ជា​ ឡូតូ ​នៅ​វៀតណាម​ តាំង​ពី​​ក្មេង​​​​និយាយ​​ថា៖​ «​ពួក​យើង​សម្ដែង​ទាំង​ញើស​ឈាម និង​ទឹក​ភ្នែក​​ ដែល​មិន​ត្រឹម​តែ​ផ្ដល់​ការ​សប្បាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ចង់​ឲ្យ​​គេ​បាន​យល់​ថា​ នេះ​គឺ​ជា​អ្នក​ជំនាញ​ពិត​ប្រាកដ»។

​នារី​ប្ដូរ​ភេទ​វៀតណាម​ដើរ​លក់​ឆ្នោត​ឡូតូ​ក្នុង​ដងវិថីមមាញឹក​។ រូបថត AFP

ស្ត្រី​វ័យ ៣៩ ឆ្នាំ ​​​និយាយ​ពេល​កំពុង​តប់​ម្សៅ​លើ​មុខ​មុន​ពេល​ឡើង​សម្ដែង​​ថា៖ «ខ្ញុំ​​រីករាយ​នឹង​​​ជីវិត​បែប​នេះ​ ​ជាមួយ​​​អ្វី​ដែល​​​អាច​ធ្វើ​បាន​​ ​ដោយ​ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​​ និង​​ម្ដាយ​»។

វៀតណាម​ត្រូវ​គេ​​មើល​ឃើញ​​ថា​ មាន​ការ​រីក​ចម្រើន​បន្តិច​ម្តងៗ លើ​​សហគមន៍​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​​ដែល​ប្រទេស​ដឹកនាំ​ដោយ​​គណបក្ស​តែ​មួយ​បាន​លុប​​បម្រាម​អាពាហ៍ពិពាហ៍​​​ភេទ​​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៥ ទោះ​​មិន​ទទួល​ស្គាល់​ពេញ​លេញ​​ចំពោះ​សហជីព និង​ច្បាប់​កែ​ភេទ​ដែល​បាន​សន្យា​​តាំង​ពី​យូរ ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​កែ​ភេទ​ស្រប​ច្បាប់​ មិន​ទាន់​សម្រេច​​ជា​រូប​រាង​នៅ​ឡើយ​។ ​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​បាន​​ផ្សាយ​​ថា ​​កុមារ​ខ្លះ​ត្រូវ​បាន​គ្រូ ​និង​ឪពុក​ម្តាយ​បង្រៀន​​​​​ថា​ ការ​ស្រឡាញ់​ភេទ​ដូចគ្នា​​ជា​ជំងឺ​ផ្លូវ​ចិត្ត​៕ AFP/RS