ភ្នំពេញៈ នៅពីក្រោយស្នូរទះដៃកងរំពងក្នុងកម្មវិធីប្រកួតទេពកោសល្យលំដាប់ពិភពលោក Cambodia''s got talent រដូវកាលទី ២ លោក សុខ ច័ន្ទដារ័ត្ន ដែលបានធ្វើឲ្យទស្សនិកជនស្ងើចសរសើរពីសមត្ថភាពលេងឧបករណ៍តន្ត្រីបុរាណលាយសម័យរំលេចជាសូរសៀងស្រាលស្រទន់ពីរោះរណ្តំចិត្ត នៅតែបន្តក្ដីសុបិនលើកកម្ពស់សិល្បៈភ្លេងបុរាណខ្មែរ បើទោះជារូបលោកមានជំនាញផ្នែកគិលានុបដ្ឋាកក្ដី។
អតីតបេក្ខជនឈានដល់វគ្គផ្តាច់ព្រ័ត្រវ័យ ២៤ ឆ្នាំរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំសប្បាយចិត្តណាស់ពេលបានប្រឡងកម្មវិធី Cambodia''s Got Talent មានបងប្អូនខ្មែរជាច្រើនគាំទ្រខ្ញុំ ពិសេសអ្នកភូមិខ្ញុំពួកគាត់មកផ្ទះខ្ញុំច្រើនហើយសរសើរថាល្អ គាត់ចូលចិត្តណាស់ ពួកគាត់ចង់ ឃើញខ្ញុំធ្វើវាបន្តទៀត»។
ទោះជាមិនទទួលជយលាភី តែលោក សុខ ច័ន្ទដារ័ត្ន ដែលកំពុងបម្រើការនៅក្រុមហ៊ុនឯកជនមួយបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រមកក៏នៅតែបន្តដុះខាត់ទេពកោសល្យសិល្បៈចម្រុះសម័យកាល តាមរយៈការចូលប្រឡូកក្នុងវង់ភ្លេងតន្ត្រីបុរាណមួយក្រុម និងជាគ្រូបង្ហាត់ភ្លេងសម័យនៅសាលាតូរ្យតន្ត្រី KMUSIC ផងដែរ។
តន្ត្រីករវ័យក្មេងរូបនេះអាចប្រើប្រាស់ឧបករណ៍ភ្លេងបុរាណបានច្រើនប្រភេទដូចជា ទ្រខ្សែ ៣ ទ្រសោ ទ្រអ៊ូ សាដៀវ ចាប៉ីដងវែង ស្គរ តាខេ និងរនាត។ រីឯឧបករណ៍ភ្លេងសម័យលោក សុខ ច័ន្ទដារ័ត្ន ចេះលេងហ្គីតា និងព្យ៉ាណូ។
ក្នុងចំណោមឧបករណ៍ទាំងអស់លោកស្រឡាញ់ពេញចិត្តជាងគេគឺ ទ្រខ្សែ ៣ ដោយសារលោកមានអារម្មណ៍ថា វាស៊ីចង្វាក់ជាមួយរូបលោកខ្លាំង ហើយវាក៏ជាឧបករណ៍ដែលលោករៀនលេងដំបូងដែរ។
លោក សុខ ច័ន្ទដារ័ត្ន បានរំឭកថាមុននឹងឈានដល់ការចេះប្រើឧបករណ៍តន្ត្រីបុរាណនេះស្ថិតក្នុងវ័យកុមារអាយុ ៩ ឆ្នាំលោកបានឃើញលោកតារបស់លោកលេងទ្រសាដៀវ និងចាប៉ី ហើយក៏ផ្ដើមមានកំណួចចិត្តលើតន្ត្រីបុរាណ។ ដោយសង្កេតឃើញចំណាប់អារម្មណ៍នេះមានថ្ងៃមួយ តារបស់លោកស្រាប់តែសួរថា «តើចៅចង់រៀនលេងតន្ត្រីបុរាណឬទេ?» កុមារា ច័ន្ទដារ័ត្ន បានឆ្លើយតបថា «ចង់» ហើយលោកក៏ចាប់ផ្តើមរៀនតន្ត្រីបុរាណនេះតាំងពេលនោះតរហូតមក។
តន្ត្រីករដែលជាកូនទី ៣ ក្នុងចំណោមបងប្អូន ៤ នាក់នៃគ្រួសារកសិករមានជីវភាពធូរធារនៅខេត្តតាកែវរូបនេះបានរំឭកពីវេលារៀនលេងឧបករណ៍តន្ត្រីដំបូងថា៖ «ការរៀនភ្លេងខ្មែរឧបសគ្គគឺក្នុងការលេងភ្លេងគឺខ្ញុំក្មេងជាងគេអាយុទើបតែ ៩ ឆ្នាំ ហើយអ្នកផ្សេងទៀតអាយុ ១៣-១៤ ឆ្នាំហើយមួយទៀតការរៀនភ្លេងគឺរៀនពេលល្ងាច អ៊ីចឹងពេលហ្នឹងខ្ញុំរៀននៅបឋមគឺពិបាកមែនទែន។ បើសិនរៀនព្រឹកទើបខ្ញុំអាចទៅរៀនភ្លេងពេលថ្ងៃបាន ហើយបើនៅសាលាប្តូរវេនរៀនល្ងាចគឺអត់បានរៀនតែម្តង។ អ៊ីចឹងគឺទុកភ្លេងខ្មែរចោល ហើយចំណេះដឹងភ្លេងក៏តិចជាងគេដែរ តែដោយសារចិត្តស្រឡាញ់ក៏នៅតែបន្តរៀន»។
ទឹកចិត្តស្រឡាញ់ និងការតស៊ូរៀនភ្លេងខ្មែរជាច្រើនឆ្នាំនេះហើយដែលធ្វើឲ្យលោក សុខ ច័ន្ទដារ័ត្ន នាំយកតន្ត្រីបុរាណមកបង្ហាញរួមគ្នាជាមួយតន្ត្រីសម័យលើឆាកប្រកួតទេពកោសល្យលំដាប់ពិភពលោកនាពេលកន្លងមក។
តន្ត្រីករវ័យក្មេងរូបនេះបាននិយាយថា៖ «ហេតុផលដែលខ្ញុំយកទៅបង្ហាញពីព្រោះឧបករណ៍ភ្លេងហ្នឹងមានទ្រខ្សែ ៣ មានសាដៀវ ចាប៉ីដងវែងអីហ្នឹងសុទ្ធតែជាឧបករណ៍ដែលកម្រនឹងមានអ្នកចេះ ហើយម្យ៉ាងទៀតពេលដែលខ្ញុំចេះហើយ ខ្ញុំអត់អាចទុកចោលទេ។ ខ្ញុំត្រូវតែបង្ហាញឲ្យគេឃើញ ព្រោះជាសម្បត្តិវប្បធម៌ជាតិចង់ឲ្យគេបានឃើញ និងបានស្គាល់ឧបករណ៍បុរាណខ្មែរយើង»។
នៅថ្ងៃអនាគតតន្ត្រីករទ្វេសម័យកាល សុខ ច័ន្ទដារ័ត្ន មានបំណងចង់បង្ហាត់បង្រៀននូវឧបករណ៍ភ្លេងបុរាណទាំងអស់នេះទៅដល់ក្មេងៗជំនាន់ ដោយលោកទទូចថា៖ «នេះជាឧបករណ៍ភ្លេងបុរាណជាតិ សិល្បៈជាតិដែលកូនខ្មែរត្រូវតែផ្សព្វផ្សាយនឹងបង្ហាញឲ្យប្រជាជនខ្មែរបានស្គាល់»៕