ភ្នំពេញ៖ បណ្តុំ​​​រូបភាព​នៃ​ក្រុម​តន្រ្តីករ​ចាប៉ី​ដង​វែង និង​​​ក្រុម​នាដកា សហការ​រួម​គ្នា​​បង្កើត​ស្នា​​ដៃ​ថ្មី​មួយ​ឈ្មោះ ​​«ចា​ប៉ី​​រឿង​សុវណ្ណសាម»​​ ដោយ​​​​​កំណត់​​យក​​​​​​ឧបករណ៍​​តន្រ្តី​​បុរាណ​ចាប៉ី​ដង​​វែង​ធ្វើ​​​​ជា​មូលដ្ឋាន។​

បើ​យោង​ទៅ​តាម​​គេហទំព័រ​ផ្លូវ​​ការ​​​ឈ្មោះ​ «Cambodia Cinema Department» បាន​​បង្ហោះ​សារ​ថា៖ «​សកម្មភាព​ការ​ហាត់​​សម​​ចាប៉ី​រឿង​សុវណ្ណសាម។​ ចាប៉ី​រឿង​ ​គឺ​ជា​ទម្រង់​​សិល្បៈ​ល្ខោន​មួយ​បែប​​ ដែល​​ក្រសួង​​​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ទើប​បាន​​ស្រាវជ្រាវ​ និង​​បង្កើត​ឡើង​​ដោយ​ឈរ​លើ​មូលដ្ឋាន​​​ចាប៉ី​ជា​គោល និង​​រួម​ផ្សំ​ជាមួយ​​ការ​សម្តែង​ក្បាច់​រាំ។ ខណៈ​ទស្សនីយភាព​នេះ គ្រោង​​នឹង​ធ្វើ​ការ​ផ្សាយផ្ទាល់​តាម​​​ផេក​ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៣​ ខែ ​ឧសភា ឆ្នាំ ២០២០ ​វេលា​​ម៉ោង​ ៩:០០»។​

លោក សុវណ្ណ ពាងពីរ គឺ​ជា​​តន្រ្តីករ​ចាប៉ី​ដង​វែង ដែល​បាន​​ប្រកប​​អាជីព​​នេះ​​​តាំង​ពី​លោក​​បាន​​ក្លាយ​​ខ្លួន​ជា​ម្ចាស់​​ជយលាភី​​លេខ ១ ​នៃ​ការ​ប្រឡង​ចាប៊ី​ដង​វែង​ថ្នាក់​ជាតិ​នៅ​​​​​ឆ្នាំ ​២០១៥ ​​មាន​ស្រុក​​កំណើត​នៅ​​ភូមិ​ស្មាច់ ឃុំ​ទឹក​ជោរ ស្រុក​ព្រះនេត្រ​​ព្រះ​ ខេត្ត​បន្ទាយមានជ័យ​ ​និង​លោក​ ជ័យ សូដា រស់​នៅ​ភូមិ​រពាក់ ឃុំ​ឈ្នួរ​មាន​ជ័យ​ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ គឺ​ជា​ជយលាភី​​លេខ ​៥ ​​​​​នៃ​​​ការ​​ប្រឡង​​ចាប៉ី​ដង​វែង​ថ្នាក់​ជាតិ​ឆ្នាំ ២០១៧។ លោក​​ទាំង​ ​២ ក៏​ទើប​​ទទួល​​បាន​ចាប៉ី​​ដង​វែង​​ម្នាក់​ ១ ​គ្រឿង ​ពី​អគ្គនាយកដ្ឋាន​​បច្ចេកទេស​​វប្បធម៌​កាល​​​ពី​​ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ​២០២០ កន្លង​មក និង​បាន​មក​ចូលរួម​​​ជាមួយ​អ្នក​របាំ​ក្នុង​ការ​ថត​​ផលិត​ចាប៉ី​រឿង​សុវណ្ណសាម​​​​ផង​ដែរ​។

ក្រុមសិល្បករ-ការិនី​ ចូលរួម​សម្តែងចាប៉ីរឿងសុវណ្ណសាម​​។ សហ​ការី

ដោយសារ​​ក្តី​ស្រឡាញ់​ខ្លាំង​ចំពោះ​តន្រ្តី​​​ចាប៉ីដង​វែង​នេះ ​លោក សុវណ្ណ ពាងពីរ បាន​ចំណាយ​ពេល​រៀន​​ចាប៉ី​ ២ ​ឆ្នាំ ហើយ​​លោក​គឺ​ជា​សិស្ស​របស់​តន្រ្តីករ​ចាប៉ី​ដង​វែង​ជើង​ចាស់​លោក​ សុវណ្ណតន់តា ​និង​​ត្រូវ​ជា​​​សិស្ស​​​​ចៅ​​របស់​ស្មៀន​ប៉េ​។

លោក សុវណ្ណ ពាងពីរ បាន​បង្ហើប​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ឲ្យ​ដឹង​ពី​ការ​​មក​ហាត់​សម​ជាមួយ​​ក្រុម​សិល្បករ-ការិនី​ ផ្នែក​របាំ​ នា​ថ្ងៃ​​ថត​ផលិត​​ចាប៉ី​រឿង​សុវណ្ណសាម កាល​ពី​រសៀល​​ម្សិលមិញ​ថា៖ «នេះ​គឺ​ជា​​​ការ​ជួយ​ផ្តួច​ផ្តើម​ដ៏​សំខាន់​មួយ​​របស់​​ក្រសួង​​​វប្បធម៌ និង​​វិចិត្រ​សិល្បៈ ក្នុង​ការ​អភិវឌ្ឍ​ស្នាដៃ​ថ្មី​នៃ​​ទម្រង់​​សិល្បៈ​ចាប៉ី​ដង​​វែង​ តាមរយៈ​ការ​សាកល្បង​​​​ផលិត​ជា​ចាប៉ី​រឿង​សុវណ្ណសាម​នេះ​ឡើង និង​រួម​ចំណែក​​​អភិរក្ស​មរតក​វប្បធម៌​​»៕​

លោក ពេជ សារ៉ាត និងដៃគូ​ចម្រៀង​ចាប៉ីដងវែងជាស្រ្តី។ រូប សហ​ការី