ភ្នំពេញ៖ អតីតគ្រូតូរ្យតន្ត្រីវីយូឡុងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងធ្លាប់ភ្លក្សរសជាតិជីវិតតាមភូមិឯទីជនបទគ្មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់នាអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ អ្នកនាង Catherine Louise Geach បានបង្កើតអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) នៅខេត្តកំពត ក្រោមថវិកាស្ដួចស្ដើងសម្រាប់ប្រត្តិបត្តិការអស់រយៈពេល ២៥ ឆ្នាំនេះ។
ដើម្បីប្រារព្ធអបអរបេសកកម្មអភិរក្ស និងធ្វើឲ្យរស់រានឡើងវិញនៃសិល្បៈសម្ដែងប្រពៃណីខ្មែរ ដើម្បីឲ្យក្មេងជំនាន់ក្រោយអាចបន្តកេរដំណែលបេតិកភណ្ឌវប្បធម៌ជាតិសាសន៍ខ្លួន អង្គការវិទ្យាស្ថាន KCDI នឹងរៀបចំការប្រគំតន្ត្រីពិសេសអបអរខួប ២៥ ឆ្នាំ ដោយមានការចូលរួមពីសិល្បករខ្មែរជាច្រើនជំនាន់ និងតំណាងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃសៅរ៍ទី ៧ ខែធ្នូ វេលាម៉ោង ៦ កន្លះល្ងាច នៅទឹកដីក្រុងកំពត។
អ្នកនាង Catherine បានឲ្យដឹងថា៖ «យើងពិតជារំភើបត្រេកអរ ដែលយើងបានបន្តរហូតដល់ប្រារព្ធខួបទី ២៥ ឆ្នាំ ក្នុងការបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះសិល្បៈខ្មែរ។ សិស្សរបស់យើងដែលបានសិក្សាតាំងពីឆ្នាំ ១៩៩៤ នឹងមកចូលរួមការប្រគំតន្ត្រីអបអរខួបឆ្នាំនេះ ហើយពួកគេមួយចំនួនក៏នឹងមានវត្តមានសម្ដែងលើឆាកផងដែរ។ នេះជាពេលវេលាដ៏ស្រស់បំព្រង និងជាផ្លែផ្កានៃកិច្ចខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។
ស្ថាបនិកអង្គការដែលជាតន្ត្រីករបញ្ចប់ការសិក្សាពីសាលាតូរ្យតន្ត្រី Royal Academy of Music ក្រុងឡុងដ៏ អ្នកនាង Catherine Louise Geach បានធ្វើដំណើរមកកម្ពុជានៅឆ្នាំ ១៩៩០។ ស្ថិតក្នុងវ័យ ១៨ ឆ្នាំ កាលណោះអ្នកនាងត្រូវមកប្រមូលរបាយការណ៍ពីការរំលោភសិទ្ធិមនុស្សក្នុងសម័យខ្មែរក្រហម។
ក្រៅពីកិច្ចការនៅអតីតសមរភូមិ អ្នកនាងបានឆ្លៀតពេលប្រគំវីយូឡុងស្នាដៃមូហ្សាត ឲ្យបណ្ដាសិស្សសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅភ្នំពេញ។ អ្នកនាង Catherine ត្រូវបានលោកព្រឹទ្ធបុរសស្នើឲ្យជួយបង្រៀនផ្នែកតន្ត្រីដល់សិស្ស ខណៈគ្រានោះកម្ពុជាមានកង្វះធនធានមនុស្ស។
មុននឹងរំលេចរូបរាងអង្គការវិទ្យាស្ថាន KCDI នៅទឹកដីកំពតអ្នកនាងបានរៀបរាប់ថា៖ «សិល្បករប្រមាណ ៩០ ភាគរយត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។ កាលណោះមានគ្រូតន្ត្រីដ៏ប៉ិនប្រសប់តែ ៧ នាក់ និងអ្នកជំនាញផ្នែករបាំតែ ៥ នាក់នៅរស់រានមានជីវិត។ ស្ថានភាពនៅកម្ពុជាពិតជាយ៉ាប់យ៊ឺនណាស់កាលពីឆ្នាំ ១៩៩០»។
អ្នកនាង Catherine បានរំឭកពីអារម្មណ៍គ្រានោះយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាស្រណោះណាស់ ហើយខ្ញុំពិតជាគោរពដល់មិត្តរួមការងារជាជនជាតិខ្មែរ។ ខ្ញុំស្រឡាញ់តន្ត្រី របាំ និងការសម្ដែងប្រពៃណីខ្មែរ ហើយកាលណោះទម្រង់សិល្បៈទាំងនេះពិតជាប្រឈមនឹងការបាត់បង់សូន្យសុងតែម្ដង»។
ដោយទឹកចិត្តស្រឡាញ់តន្ត្រីប្រពៃណីខ្មែរ អ្នកនាងបានបង្កើតអង្គការវិទ្យាស្ថាន KCDI ក្នុងឆ្នាំ ១៩៩៣ និងស្ថាបនាសាលាតន្ត្រីខ្មែរបុរាណនៅខេត្តកំពត នៅឆ្នាំ ១៩៩៤។
ស្ថាបនិកអង្គការ ដែលចេះលេងឧបករណ៍ទ្រសោខ្មែរ និងប្រគំភ្លេងមហោរីរូបនេះបានលើកឡើងថា៖ «បទពិសោធបង្រៀនសិស្សនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីឆ្នាំ ១៩៩០ ពិតជាធ្វើឲ្យខ្ញុំមានចិត្តចង់ពង្រីកការចែករំលែកតាមរយៈការបង្កើតសាលាតន្ត្រីបុរាណនៅខេត្តកំពតនេះ។ កាលពីសម័យនោះ សិល្បករខ្មែរបុរាណ ជាពិសេសតន្ត្រីករតែម្ដង គឺពិតជាតស៊ូទាំងលំបាកលំបិនក្នុងការថែរក្សាវប្បធម៌ខ្មែរ ក្រោយពីរបបខ្មែរក្រហម»។
ក្រោមជំនួយពីអង្គការសិល្បៈខ្មែរអមតៈ (CLA) និង Sovannah Phum puppet masters នៅឆ្នាំ ២០១៥ អង្គការវិទ្យាស្ថាន KCDI បានធ្វើកិច្ចការស្រោចស្រង់ទម្រង់សិល្បៈល្ខោនស្បែកតូច នៅខេត្តកំពត។ ក្រៅពីនោះ អង្គការវិទ្យាស្ថាន KCDI ក៏បានអញ្ជើញព្រឹទ្ធាចារ្យសិល្បៈ ភ្លេងពិណពាទ្យ លោកតា ហួត ទូច និងទេវនាដនិម្មិត លោកយាយ ឯម ធាយ មកបន្តមរតក បង្ហាត់បង្ហាញសិស្សផងដែរ។
សាលាតន្ត្រីបុរាណ ដែលដើរតួនាទីជួយកុមារទុរគតមួយនេះ ធ្លាប់នាំសិល្បករ និងតន្ត្រីកររបស់ខ្លួនទៅសម្ដែងលើឆាកអន្តរជាតិ ដូចជានៅ កាតា បារាំង បែលហ្ស៊ិក ហូឡង់ និងអ៊ីតាលី។
អ្នកនាង Catherine បានឲ្យដឹងទៀតថា៖ «រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ដែងការគាំទ្រសកម្មភាពយើង ដោយលោកស្រីគ្រោងនឹងផ្ដល់នូវឧបករណ៍ចាប៉ីដងវែង ដល់វិទ្យាស្ថានយើង ដើម្បីបង្រៀនដល់សិស្សពិការភ្នែក»។
ក្នុងដំណើរការ ២៥ ឆ្នាំ ស្ថាបនិកអង្គការវិទ្យាស្ថាន KCDI បានឲ្យដឹងដែរថា អ្នកនាង និងបុគ្គលិកខ្មែរ ១១ នាក់ពិតជាស្ញប់ស្ញែងនឹងលទ្ធផលផ្លែផ្កា ចេញពីកញ្ចប់ថវិកាដ៏ស្ដួចស្ដើង ខណៈស្ថាបនិក និងក្រុមប្រឹក្សាភិបាលនៃអង្គការ ស្ម័គ្រចិត្តបម្រើការដោយគ្មានប្រាក់ខែ។
ទន្ទឹមនឹងការលះបង់នេះ អ្នកនាងបានលើកឡើងថា៖ «យ៉ាងណាក្ដី យើងនៅមានការទទួលខុសត្រូវក្នុងការផ្ដល់អាហារ សម្លៀកបំពាក់ កន្លែងស្នាក់ ថ្នាំសង្កូវ ការមើលថែ និងបង្ហាត់បង្រៀនក្មេងៗ ក៏ដូចជាឧបត្ថម្ភដល់បុគ្គលិកខ្មែរយើង ខណៈការស្វែងរកជំនួយអន្តរជាតិកាន់តែពិបាក។ សម្រាប់ខ្ញុំពេលខ្លះ ខ្ញុំគេងមិនលក់ព្រោះតែរិះរកប្រភពជំនួយជាបន្តបន្ទាប់»។
អង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ មានអាសយដ្ឋាននៅភូមិមួយឧសភា វិថីឯករាជ្យ ក្រុងកំពត ជិតធនាគារអេស៊ីលីដា៕