ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ចម្រៀង​របស់​ស្ត្រី​ខ្មែរ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បារាំង​នៅ​ថ្ងៃ​សុក្រ ទី​ ២១ ខែ​មិថុនា ឆ្នាំ​ ២០១៩ នា​ចុង​សប្តាហ៍​នេះ​ដែល​ជា​ការបង្ហាញ​លក្ខណ​ពិសេស​របស់​សិល្បៈ​តន្ត្រី និង​ខ្សែភាពយន្ត និង​សំឡេង​ស្ត្រី​ដ៏ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា​ក៏​ដូចជា​ការយកចិត្ត​ទុកដាក់​ទៅ​ដល់​ទេពកោសល្យ និង​ភាពលេចធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​សំឡេង​ថ្មីៗ​របស់​តារាចម្រៀង​រ៉ុកអេនរ៉ូល​ស្រីៗ​។

ការប្រគំ​តន្ត្រី​នេះ​នឹង​មាន​ការបង្ហាញ​លក្ខណ​ពិសេស​ជា​បន្តបន្ទាប់​របស់​អ្នកចម្រៀង​ស្រី​គ្រប់​វ័យ និង​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​តន្ត្រីករ​នៃ​គម្រោង​អវកាស​កម្ពុជា ( The Cambodian Space Project) ដើម្បី​សម្តែង​បទចម្រៀង​ដែល​ពួកគេ​បាន​ជ្រើសរើស​។ ដោយឡែក​អ្នកចម្រៀង​ខ្លះ​ក៏​អាច​មាន​តម្រូវការ​ជាក់លាក់​សម្រាប់​ការគាំទ្រ​តន្ត្រី​របស់​ពួកគេ និង​អាច​នាំ​យក​នូវ​អ្នកសម្តែង​មក​បន្ថែម​ទៀត ឬ​ស្នើសុំ​បច្ចេកទេស​ជាក់លាក់​ណា​មួយ​ក៏​បាន​។

បើ​តាម​លោក ឆុន ប៊ុនឈឿន ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​វិទ្យាស្ថាន​បារាំង​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​កម្មវិធី​ចម្រៀង​ស្ត្រី​ខ្មែរ​គឺជា​ការផ្តល់​កិត្តិយស​ទៅ​ដល់​ជីវិត និង​តន្ដ្រី​របស់​អតីត​តារាចម្រៀង​រ៉ុកអេនរ៉ូល​ស្រី អ្នកនាង កាក់ ចាន់ធី និង​អតីត​តារាចម្រៀង​ស្រី​នៃ​ក្រុម The Cambodian Space Project ដែល​បាន​ទទួល​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​ ២០១៨ កន្លង​មក​ក្នុង​វ័យ ៣៨ ឆ្នាំ​។

ចំពោះ​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​យក​ទៅ​ជួយ​គាំទ្រ​ដល់​កូនប្រុស​វ័យក្មេង​របស់​អ្នកនាង កាក់ ចាន់ធី និង​គ្រួសារ​។

តារាចម្រៀង​ស្រី​រ៉ុកអេនរ៉ូល កាក់ ចាន់ធី កាលពី​ពេល​នៅ​មាន​ជីវិត​។ រូបថត The Cambodian Space Project Page

បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «​ការប្រគំ​តន្ត្រី​ចម្រៀង​របស់​ស្ត្រី​នឹង​ត្រូវបាន​ថតចម្លង​ដោយផ្ទាល់ និង​នៅក្នុង​គោលបំណង​បង្កើត​ខ្សែភាពយន្ត​ឯកសារ​ពិសេស​មួយ​ដែល​បង្ហាញ​ពី​លក្ខណពិសេស​នៃ​សំឡេង​ស្ត្រី​មួយ​ចំនួន​ថ្មីៗ​ដ៏ល្អ​បំផុត​នៃ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ថត​នៅក្នុង​ការប្រគំ​តន្ត្រី​ដ៏ពិសេស​មួយ​នេះ​។ អ្នកសម្តែង​ម្នាក់ៗ​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រួមចំណែក​​ថតចម្លង​អាល់ប៊ុម​ដែល​មាន​ចំណងជើង​ដូចគ្នា ហើយ​ពួកគេ​ដែល​ជា​ក្រុម​ចម្រៀង​របស់​ស្ត្រី​ខ្មែរ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​រៀបចំ និង​ផលិត​ជា​ឯកសារ​ទុក​សម្រាប់​ការចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ​ ២០២០ ខាង​មុខ​ផង​ដែរ​»​។

គួរបញ្ជាក់​ផង​ដែរ​ថា​ចាប់​តាំងពី​ឆ្នាំ ២០០៩ ក្រុម​តន្ត្រី Cambodian Space Project ដែល​មាន​តារាចម្រៀង​ស្រី កាក់ ចាន់ធី និង​តន្ត្រីករ Julien Poulson បាន​នាំ​មក​នូវ​បទចម្រៀង​មរតក​ដើម រ៉ុកអេនរ៉ូល ពី​សម័យកាល​ដ៏រុងរឿង​មក​ប្រគំសម្ដែង​ឡើងវិញ​។ ក្រុម​តន្ត្រី​ដែល​សាង​ភាពល្បីល្បាញ ពិសេស​ក្នុង​ស្រទាប់​ជនបរទេស​នៅ​កម្ពុជា​នោះ​ក៏​ទទួល​បាន​ឱកាស​ចូលរួម​កម្មវិធី​មហោស្រព​តន្ត្រី​ទូទាំង​ទ្វីបអាស៊ី​បណ្ដា​ប្រទេស​នានា​នៅ​អឺរ៉ុប និង​អូស្ត្រាលី​។

សព​របស់​អតីត​តារាចម្រៀង​ស្រី​រ៉ុកខេនរ៉ូល​ខ្មែរ​វ័យ ៣៨ ឆ្នាំ​ដែល​និយម​ច្រៀង​បទ​ជា​មរតក​ដើម​នា​ទសវត្សរ៍​ទី ៦០-៧០ និង​មាន​ក្រុម​ចម្រៀង​ជាមួយ​ជនបរទេស​អ្នកនាង កាក់ ចាន់ធី ត្រូវ​បាន​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​គន្លង​ប្រពៃណី​ពុទ្ធសាសនា​ហើយ​នៅឯ​ស្រុក​កំណើត​ខេត្ត​ព្រៃវែង​។

ចំពោះ​ការជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​គឺ​ដោយសារ​រថយន្ត​ម៉ាក Prius ពណ៌​កណ្តុរ​ប្រមេះ បុក​រ៉ឺម៉កង់បី​ធ្លាក់​ដួល​បែកក្បាល​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី​យប់​រំលង​អធ្រាត្រ​ចូល​ដល់​ថ្ងៃ​ទី​ ២០ ខែ​មីនា ឆ្នាំ​ ២០១៨ នៅ​ត្រង់​ចំណុច​បណ្តោយ​ផ្លូវ​លេខ​ ១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ផ្តុំ​ភ្លើងស្តុប​ទួលទំពូង​កែង​ផ្លូវ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​ ១) ដែល​បង្ក​ការភ្ញាក់ផ្អើល និង​មាន​ការសោកស្តាយ​ខ្លាំង​ពី​អ្នក​គាំទ្រ​៕