ភ្នំពេញៈ ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលនិធីគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យកុមារឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមន្ទីរពេទ្យ ដែលបានផ្តល់ការព្យាបាលដោយឥតគិតប្រាក់ ដល់កុមារកម្ពុជា មានចំនួនរាប់លាននាក់ ក្រុមហ៊ុនស្មាត បានរៀបចំកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌មួយឈ្មោះថា «ការប្រគំតន្រ្តីដើម្បីស្នាមញញឹម» ដែលចូលរួមពីសំណាក់ក្រុមសិល្បៈករ-សិល្បៈការិនីល្បីៗក្នុងស្រុកជាច្រើន នឹងបង្ហាញវត្តមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ថ្លែងនាថ្ងៃធ្វើសន្និសីទសារព័ត៌មាន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា៖ «យើងពិតជាមានមោទនភាពណាស់ ដែលបានធ្វើការជាមួយនឹងសិល្បៈករ-សិល្បៈការិនី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុក ដើម្បីជួយដល់មូលនិធិដ៏អស្ចារ្យមួយនេះ ដែលបានផ្ដល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់កុមារកម្ពុជា។ បុគ្គលិក និងនិយោជិតជាច្រើនរបស់យើងក៏ធ្លាប់ទទួលបានការថែទាំពីមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ហេតុនេះហើយ បានជាយើងសម្រេចចិត្ត មិនត្រឹមតែធ្វើការបរិច្ឆាគប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់ធនធាន ដែលយើងមាន ដើម្បីជួយលើកកម្ពស់មូលនិធិមួយនេះឲ្យកាន់តែល្អប្រសើរផងដែរ»។
លោកបណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សម្តែងចំណាប់អារម្មណ៍ខ្លួនថា៖ «ការប្រគំតន្ត្រីនេះ គឺជាឱកាសដ៏អស្ចារ្យមួយ សម្រាប់ប្រជាពលរដ្ឋវ័យក្មេង ដើម្បីប្រមូលផ្តុំគ្នាចូលរួមកម្សាន្ត និងសម្តែងការគោរព ក៏ដូចជាថ្លែងអំណរគុណ ដល់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើន ដែលនៅតែបន្តផ្តល់ការព្យាបាល ដោយឥតគិតថ្លៃប្រកបដោយគុណភាពខ្ពស់បំផុត ដល់ប្រជាពលរដ្ឋ ដែលជាធនធានដ៏សំខាន់បំផុតរបស់យើងជាកុមារកម្ពុជា សម្រាប់រយៈពេលច្រើនជាង ២៥ ឆ្នាំ កន្លងមកនេះ។
ក្នុងនាមជាអ្នកតំណាងឲ្យមន្ទីរពេទ្យទាំងមូល អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ ក៏ដូចជាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ខ្ញុំសូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុត របស់យើងដល់ក្រុមហ៊ុន Smart សិល្បៈករ-សិល្បៈការិនី និងភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមចំណែកក្នុងកម្មវិធីផ្តួចផ្តើមនេះ»។
សំបុត្រចូលរួមទស្សនាទាំងអស់ នឹងដាក់លក់ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នេះតទៅ នៅតាមទីតាំងចំនួន ៦ ទូទាំង រាជធានីភ្នំពេញ នៅតាម Smart Shop ទាំងអស់រួមមាន Smart Shopផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និងអ៊ីអនម៉លសែនសុខ និងSmart Shop ធីខេអេហ្វេណូ (ទួលគោក)។ ចំពោះសំបុត្រទស្សនា ១ សន្លឹកតម្លៃ ១០ ដុល្លារ ហើយរាល់ប្រាក់ចំណូលពីការលក់សំបុត្រទាំងអស់ នឹងត្រូវបរិច្ឆាកទៅឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា ហើយស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Smart នឹងបរិច្ឆាគថវិកាបន្ថែម ១០ ដុល្លារ ពីលើរាល់ចំនួនសំបុត្រ ដែលបានលក់រួច ដើម្បីបន្ថែមថវិកា សម្រាប់មូលនិធិពីការលក់សំបុត្រនេះទៀតផងដែរ។ តាមរយៈការប្រគំតន្រ្តីដើម្បីស្នាមញញឹមនេះដែរ ក្រុមហ៊ុនស្មាត បរិច្ចាគប្រាក់ចំនួន ១០ ម៉ឺន ដុល្លារ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលនិធិគន្ធបុប្ផាកម្ពុជា ហើយក៏មានក្តីរំពឹងថា នឹងរ៉ៃអង្គាសបានប្រាក់ប្រហែល ១០ ម៉ឺន ដុល្លារ បន្ថែមទៀតសម្រាប់មូលនិធិផងដែរ។
សម្រាប់ការប្រគំតន្រ្តីដើម្បីស្នាមញញឹម នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០១៩ នោះនឹងមានវត្តមានក្រុមតារាចម្រៀងល្បីៗដូចជាលោក ងួន ចាន់ដេវីត, កញ្ញា ទេព បូព្រឹក្ស, កញ្ញា ចិត្ត កញ្ចនា, កញ្ញា អេដា, កញ្ញា ឡូរ៉ា ម៉ម, លោក អូន, កញ្ញា ពេជ្រ សោភា ក្រុម SmallWorldSmallBand (SWSB) និងក្រុមតារាប្រុសស្រីផ្សេងៗទៀត៕