ភ្នំពេញៈ បង្កការភ្ញាក់ផ្អើលខ្លាំងទាំងមហាជន និងសង្គមអ្នកសិល្បៈ ខណៈថ្មីៗនេះ ក៏ស្រាប់លេចវត្តមានតារាចម្រៀងប្រុសល្បីប្រចាំផលិតកម្មព្រះវិហារ នាអំឡុងឆ្នាំ ២០០០-២០០១ ម្ចាស់បទ «សុំមេមាន់មួយ» និងបទចម្រៀងក្នុងកុនចិនតៃវ៉ាន់រឿង «ស្នេហា F4» លោកចាន់ សម័យ ស្រាប់តែមានជីវភាពយ៉ាប់យ៉ឺនខ្លាំងសឹងតែមិនគួរឲ្យជឿ ដើរស្ទូចត្រីតាមមាត់ទន្លេម្តុំព្រែកលៀប ដើម្បីយកត្រីធ្វើម្ហូបចិញ្ចឹមជីវិតកូនៗ និងក្រុមគ្រួសារ សំងំលាក់ខ្លួនរស់នៅផ្ទះជួលជិត ១០ ឆ្នាំមកហើយ។
បើតាមប្រជាប្រិយភាពមានឈ្មោះល្បីកាលពីជាង ១០ ឆ្នាំ មុននោះ សមណាស់តែលោកមានជីវភាពធូរធារ និងហ៊ឺហាដូចអ្នកសិល្បៈស្របាលៗគ្នា ខណៈបងប្អូនភាគច្រើននឹកគិតថាគាត់អាចទៅរស់នៅក្រៅប្រទេសទៀតដោយសារ គាត់មានភាពល្បីខ្លាំងនៅឯក្រៅស្រុកដែរ។
ប៉ុន្តែពេលឃើញពីស្ថានភាពជាក់ស្តែងពេលនេះ លោកមានពណ៌សម្បុរ និងមុខមាត់ខ្មៅអែរ ហើយមានជីវភាពរស់នៅក៏លំបាកខ្លាំងនាបច្ចុប្បន្នគឺជួលផ្ទះគេ សំងំរស់រួមសុខរួមទុក្ខ ជាមួយនឹងប្រពន្ធ និងកូនទាំង ៥ នាក់ ក្នុងសភាពខ្វះខាតបែបលាក់បាំងប្រវត្តិទៀតផង។
កាលពីម្សិលមិញគ្រាន់តែបានដឹងឮពីលំនៅឋានលោកភ្លាមមក តារាចម្រៀងស្រី ដែលមានឈ្មោះល្បីក្នុងសិល្បៈចម្រៀងប្រហាក់ប្រហែលនឹងលោក ចាន់ សម័យ ដែរគឺអ្នកនាងស៊ិន ឧត្តមផល្លា បាននាំយកនូវគ្រឿង ឧបភោគបរិភោគ និងថវិកាខ្លះ ដែលកើតចេញពីសន្តានទឹកចិត្ត អាណិតអាសូរទៅជូនដល់គ្រួសារលោក ក្រោយពីមិត្តភក្តិតារាចម្រៀងប្រុសរូបនេះលួចថតរូបនៃជីវភាពរស់នៅប្រចាំថ្ងៃ បង្ហោះនៅតាមបណ្តាញសង្គមមកនោះ។
ក្រោយពីនាំយកអំណោយ ផ្ទាល់ខ្លួនទៅជូនគ្រួសារលោក ចាន់ សម័យ រួចមកនោះអ្នកនាង ស៊ិន ឧត្តមផល្លា ក៏បង្ហើបប្រាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ឲ្យដឹងដែរថា៖ «គាត់រស់នៅបន្ទប់ជួលតម្លៃ ៨០ ដុល្លារ ក្នុង ១ ខែ ដោយនៅតែច្រៀងតាមកម្មវិធីអាហ្វ៊ែរខ្លះៗ ហើយពេលទំនេរក៏ឆ្លៀតទៅស្ទូចត្រីដើម្បីយកធ្វើម្ហូបអាហារចិញ្ចឹមកូន ខណៈប្រពន្ធគាត់មិនមានមុខរបរអ្វីទេគឺនៅមើលកូន»។
តែតារាចម្រៀងប្រុសថ្គាមខ្លាសំឡេងធ្ងន់ បកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំនូវបទចង្វាក់កន្ទ្រឹម និងបទមរតកដើម ដែលបច្ចុប្បន្នមានវ័យ ៤០ ឆ្នាំ និងកំពុងតែមានជំងឺប្រចាំកាយរបេងឆ្អឹងរូបនេះ នៅតែខំប្រឹងប្រើសំនៀងជាដើមទុនដើម្បីបន្តការចិញ្ចឹមជីវិតខ្លួន ប្រពន្ធ និងកូនសម្លាញ់ទាំង ៥ (កូនភ្លោះ ២ ដងគឺ ស្រី ៣ ដែលកូនភ្លោះស្រីវ័យ ១៥ ឆ្នាំ និងកូនប្រុសភ្លោះច្បងវ័យ ១៧ ឆ្នាំ)។
លោក ចាន់ សម័យ មិនបានរៀបរាប់រំឭកពីមូលហេតុ ដែលនាំឲ្យធ្លាក់ខ្លួនមានជីវភាពលំបាកបែបនេះឡើយ ដោយសារមានអារម្មណ៍អួលដើមកនិយាយមិនចេញ និងមានរឿងរ៉ាវវែងឆ្ងាយនោះទេគ្រាន់បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ខ្លះៗពីមូលហេតុសំងំរស់នៅទាំងលំបាកថា៖ «ដោយសារខ្ញុំមិនចង់ឮពាក្យថា អ្នកសិល្បៈពេលជួបទុក្ខលំបាកខិតខំបង្ហាញប្រាប់គេ តែពេលធូរធារហ៊ឺហាសំងំស្ងាត់។ តែពេលនេះ ខ្ញុំក៏សប្បាយចិត្ត និងមិននឹកស្មានដែរថា ពេលខ្ញុំមានស្ថានភាពបែបនេះហើយ មានមនុស្សជាច្រើននៅស្រឡាញ់រាប់អានខ្ញុំ»៕