ក្រុងសៀមរាប៖ ខណៈនៅក្នុងឱកាសប្រារព្ធពិធីមង្គលការ គេរមែងឃើញមានការជូននូវកាដូកំដរដៃភ្ញៀវចូលរួមមានលក្ខណៈប្លែកគ្នាទៅតាមការពេញនិយមតាមតំបន់ ហើយកាន់ប្លែកអារម្មណ៍ និងមានការលើកស្ទួយនូវតម្លៃវប្បធម៌ជាតិ ជាមួយនឹងសិប្បកម្មច្នៃប្រឌិតបែបសិល្បៈវប្បធម៌ ដែលបងប្អូនខ្មែរក្នុងតំបន់នោះហៅថា «ឈ្នាងមង្គល» កំពុងតែលេចចេញនូវវត្តមាន នៅក្នុងពិធីមង្គលការនានាក្នុងប្រទេស ដែលជំនួយនូវវត្ថុអនុស្សាវរីយ៍ផ្សេងៗគួរឲ្យកត់សម្គាល់។
លោកតា ណាន់ វ័យ ៧០ ឆ្នាំ ដែលពិការជើង និងយាយ សាំ វ័យជាង ៦០ ឆ្នាំ នៅតែបន្តរបរធ្វើឈ្នាងតូចៗពីឫស្សី ដើម្បីលក់បានប្រាក់កម្រៃបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន គួបផ្សំនឹងសេចក្តីស្រឡាញ់ ដោយសារនេះគឺជាវត្ថុសិល្បៈរក្សាមរតកវប្បធម៌ជាតិខ្មែរ។
អ្នកស្រី រឿម ភារ៉ា ដែលជាក្មួយស្រីតាយាយទាំង ២ ខាងលើ និងជាអ្នកទទួលយករបស់របរសិប្បកម្មឈ្នាងទាំងនោះលក់បន្ត បានប្រាប់ឲ្យដឹងថា៖ «តាមពិតការធ្វើឈ្នាងតូចៗជាវត្ថុអនុស្សាវរីយ៍នេះ ជារបរមួយមានលក្ខណៈបន្ទាប់បន្សំ សម្រាប់រកប្រាក់កម្រៃទ្រទ្រង់ជីវភាពមានតាំងពីដូនតាមក មាននៅក្នុងភូមិព្រៃចាស់ ឃុំទឹកវិល ក្រុង និងខេត្តសៀមរាប ខណៈលោកតា ណាន់ និងយាយ សាំ គាត់ទាំង ២ ក៏បានប្រកបរបរនេះតាំងពីគាត់នៅក្មេងមក រួមមានទាំងម្តាយរបស់នាងខ្ញុំក៏ប្រកបដែរ»។
សម្រាប់លោកតា ណាន់ និងយាយ សាំ ក្នុង ១ ថ្ងៃគាត់អាចផលិតឈ្នាងតូចៗបានចំនួន ៥០ ឈ្នាងតែប៉ុណ្ណោះ ដោយសារគាត់ទាំង ២ មានវ័យចាស់ ខណៈក្រុមសិប្បករនៅក្នុងភូមិ ដែលមានវ័យក្មេងៗនោះអាចផលិតបានចន្លោះពី ៧០ ឬ ៨០ ឈ្នាង នៅក្នុង ១ ថ្ងៃ។ ចំពោះ «ឈ្នាងមង្គល» តូចៗបំផុតនោះ សម្រាប់តម្លៃលក់ចេញពីកន្លែងអ្នកស្រី រឿម ភារ៉ា ឈ្នាង ១ តម្លៃ ៣០០ រៀល ហើយបើជា «ឈ្នាងមង្គល» ធំវិញនោះ មានតម្លៃ ១ ចន្លោះពី ៤ ០០០ រៀល ទៅដល់តម្លៃ ៨ ០០០ រៀល។
អ្នកស្រី រឿម ភារ៉ា បានបន្តថា៖ «ព្រោះតែក្តីស្រឡាញ់បូកផ្សំនឹងការប្រកបជារបរបន្ទាប់បន្សំ ដើម្បីជួយរកប្រាក់កម្រៃបន្ថែមសម្រាប់ជីវភាពប្រចាំថ្ងៃតពីដូនតាមកនោះ ទើបជំរុញឲ្យអ្នកភូមិព្រៃចាស់ ឃុំទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នៅតែបន្តធ្វើឈ្នាងតូចៗ ដែលមានលក្ខណៈជួយថែរក្សាតម្លៃវប្បធម៌ជាតិខ្មែរ ព្រោះវាជាអត្តសញ្ញាណនៃសិល្បៈសិប្បកម្ម បន្តរហូតមក បើទោះបីជាមិនអាចរកប្រាក់កម្រៃសមរម្យអាចចិញ្ចឹមជីវិតគ្រួសារបានល្អយ៉ាងណាក្តី»។
វត្តមាន «ឈ្នាងមង្គល» នេះ សម្រាប់ការគាំទ្រវិញនៅតំបន់ខេត្តសៀមរាប ហាក់ដូចជាមិនសូវទទួលបានការពេញនិយមឡើយ គឺមានសម្បូរនៅតំបន់ក្រៅខេត្តសៀមរាប និងនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
អ្នកស្រី ភារ៉ា បានបន្ថែមទៀតថា៖ «គ្រាន់តែជាការប្រកបបែបជារបរបន្ទាប់បន្សំប៉ុណ្ណោះ ដោយសារបងប្អូនអ្នកភូមិយើងគាត់ធ្វើឈ្នាងទាំងនេះ តៗគ្នាតាំងពីដូនតាមក ក្រៅពីមុខរបរប្រចាំថ្ងៃពួកគាត់ជាកសិករ ឬរបរផ្សេងៗនោះ។
ការធ្វើឈ្នាងតូចៗទាំងនេះ បើលក់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ គឺពិតជាមិនអាចជួយចិញ្ចឹមបានឡើយ ដោយសារតម្លៃនៅទាប និងការគាំទ្រ គឺនៅមិនទាន់ពេញនិយមខ្លាំង។ ហើយសម្រាប់ «ឈ្នាងមង្គល» នេះ ប្រសិនបើនៅក្នុងតំបន់នាងខ្ញុំវិញ បងប្អូនយើងគាត់ឧស្សាហ៍ឃើញមាននៅក្នុងភូមិរាល់ថ្ងៃ ហាក់ដូចជាមិនសូវជាមានការពេញនិយមឡើយ។ សព្វថ្ងៃ ការកុម្ម៉ង់ទិញច្រើនតែមានមកពីក្រៅតំបន់ដូចជាខេត្តផ្សេងៗពីសៀមរាប និងនៅទីក្រុងភ្នំពេញ ដែលគេនិយមគាំទ្រផលិតផល «ឈ្នាងមង្គល»។
ប្រសិនបើលោកមានបំណងចង់បាននូវវត្ថុអនុស្សាវរីយ៍ឃ្យូតៗ គឺជា «ឈ្នាងមង្គល» សម្រាប់ធ្វើជាកាដូជូនដល់ភ្ញៀវ នាថ្ងៃរៀបមង្គលការនោះ អាចសួររកជាវបានតាមរយៈអ្នកស្រី រឿម ភារ៉ា ដែលមានលេខទូរស័ព្ទ 088 7511 046/ 096 380 1846៕