ភ្នំពេញៈ ក្រោយពី​តារាស្រី​សម្តី​ញ៉ែតៗ​មិន​ខ្វះ​ពាក្យ​នៅក្នុង​ការសម្តែង​កំប្លែង មាន​ឈ្មោះ​ពិត ស្រេង សុកាន់ដា ហៅ ខ្ញុង និង​លោក អ៊ុំ ក្សត្រា ហៅ​នាយ កៃដ បាន​សម្រេច​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ឡើង​គេហដ្ឋាន​ថ្មី​កាល​ថ្ងៃ​ទី​ ៣០ ខែ​សីហា ឆ្នាំ​ ២០១៧ មក​ក៏​ស្រាប់តែ​លេចចេញ​ធៀបការ​កំណត់​ថ្ងៃ​ចូល​រោងជ័យ​នៅ​ថ្ងៃទី​ ៨ ខែ​សីហា ឆ្នាំ​ ២០១៩ ​ខាងមុខ​នេះ​ហើយ​។

បើ​គិត​ត្រឹម​ពេល​ភ្ជាប់ពាក្យ​បំពេញមុខ​ចាស់ទុំ​ទាំង​សង​ខាង​តាំងពី​ឆ្នាំ​ ២០១៧ ​មក​ដល់​ពេល​នេះ​គឺថា​ចំណង​ស្នេហ៍​រវាង​តារាកំប្លែង​ស្រី និង​តារាចម្រៀង​ប្រុស នាយ កៃដ បង្កាត់ភ្លើង​ស្នេហ៍​នឹង​គ្នា​បាន​រយៈពេល​ជិត ២ ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​បាន​ស្គាល់ចិត្ត​ស្គាល់ថ្លើម​គ្នា​មក​នោះ​។

តារាកំប្លែង​ស្រី​ដែល​កំពុង​តែ​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​ដោយ​ទទួល​បាន​ទាំង​ផ្ទះ​ទ្រនំ​ថ្មី និង​អនាគត​ស្វាមី​ទី ២ ដែល​បាន​ភ្ជាប់​និស្ស័យ​សម្រេចចិត្ត​រួមរស់​ជាមួយ​គ្នា​ហាក់​ដូចជា​ប្តី​ប្រពន្ធ​ទៅ​ហើយ​គឺជា​បុរស​រួម​អាជីព​សិល្បៈ​មាន​ឈ្មោះ​ហៅ​នៅក្នុង​សង្គម​សិល្បៈ នាយ កៃដ នោះ​នឹង​ចូល​រោងការ​នៅ​ដើម​ខែ​សីហា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ហើយ​ដែល​នឹង​រៀបចំ​នៅ​ចំ​ថ្ងៃ​ខួបកំណើត​របស់​អ្នកនាង ខ្ញុង តែ​ម្តង​។

នេះ​បើ​តាម​ការបង្ហើប​ពី​លោក អ៊ុំក្សត្រា ហៅ​នាយ កៃដ ដែល​ជា​អនាគត​ស្វាមី​ទី​ ២ អ្នកនាង ស្រេង សុកាន់ដា ហៅ​នាង ខ្ញុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​បាទ​បង​!​នោះ​ជា​ដំណឹង​ពិតប្រាកដ​មែន ដែល​ពួកយើង​បាន​សម្រេច​ចូល​រោងការ​នៅ​ថ្ងៃទី​ ៨ ខែ​ ៨ ដែល​ចំ​ថ្ងៃ​ខួបកំណើត​របស់​គាត់ [​ខ្ញុង​] តែ​ម្តង​»​។

ទោះ​យ៉ាងណា​ពិធី​មង្គលការ​របស់​អ្នកសិល្បៈ​មួយគូ​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​ចំនួន​ភ្ញៀវ​ប៉ុន្មាន​តុ និង​មាន​អ្នកសិល្បៈ​ចូល​ប៉ុន្មាន​តុ​នៅ​ឡើយ​ដែរ​ទេ ដោយសារ​តែ​កំពុង​ស្ថិត​នៅក្នុង​ការគិត​ពិភាក្សា​គ្នា​ហើយ​ការរៀបចំ​ពិធី​មង្គលការ​គឺ​នៅ​ផ្ទះ​របស់​ពួកគេ​ដែល​បាន​ទិញ​រួម​គ្នា​នោះ​តែម្តង​គឺ​ស្ថិត​នៅ​ភូមិ​ដូង សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ឬ​នៅ​ម្តុំ​រោងចក្រ​ផលិត​មី​ម៉ែនសារុន​។

លោក ក្សត្រា ហៅ​នាយ កៃដ បាន​បន្ត​ថា​៖ «​នៅពេល​នេះ​យើង​អត់​ទាន់​ដឹង​ច្បាស់​ថា​នឹង​មាន​ចំនួន​ប៉ុន្មាន​តុ​នៅ​ឡើយ​ទេ​ចំពោះ​ការអញ្ជើញ​ភ្ញៀវ​នោះ​ដោយសារ​តែ​យើង​ធ្វើការ​សម្រេចចិត្ត​មាន​លក្ខណៈ​បែប​បន្ទាន់​បន្តិច ហើយ​ពិធីមង្គលការ​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ផ្ទះ​ពួកយើង​នៅឯ​ម្តុំ​រោងចក្រ​ផលិត​មីម៉ែនសារុន​ឯណោះ មិន​បាន​ទៅ​ធ្វើ​ពិធី​នៅ​ទីកន្លែង​ផ្សេង​នោះ​ឡើយ​។

ម្យ៉ាងវិញ​ទៀត​ដោយសារ​តែ​យើង​មាន​ក្រុម​ចុងភៅ​ធ្វើ​ម្ហូប​ខ្លួនឯង ខណៈ​ក្រុម​ភ្លេង ផ្នួង​សម្អាងការ​ផ្សេងៗ​នោះ​ក៏​សុទ្ធសឹង​តែ​ជា​របស់​ក្រុម​អ្នក​រួម​អាជីព​សិល្បៈ​ដូចគ្នា​ផង​ដែរ ទើប​បាន​ជា​សម្រេចចិត្ត​រៀបចំ​នៅ​ផ្ទះ​ខ្លួនឯង​តែ​ម្តង​ទៅ​»​។

បន្ទាប់ពី​ភ្ជាប់ពាក្យ​នឹង​គ្នា​នា​កន្លងមក​នោះ តារាកំប្លែង​ស្រី​ពូកែសម្តី និង​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​ថោន អ្នក​មេម៉ាយ​កូន​មួយ​មាន​ឈ្មោះ​ពិត ស្រេង សុកាន់ដា ហៅ នាង ខ្ញុង ក៏​ពើប​នឹង​រឿង​ចំណាយ​មាត់​ញាតិ​មួយ​ដែរ​ថា គឺ​នាង និង​បុរស​រួម​អាជីព​សិល្បៈ​ដែល​មាន​ឈ្មោះ​ហៅ​ក្នុង​សិល្បៈ​ថា នាយ កៃដ កំពុង​តែ​រួមរស់​ជាមួយ​គ្នា​ដូចជា​ប្តី​ប្រពន្ធ​ទៅ​ហើយ​ក្រោម​ដំបូល​តែ​មួយ​។

គួរ​រំឭក​ដែរ​ថា​តារាកំប្លែង​ស្រី​មាន​សម្តី​ញ៉ែ​តៗ និង​មាន​វ៉ូលីម​ខ្ពស់​ពេល​សម្តែង​ម្តងៗ​មាន​វ័យ ៣៤ ​ឆ្នាំ​ដែល​បាន​ហក់​ចូល​វិស័យ​សិល្បៈ​កំប្លែង និង​ផុស​ភាព​ល្បី​ខ្លាំង ខណៈ​ពេល​បាន​​ចូលរួម​សម្តែង​ជាមួយ​ដៃគូ​សម្តែង​ប្រុស​ជា​តារា​កំប្លែង​ល្បី​ដ៏សម​ឥតទាស់​ដែរ​នោះ​គឺ​នាយ ពែកមី តាំង​កាលពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ​៕