ភ្នំពេញ៖ តារា​សម្តែង ចម្រៀង និង​កំប្លែង​ស្រី រាសី​ឡើង​ខ្ពស់​ត្រដែត​លើ​វិថី​សិល្បៈ​អ្នកនាង ស្រេង សុកាន់ដា ហៅ​អ្នកនាង ខ្ញុង ហាក់​ពុំទាន់​ហ៊ាន​បង្ហើប​ការ​ពិត​ថា ​តើ​ខ្លួន​ឯង​កំពុងតែ​ត្រៀម​ចូលរួម​នៅ​ទ្រនំ​ថ្មី​រាម ជាមួយ​នឹង​តារា​ចម្រៀង​ស្រី​រៃកណ្តឹង មាស សុខសោភា នៅ​ឡើយ​នោះ​ទេ ក្រោម​ហេតុផល​មិនទាន់​បាន​ដឹង​ពី​ខាង​ផលិតកម្ម​នៅ​ឡើយ។

នាពេល​ថ្មីៗ​នេះ កញ្ញា មាស សុខសោភា បាន​សារភាព​ប្រាប់​ផ្ទាល់​ហើយ​ថា នឹង​ចូល​ទ្រនំ​ថ្មី​ផលិតកម្មរាម បន្ទាប់​ពី​អូស​បន្លាយ​អស់ ១ ឆ្នាំ ដោយ​មិន​បរិយាយ​ប្រាប់​មហាជន អ្នក​គាំទ្រ​ពី​ពន្លឺ​ទ្រនំ​ថ្មី​នោះ ពោល​គឺ​ចាប់​ពី​បាន​ឈប់​ពី​ទ្រនំ​ចាស់​ថោន​មក និង​មហាជន​សង្កេត​ឃើញ​កញ្ញា​ឧស្សាហ៍​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ថៅកែ​ស្រី​ផលិតកម្ម​ថ្មី​ផង​ដែរ តាមរយៈ​របរ​ពាណិជ្ជកម្ម​នៃ​ផលិតផល​សុខភាព មាន​យីហោ​ថា «សម្រស់​ធម្មជាតិ» នោះ។

តារា​ស្រី​សម្តី​ញ៉ែតៗ​មិន​ខ្វះ​ពាក្យ​នៅ​ក្នុង​ការ​សម្តែង​កំប្លែង អ្នកនាង ខ្ញុង ដែល​បាន​រៀបការ​ជាមួយ ស្វាមី​ទី២ លោក អ៊ុំ ក្សត្រា ហៅ​នាយ កៃដ កាល​ពី​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ មហាជន​ក៏​សង្កេត​ឃើញ​ថា មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​ថៅកែ​ស្រី​ផលិតកម្ម​រាម​នោះ​ដែរ តែ​អ្ន​នាង ខ្ញុង ហាក់​នៅ​ស្ទាក់ស្ទើរ​មិន​ទាន់​ប្រាប់​ការ​ពិត​ថា នឹង​ចូលរួម​ទ្រនំ​ថ្មី​នេះ​ទេ។

តារា​កំប្លែង​ស្រី​ពូកែ​សម្តី ​និង​ជា​តារា​ចម្រៀង​នៅ​ឯ​ផលិតកម្ម​ថោន​ដូចជា មាស សុខសោភា ដែរ​នោះ​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ចំពោះ​រឿង​ចូលរួម​ផលិតកម្ម​ថ្មី​នោះ នាង​ខ្ញុំ​ផ្ទាល់​មិន​ទាន់​ដឹង​ច្បាស់​ផង​ថា​យ៉ាង​ណា​តែ​ខាង​បង​ហាក់​បាន​ដឹង​ច្បាស់​ហើយ​នោះ នាង​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ថា​យ៉ាង​ម៉េច​ដែរ ចាំ​ដល់​ពេល​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ សិន​ចុះ»។

សម្រាប់​អ្នកនាង ខ្ញុង ទោះបី​ជា​ខ្លួន​ធ្លាប់​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​ថោន​មែន​ក្តី តែ​បើ​តាម​ស្តាប់​សម្តី​បង្ហើប​ប្រាប់​នោះ អ្នកនាង​ពុំ​មែន​ជា​តារា​ចម្រៀង ដែល​មាន​ជាប់​កុងត្រា​នោះ​ទេ ខណៈ​ខ្លួន​គាត់​មាន​ទ្រនំ​ជា​ម្ចាស់​ជាប់​កុងត្រា​រួច​ហើយ ​គឺ​ជា​តារា​កំប្លែង​ប្រចាំ​នៅ​ក្រុមហ៊ុន CBS ដែល​មាន​ប៉ុស្តិ៍​ទូរទស្សន៍ CTN ប៉ុស្តិ៍ MyTV និង​នៅ​ប៉ុស្តិ៍ ​CNC៕