ភ្នំពេញ៖ ខណៈឥទ្ធិពលរីករាលដាលជំងឺឆ្លងថ្មីកូវីដ ១៩ កំពុងតែធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋនៅក្នុងប្រទេស កម្ពុជា ព្រោះតែមិនអាចចេញក្រៅប្រកបការងារដូចប្រក្រតីនោះ គេឃើញតារាកំប្លែង និងចម្រៀងអាយ៉ៃអ្នកស្រី នួន សារី ហៅយាយ យ៉យ ឆ្លៀតប្រកបរបរប្រឡាក់ងៀតសាច់គោ-ក្របីលក់តាមអនឡាញ ដើម្បីរកប្រាក់បន្ថែមជួយទប់ទល់ដល់ជីវភាពគ្រួសារ។
តារាកំប្លែងស្រីពូកែសម្តី ចាក់ទឹកមិនលិចក្នុងក្រុមកំប្លែងនាយក្រឹម និងជាដៃគូចម្រៀងប្រពៃណីអាយ៉ៃឆ្លើយឆ្លងជិត ៣០ ឆ្នាំ ជាមួយលោក ព្រហ្ម ម៉ាញ អ្នកស្រី នួន សារី ហៅយាយ យ៉យ បង្ហើបប្រាប់ពីហេតុផលនៃការប្រកបរបរធ្វើងៀតគោ និងក្របី លក់តាមអនឡាញនេះថា៖ «ដោយសារការងារសិល្បៈ ក្នុងកាលៈទេសៈនេះពិបាក ហើយនៅផ្ទះទំនេរ មិនដឹងធ្វើអ្វីនោះ ក៏នឹកឃើញប្រឡាក់សាច់គោលក់តាមអនឡាញ ក្រោយពីសាកល្បងប្រឡាក់ឲ្យបងប្អូនសាច់ញាតិ និងអ្នកស្គាល់ពិសារួច គេក៏សរសើរថាឆ្ងាញ់នោះ។ រហូតមកដល់ពេលនេះ- ជិត ២ ខែហើយ សម្រាប់ការបើករបរប្រឡាក់សាច់គោ និងក្របីលក់»។
តារាកំប្លែង និងចម្រៀងអាយ៉ៃជើងចាស់យាយ យ៉យ បានបន្តឲ្យដឹងពីបរិមាណនៃការលក់សាច់ងៀតគោ និងក្របី ជាស្នាដៃប្រឡាក់ដោយរូបមន្តខ្លួនផ្ទាល់ ដែលអាចរកបានប្រាក់ទប់ទល់ការចាយវាយប្រចាំថ្ងៃក្នុងគ្រួសារ ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ចគ្រួសារ ដោយកូវីដ ១៩ ប្រហារទីផ្សារសិល្បៈនោះថា៖ «នារយៈពេលជិត ២ ខែ ដែលមីងបានលក់មកនេះ លក់តិចបំផុតអាចបានចន្លោះពីចំនួន ៧-១០ គីឡូក្រាម ហើយច្រើនអាចលក់បាន ២០ គីឡូក្រាម ក្នុង ១ ថ្ងៃ នៅពេលមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកនោះ»។
យ៉ាងណាតម្លៃងៀតគោ និងក្របី ដែលតារាកំប្លែង និងចម្រៀងអាយ៉ៃជើងចាស់ស្រីរូបនេះ បានលក់នោះគឺ ១ គីឡូ ១២ ម៉ឺនរៀល បើប្រៀបធៀបនឹងតម្លៃលើទីផ្សារនានាវិញ ហាក់ដូចជាថ្លៃជាងគេបន្តិច តែអ្នកស្រី នួន សារី ក៏បញ្ជាក់រៀបរាប់លម្អិតថា៖ «វាថ្លៃបន្តិចមែន! តែមីងជ្រើសយកសុទ្ធតែសាច់ល្អៗពីខេត្តតាកែវ មកប្រឡាក់ ហើយសាច់ស្រស់នោះ ក៏ថ្លៃរួចទៅហើយដែរ។ ម្យ៉ាងទៀត មីងក៏បានជួលកន្លែងគេ ដើម្បីយកទីតាំងប្រឡាក់ និងហាលដែរ ជាពិសេសយើងក៏មិនគិតថ្លៃសេវាដឹកជញ្ជូនទៀតផង»។
មើលទៅរបរប្រឡាក់ងៀតគោ និងក្របី របស់តារាកំប្លែងស្រីល្បីឈ្មោះ យាយ យ៉យ ជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមបំផុតជាមួយលោក ព្រហ្ម ម៉ាញ ហាក់មិនចង់បោះបង់ចោលឡើយទៅថ្ងៃមុខ ទោះបីជាស្ថានភាពជំងឺកូវីដ ១៩ បានប្រែប្រួលប្រសើរឆាប់ៗ ឬមិនទាន់មានពេលកំណត់យ៉ាងណានោះ ក៏អ្នកស្រីនឹងចាប់យកអាជីវកម្មក្រៅសិល្បៈនេះដដែល ហើយចង់ពង្រីកឲ្យធំទៀតផង។
យាយ យ៉យ ព្រលយថា៖ «ប្រសិនបើស្ថានភាពបង្កដោយជំងឺកូវីដ ១៩ នេះ វាឆាប់វិលមករកភាពប្រក្រតីនោះ មីង ក៏មិនបញ្ឈប់អាជីវកម្មលក់ងៀតគោ និងក្របី នេះទេ គឺមីងនឹងបន្តវារហូត ទោះបីមីងប្រគល់ការងារលក់ដូរទៅកូនក្មួយក្តី ក៏មីងបានបង្ហាត់បង្រៀន និងប្រាប់រូបមន្តដល់ពួកគេបណ្តើរៗហើយដែរ។ ហើយក៏មានបំណងពង្រីកការលក់នូវមុខម្ហូបប្លែកៗទៀតដែរ ដូចជានៅក្នុងពេលនេះ បន្ថែមប្រហុកចិញ្ច្រាំ និងប្រហុកខ្ទិះហើយអនាគតនៅពេលដល់រដូវធ្លាក់ភ្លៀង មីងក៏ចង់ធ្វើកង្កែបបោកលក់ដែរ»។
សម្រាប់ប្រិយមិត្ត ដែលចាប់អារម្មណ៍ចង់កុម្ម៉ង់ទិញងៀតគោ និងក្របី ជារូបមន្តផ្សំគ្រឿងដោយយាយ យ៉យ នោះអាចទំនាក់ទំនងតាមទូរស័ព្ទ 012 914 704/ 011 999 347៕