ភ្នំពេញៈ ថ្មីៗនេះ​ក្រោយពី​ឮដំណឹង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ជីវភាព​កម្សត់​លំបាក និង​បៀម​ទុក្ខ​សោក​ដោយ​ជំងឺ​ប្រចាំ​កាយ​របេង​ឆ្អឹង​យូរ​ឆ្នាំ តែ​នៅ​ខំ​ប្រឹង​ពុះពារ​តស៊ូ​រួមរស់​នឹង​ប្រពន្ធ​កូន ផ្ញើខ្លួន​នៅ​លើ​វិថី​សិល្បៈ​ដដែល​នោះ តារា​ចម្រៀង​ប្រុស​ចំណូល​ថ្មី​ទ្រនំ​ធំ​សម្បូរ​តារា​ល្បីៗ​ហង្សមាស​លោក ខេមរៈ សិរីមន្ត ហ៊ាន​លះបង់​ធនធាន​ផ្ទាល់​ខ្លួន​ជា​ប្រាក់​ចំនួន ១០០០ ដុល្លារ ជូន​រៀម​ច្បង​សិល្បៈ​លោក ចាន់ សម័យ គួរ​ឲ្យ​កោត​សរសើរ​ពី​សន្តាន​ចិត្ត​ដ៏​ល្អ​នេះ។

ទោះបីជា​លោក ខេមរៈ សិរីមន្ត មិនបាន​យកប្រាក់​ទៅជូន​ផ្ទាល់​ដល់​លោក ចាន់ សម័យ ជា​តារា​ចម្រៀង​ប្រុស​ល្បី​ប្រចាំ​ផលិតកម្ម​ព្រះវិហារ អំឡុង​ឆ្នាំ ២០០០-២០០១ ម្ចាស់​បទ​ចម្រៀង​បែប​ញាក់ៗ​ដូចជា​បទ «អ្នកតា​ចង់​មេមាន់ ឬ​សុំ​មេមាន់​មួយ» បទ «អូន​សាវា» បទ «គិត​យ៉ាង​ណា» បទ «ស្តាយ​ក្រោយ» បទ «ចាញ់​ទាំង​អស់» និង​បទ​ចម្រៀង​ក្នុង​កុន​ចិន តៃវ៉ាន់​រឿង «ស្នេហា F4» ជាដើម​នោះ​ក្តី តែ​លោក​បាន​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​បង​ប្រុស​បង្កើត​គឺ​លោក ខេមរៈ ភារុណ ដែល​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ផ្ទាល់​របស់​ខ្លួន​ដោយសារ​លោក​ជាប់​រវល់​ចេញ​ទៅ​ប្រទេស​ថៃ។

តាមរយៈ​ការផ្សាយ​ផ្ទាល់​នៃ​វីដេអូ Live ហ្វេ​ស​ប៊ុ​ក​នោះ គឺ​គេ​បានឃើញ​លោក ខេមរៈ ភា​រុណ ដែល​ជា​បង​ប្រុស​លោក ខេមរៈ សិរីមន្ត គឺថា​ពិត​ជា​បាន​នាំយក​ថវិកា​ចំនួន ១ ០០០ ដុល្លារ ទៅ​ជូន​ដល់​ផ្ទះ​ជួល​របស់​លោក ចាន់ សម័យ ស្ថិត​នៅ​ក្នុង​ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ទាំង​មហាជន និង​សង្គម​អ្នក​សិល្បៈ ខណៈ​ថ្មីៗ​នេះ ក៏​ស្រាប់​តែ​លេច​វត្តមាន​លោក​ក្នុង​ជីវភាព​យ៉ាប់​យ៉ឺន​ខ្លាំង​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ ដើរ​ស្ទូចត្រី​តាម​មាត់​ទន្លេ ដើម្បី​យក​ធ្វើ​ម្ហូប​ចិញ្ចឹម​ជីវិត​ប្រពន្ធ​កូន សំងំ​លាក់​ខ្លួន​ជិត ១០ ឆ្នាំ​មក​ហើយ​នោះ​មែន។

បើតាម​សម្តី​រៀបរាប់​ប្រាប់​ភ្នំពេញប៉ុស្តិ៍ របស់លោក ខេមរៈ ភា​រុណ ជា​បងប្រុស​នោះ ខេមរៈ សិរីមន្ត ក៏បាន​ផ្តាំផ្ញើ​ពាក្យ​ពេចន៍​លើក​ទឹកចិត្ត​ដោយ​ក្តី​អាណិត​អាសូរ​លោក ចាន់ សម័យ ដែរ​ថា៖ «សិរីមន្ត ក៏​ផ្តាំផ្ញើ​នូវ​ពាក្យ​សម្តី​ដល់​បង ចាន់ សម័យ ថា កុំ​ឲ្យ​គាត់​បាក់​ទឹកចិត្ត​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ខ្លួន​អី ហើយ​ក៏​សោក​ស្តាយ​ដែរ​ពេល​ដឹងឮ​ពី​ទុក្ខ​លំបាក​របស់​គាត់​បែប​នេះ»។

នា​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​បែកធ្លាយ​ខ្លាំង​ពី​រឿង​ជីវភាព​លំបាក​លោក ចាន់ សម័យ មក ក៏មាន​ក្រុម​សប្បុរសជន​នៅ​ក្រៅ និង​ក្នុង​សិល្បៈ​នាំគ្នា​ចូលរួម​ចែក​រំលែក​សេចក្តី​សប្បុរស​រៀងៗ​ខ្លួន​ជា​ហូរហែ ហើយ​កាន់​តែ​ពិសេស បន្ទាប់​ពី​មាន​ការ​នាំយក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ រួម​មាន​ទាំង​ថវិកា​ខ្លះៗ​ពី​សំណាក់​ក្រុម​លោក ហេង ឡុង ដែល​ជា​គូស្នេហ៍​របស់​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ជា​ប្រធាន​សមាគម​អ្នក​សិល្បៈ​កាល​ពី​ព្រឹក​ម្សិលមិញ​មក លោក​ក៏បាន​នាំពាក្យ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្តល់​ទឹក​ប្រាក់​ចំនួន ១ ម៉ឺន​ដុល្លារ​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​លោក ចាន់ សម័យ ផង​ដែរ៕