ភ្នំពេញៈ ក្រៅពី​ឃើញ​វត្តមាន​តាមរយៈ​ការច្រៀង Cover បទចម្រៀង​របស់​តារាចម្រៀង​ប្រុស​ស្រី​ផ្សេងៗ​ឲ្យ​កាន់តែ​មាន​ភាព​ល្បី​នោះ ឥឡូវ​នេះ​តារាចម្រៀង​ស្រី​អូរីជីណល​ដែល​ជា​រលក​សិល្បៈ​ក្រោយ​មាន​ទេពកោសល្យ​ចេះ​លេង​ហ្គីតា កញ្ញា ដា លីណា ត្រៀម​ចេញ​បទចម្រៀង​ថ្មី​របស់​ខ្លួន​មក​បំពេ​អារម្មណ៍​ប្រិយមិត្ត​យុវវ័យ​វិញ​ម្តង​។

នេះ​បើ​តាម​ការបង្ហើប​ប្រាប់​ពី​ក្រុម​ការងារ TMS ដែល​ជា​ទ្រនំ​សិល្បៈ​របស់​កញ្ញា ដា លីណា បាន​ឲ្យ​ដឹង​នាពេល​ថ្មីៗ​ថា​នាង​កំពុង​តែ​ត្រៀម​ចេញ​បទ​ថ្មី​មាន​ចំណងជើង​ថា «​អ្នក​ទី​ ៣»​។

កញ្ញា ប៊ូ រចនី ហៅថា អាឈីង ជា​ជំនួយការ​គ្រប់គ្រង​ក្រុម TMS បាន​រំឭក​ឲ្យ​ដឹង​ពី​ប្រវត្តិ​តារាចម្រៀង​ស្រី​មាន​រូប​ស្រស់​សោភា វ័យក្មេង​កញ្ញា ដា លីណា ថា​៖ «​ផ្តើម​ចេញ​ពី​ចំណូលចិត្ត​ច្រៀង Cover បទចម្រៀង​របស់​តារា​នានា ហើយ​បាន​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​យូធូប និង​ចេះ​លេង​ហ្គីតា​តាំងពី​រៀន​នៅ​វិទ្យាល័យ​មក​ផង​ដែរ​នោះ ក៏​ជំរុញ​ឲ្យ​កញ្ញា ដា លីណា ខំប្រឹង​រហូត​បាន​ក្លាយ​ជា​តារាចម្រៀង​អូរីជីណល​ប្រចាំ​ក្រុម​ TMS និង​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ពី​យុវវ័យ​ខ្លាំង​ទៀត​»​។

ស្រទាប់​យុវវ័យ​បាន​ស្គាល់​កញ្ញា ដា លីណា ច្បាស់​តាមរយៈ​សំនៀង​ច្រៀង Cover បទ «​ឆ្ងាយ​» ដែល​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​យូធូប​ក៏​ដូចជា​បទ «​ខុស​ជំនាន់​» របស់​លោក ថេណា ដែល​ទទួល​បាន​នូវ​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​មាន​ចំនួន​រាប់ម៉ឺន​នាក់​ឯណោះ​។

ជំនួយការ​គ្រប់គ្រង​ក្រុម TMS បន្ត​ឲ្យ​ដឹង​ទៀត​ដែរ​ថា​៖ «​បច្ចុប្បន្ន​កញ្ញា​មាន​វ័យ ២០ ឆ្នាំ​ជា​តារាចម្រៀង​ផង និង​សម្តែង​ផង កំពុង​តែ​សំងំ​ផលិត​បទ​ថ្មី​ជា​ប្រភេទ​អូរីជីណល និង​ត្រៀម​ចេញ​មក​បំពេ​អារម្មណ៍​ប្រិយមិត្ត​យុវវ័យ​ឆាប់ៗ​នេះ​​ដែរ​គឺ​បទ​មាន​ចំណងជើង​ថា «​អ្នក​ទី​ ៣» ដែល​មាន​អត្ថន័យ​បែប​ចាក់ដោត​អារម្មណ៍​របស់​យុវវ័យ​ខ្លាំង​។ បទ​នេះ​គឺ​នឹង​ចេញ​ឆាប់ៗ​តែ​ម្តង​ទំនង​ជា​ត្រូវ​ត្រៀម​ចេញ​នៅក្នុង​ពាក់កណ្តាល​ខែ​ឧសភា​នេះ​តែ​ម្តង​។

ដោយឡែក​កញ្ញា ដា លីណា ក៏​មាន​ចំណូលចិត្ត​លើ​ការ​តែង​និពន្ធ​បទចម្រៀង​រៀបរាប់​ពី​រឿង​ខ្លួនឯង និង​អ្នក​នៅ​​ជុំវិញ​ខ្លួន​ផង​ដែរ ក្រៅពី​ចំណូលចិត្ត​លេង​ឧបករណ៍​តន្ត្រី​ហ្គីតា​នោះ​»​។

ក្រៅពី​អាជីព​ជា​តារាចម្រៀង​ស្រី​អូរីជីណល ស្រី​ស្អាត​រាង​តូច​ច្រឡឹង ចូលចិត្ត​តែងខ្លួន​បែប​ឃ្យូតៗ​មាន​ត្រេ​មុខ​ញញឹម​ស្រស់ កញ្ញា ដា លីណា ក៏​ឈោង​ទៅ​ចាប់​អាជីព​ជា​តារាសម្តែង​ផង​ដែរ ខណៈ​ឱកាស​សម្តែង​កុន​ដំបូង​របស់​នាង​គឺ​រឿង «​លួច​ស្នេហ៍​អ្នក​ជិតខាង » ដែល​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ MyTV ដែល​ជា​ខ្សែភាពយន្ត​និយាយ​ពី​ខ្សែជីវិត​របស់​យុវវ័យ​នោះ​៕