ភ្នំពេញៈ នៅទីបំផុតតារាចម្រៀងស្រីឯករាជ្យ ដែលនិយមចូលចិត្តស្លៀកពាក់បែបសិចស៊ីខើចលើខើចក្រោមសាច់សខ្ចី កញ្ញា រតនៈ ពិសី បានចុះកិច្ចសន្យា ៥ ឆ្នាំ ជាមួយនឹងផលិតកម្ម Top Music ដែលជាបុត្រសម្ព័ន្ធថ្មីមួយរបស់ផលិតកម្មធំរបស់ថោន។
បច្ចុប្បន្ននេះ សង្កេតឃើញថា តារាសម្ដែង និងចម្រៀងស្រីរូបនេះ ហាក់មានសម្ទុះខ្លាំងក្នុងការងារសិល្បៈគឺ នាងតែងតែក្ដាប់បានឱកាសចេញទៅសម្ដែងក្រៅប្រទេសជាញឹកញាប់។ យ៉ាងណាមិញ ស្របពេលការងារសិល្បៈកំពុងតែមមាញឹកខ្លាំង ស្រាប់តែថ្មីៗនេះ តារាស្រីចូលចិត្តបញ្ចេញដើមទ្រូងមូលក្បំកញ្ញា រតនៈ ពិសី ឲ្យដឹងពីការចុះកុងត្រា ជាមួយនឹងផលិតកម្មថោន មានរយៈពេលដល់ទៅ ៥ ឆ្នាំ ដោយសារចង់ឲ្យខ្លួនជាតារាចម្រៀងម្នាក់ដែលមានទ្រនំច្បាស់លាស់នឹងគេ ក្រោយពីបានប្រឡូកចូលសិល្បៈប្រមាណ ៧-៨ ឆ្នាំមក ជាតារាចម្រៀងឯករាជ្យនោះ។
កញ្ញា រតនៈ ពិសី វ័យ ២៥ ឆ្នាំ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ជាការពិតមែនបង! នាងខ្ញុំទើបតែបានព្រមព្រៀងចុះកុងត្រានឹងផលិតកម្ម Top Music ដែលជាផលិតកម្មមួយ ស្ថិតនៅក្រោមទ្រនំផលិតកម្មថោន ដែលមានរយៈពេល ៥ ឆ្នាំ។
កាលដែលព្រមនេះ ក៏មានការពេញចិត្ត និងដឹងច្បាស់អំពីលក្ខខណ្ឌផលិតកម្មផងដែរ ទើបហ៊ានសម្រេចចុះកិច្ចសន្យារយៈពេលយូរនោះ។ ម្យ៉ាងដោយសារគិតថា ប៉ុន្មានឆ្នាំ ដែលនាងខ្ញុំជាតារាចម្រៀងឯករាជ្យយូរណាស់មកហើយដែរ ទើបនាពេលនេះ នឹកចង់បានទ្រនំមួយច្បាស់លាស់នឹងគេ ក៏សម្រេចចិត្តចូលជាមួយគ្រួសារផលិតកម្មថោនតែម្តង»។
កញ្ញា រតនៈ ពិសី បានបន្តថា៖ «នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ដជាពន់ពេក ដែលមានឱកាសធំៗ ២ នៅដៃក្នុងពេលតែមួយ គឺការចុះកុងត្រាច្រៀងក្នុងផលិតកម្មថោន និងក្ដីស្រមៃចេញទៅសម្ដែងនៅក្រៅប្រទេស ដោយការចេញទៅសម្ដែងលើកនេះ នាងសង្ឃឹមថានឹងមានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះផងដែរ»។
ក្រោយពីចុះកុងត្រានេះ តារាចម្រៀង និងសម្ដែងចំណូលថ្មីនៃផលិតកម្មថោន ស្រីស្រស់ សាច់សដូចបណ្ដូលចេក រតនៈ ពិសី មានការរំពឹងយ៉ាងមុតមាំថា នឹងទទួលបាននូវការគាំទ្រច្រើនពីទស្សនិកជន ខណៈរូបនាងសង្កេតឃើញ តារាចម្រៀងនៅក្នុងផលិតកម្មល្បីមួយនេះ សុទ្ធតែមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានភាពល្បីជាបន្តបន្ទាប់។
ចំណែកឯលោក ដាភ្លេង ដែលទទួលបន្ទុក និងគ្រប់គ្រងផលិតកម្មថ្មីឈ្មោះ Top Music នោះ ក៏បានបញ្ជាក់ពីគម្រោងជ្រើសរើសយកតារាចម្រៀងសម្រាប់ផលិត និងការចុះកុងត្រាជាបណ្តើរៗថា៖ «Top Music មានគម្រោងច្រើនក្នុងការបង្កើតកម្មវិធីសិល្បៈធំៗច្រើនសម្រាប់ទូរទស្សន៍ថោន ដូច្នេះយើងក៏បានចុះកុងត្រាជាមួយនឹងតារាចម្រៀង ៥ រូបមកហើយដែរ ដោយមានតារាចម្រៀងស្រី ៣ រូប និង ប្រុស ២ រូប ហើយពេលនេះ សុំបញ្ចេញតារាចម្រៀងស្រី ២ រូបសិន គឺកញ្ញា សុវត្ថិឌី ធារិកា និងកញ្ញា រតនៈ ពិសី»៕