ភ្នំពេញ៖​ ខណៈ​និស្ស័យ​ស្នេហ៍​ប្តី​ប្រពន្ធ​​​​នឹង​អតីត​​​ស្វាមី​សញ្ជាតិ​​​ហូឡង់ និង​តារា​​ចម្រៀង​​ឯករាជ្យ ​​កូន ​១​ បាន​លាត​​ត្រដាង​ការ​ពិត​​ កាល​​ពី​ថ្ងៃ​ទី ៥ ខែ កញ្ញា ឆ្នាំ ​២០២០​ ដោយ​ភាគី​ស្វាមី​គឺ​ លោក ​Morten Kvamman ​​បាន​បង្ហោះ​លិខិត​មួយ​​ដែល​​មាន​​បញ្ជាក់​ពី​ចំណង​​​ស្នេហ៍​បែក​បាក់​នោះ ​ស្រាប់​តែ​ថ្មីៗ​នេះ​ អ្នកនាង​ ទូច​ ស្រីល័ក្ខណ៍​ ហាក់​បង្ហាញ​ពី​សម្ព័ន្ធ​ស្នេហ៍​ថ្មី ​​​ដោយ​បើក​ចំហ​មាន​​ការ​សាកសួរ​​មតិយោបល់​ពី​​មហាជន ​ដើម្បី​​ឱ្យ​ជួយ​​សម្រេច​ចិត្ត​ទៀត​ផង។

នេះ​​តាម​សារ ​១ ​ឃ្លា​ ដែល​តារា​ចម្រៀង​ស្រី​​​កាត់​សក់​ខ្លី​ជា​ស្ទីល​ថ្មី​ដូច​មនុស្ស​ប្រុស ​អ្នកនាង ទូច ស្រីល័ក្ខណ៍ បង្ហើរសារ​អម​​​បណ្តុំ​រូបភាព​ ដែល​​មាន​បុរសម្នាក់​ទំនង​ជា​គូ​ស្នេហ៍​ថ្មី​ ដោយ​​នាង​​បាន​ហៅ​ថា​លោក​​គ្រូ​នោះ​ថា៖ «​ចុម​លោក​គ្រូ​មក​ surprise ខួប​កំណើត​ដល់​មន្ទីរ​​ពេទ្យ​សំខាន់​​​កូន​ឈឺ​នៅ​ពេទ្យ​នៅ​ឡើយ។ គិត​ម៉េច​ទៅ លោក​​​គ្រូ​ប្រាប់​ថា សុំ​ចូល​ខ្លួន​ថែចិត្ត​ បងប្អូន តើ​ខ្ញុំ​​ត្រូវ​គិត​ម៉េច?» ធ្វើ​ឱ្យ​ផ្អើល​អ្នក​គាំទ្រ​។​​

រំពេច​​នោះ ក៏​មាន​អ្នក​គាំទ្រ​ចូល​ទៅ​បញ្ចេញ​​យោបល់​យ៉ាង​ច្រើន​សន្ធឹក​ ក្រោយ​ពី​មាន​ការ​ស្នើសុំ​ជំនួយ​​​មហាជន​ពី​​តារា​ចម្រៀង​​អ្នក​នាង ទូច ស្រីល័ក្ខណ៍​ ​មក​​ដោយ​មតិ​ភាគ​ច្រើន​ជា​ការ​​ជំរុញ​​ឱ្យ​ទទួល​​​យក​ស្នេហ៍​ថ្មី​តាម​តម្រូវ​ការ​​បេះដូង​។​ មាន​អ្នក​ខ្លះ​​បាន​តប​ថា៖ «​ប្រសិន​បើ​ ​បង​គិត​ថា​​គាត់ ​ជា​ចំណែក​​ដែល​ខ្វះ​​នោះ​ទទួល​​ទៅ​។ មាន​​តែ​​បង​​ទេ ទើប​ដឹង​ថា​​គាត់​ជា​ចំណែក​ដ៏​ត្រឹមត្រូវ​សម្រាប់​​បំពេញ​​​ចំណុច​ខ្វះ​។ បើ​អ្នក​ចាស់​មិន​ទៅ ​អ្នក​ថ្មី​ក៏​មិន​មក​ដែរ​សំខាន់​គិត​ថា ​គេ​ល្អ​ មើល​ថែ​យើង និង​កូន​​បាន​ទទួល​ទៅ។ យក​​​​​ទៅ​​បង ​សម័យ​នេះ​កុំ​ខ្វល់​ច្រើន រក​​ស្នាម​​ញញឹម​​ រក​ក្តីសុខ​ និង​សុភមង្គល​​ឱ្យ​ខ្លួន​ឯង​បង។ បង​​​ធ្លាប់​ឈឺ​​ចាប់​​  ចឹង​​ត្រូវ​​រក​​អ្នក​​ដែល​​មក​បំពេញ​​ស្នាម​ញញឹម​​របស់​​បង​​ ជា​ជាង​​យក​មនុស្ស​​ដែល​​គិត​ខ្លី​ ​(​មាន​​ន័យ​​​ថា​​​គិត​​តែ​បច្ចុប្បន្ន​) ​​មនុស្ស​យើង​​ ធ្លាប់​​ឈឺ​ចាប់​​ ឥឡូវ​នេះ​​ គឺ​រឹត​តែ​មាំ​​​មាន​ន័យ​​ថា​​អាច​ការពារ​​​ខ្លួន​ឯង​​​បាន​​គ្រប់​យ៉ាង​ ​ហើយ​​ជា​បទពិសោធ​មួយ​​ដ៏មាន​ន័យ​​សម្រាប់​​អនាគត​​​​។​ មិន​អា​ស្រ័យ​លើ​អ្នក​ដទៃ​សម្រេច​ទេ​ សំខាន់​បង​ស្គាល់​គាត់ ​បង​នៅ​ជិតដិត​ជាមួយ​​គាត់ បើបង​គិត​ថា ​អាច​ទទួល​យក​បាន​ក៏​​​ធ្វើ​តាម​បេះដូង​បង​ស្រីចុះ​»។​

ចំណែក​អ្នក​ខ្លះ​ថា៖ «​ធ្វើ​​តាម​បេះដូង​​ ប្អូន​ចុះ​ បង​ជូនពរ​​ប្អូន​ ​ឱ្យ​​មនុស្ស​​ ដែល​ចូល​មក​ជីវិត​ប្អូន​​ជា​មនុស្ស​​ ដែល​ស្រឡាញ់​​ប្អូន​​ខ្លាំង​​ហើយ​ជីវិត​​​​របស់​គាត់​​បាត់​ប្អូន​មិន​បាន។​​ បើសិន​ជា​ត្រូវ​យក​ម្តង​ទៀត គួរ​តែ​យក​មនុស្ស​ប្រុស ​ដែល​មើល​ថែ​យើង ​និង​កូន​​​​​ ហើយ​ស្រឡាញ់​​កូន​​យើង​​​ជាង​ខ្លួន​យើង ​តែ​បើ​គេ​ស្រឡាញ់​ត្រឹម​តែ​​យើង ស៊ូ​នៅ​ម្នាក់​ឯង​​ជា​​ជាង​យក​មនុស្ស​ប្រុស​​ចូល​​មក​​ក្នុង​ជីវិត​​របស់​យើង!​​»។​​

តែ​យ៉ាង​ណា​នា​រសៀល​​ថ្ងៃ​មិ្សលមិញ ​ភ្នំពេញ ប៉ុស្តិ៍ ​ក៏​មិន​អាច​ទំនាក់​ទំនង​ទៅ​កាន់​អ្នក​នាង ទូច​ ស្រីល័ក្ខណ៍ បាន​ដើម្បី​​បញ្ជាក់​​ការ​ពិត​អំពី​សម្ព័ន្ធ​ស្នេហ៍​​ថ្មី​​​នោះ​ឡើយ ​ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន៕​