ភ្នំពេញ៖ ដោយសារតែមានសន្តានចិត្តចង់ជួយសម្រួលផលលំបាកដល់បងប្អូនខ្មែរ មានជីវភាពខ្សត់ខ្សោយ ដែលកំពុងរស់នៅក្នុងបន្ទប់ជួល ខណៈប្រទេស កម្ពុជា ក៏បានជួបវិបត្តិ បង្កដោយសារជំងឺឆ្លងកូវីដ ១៩ ដូចជាបណ្តាប្រទេសក្នុងពិភពលោកដែរនោះ តារាចម្រៀងស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏សម្រេចចិត្តប្រកាសយកប្រាក់ឈ្នួលត្រឹមតែ ១៥ ដុល្លារ ក្នុង ១ ខែ ឬការបញ្ចុះតម្លៃ ៥០ ភាគរយពីការជួលបន្ទប់នេះសិន ហើយអាចលែងយកថ្លៃជួលប្រសិនបើស្ថានភាពកាន់តែយ៉ាប់ខ្លាំង។
តារាចម្រៀងស្រីរៀមច្បងនៃត្រកូល ខាត់ គឺអ្នកនាង ខាត់ សុឃីម ដែលមហាជនភាគច្រើនក៏បានជ្រាបរួចមកហើយថា អ្នកនាងតែងតែមានទឹកចិត្តសន្តោសប្រណី ទៅដល់អ្នកខ្សត់ ហើយក៏បានជួយសម្រួល ទៅតាមលទ្ធភាពខ្លួនផងដែរ។
នេះបើតាមការបញ្ជាក់រឿងប្រកាសយកប្រាក់ឈ្នួលបន្ទប់ត្រឹមតែ ១៥ ដុល្លារ ១ បន្ទប់ក្នុង ១ ខែ ខណៈពេលប្រជាជនខ្មែរ កំពុងតែជួបនឹងវិបត្តិ រឿងពិបាកចេញទៅប្រកបរបររកស៊ីយកប្រាក់មកចិញ្ចឹមជីវិតដោយសារខ្លាចឆ្លងជំងឺកូវីដ ១៩ នោះថា៖ «ចាសបងពិតមែនហើយ! នាងខ្ញុំអាចជួយសម្រួលទៅតាមលទ្ធភាព ដែលខ្លួនឯងមានតែប៉ុណ្ណោះ! ហើយសម្រាប់ការបញ្ចុះតម្លៃជួលបន្ទប់ ១៥ ដុល្លារ ១ បន្ទប់ក្នុង ១ ខែ នេះ ក៏ដោយសារតែចង់បានប្រាក់នេះខ្លះ [១៥ ដុល្លារ ក្នុងមួយបន្ទប់] ដើម្បីយកទៅឲ្យអ្នកគាត់ទទួលបន្ទុកមើលការខុសត្រូវបន្ទប់ជួលរបស់នាងខ្ញុំ ដែលមានចំនួន ៣៦ បន្ទប់ នៃអគារផ្ទះល្វែងចំនួន ៣ ជាន់ នៅម្តុំលូ ៥ ក្នុងខណ្ឌមានជ័យនោះឯង ហើយការបញ្ចុះតម្លៃនេះ នឹងបន្តរហូតដល់ពេលណាបងប្អូនគាត់អាចវិលទៅរកការប្រកបរបរចឹញ្ចឹមជីវិតដូចប្រក្រតីវិញ ទើបនាងខ្ញុំយកប្រាក់ឈ្នួលតាមតម្លៃធម្មតាវិញ ឬដល់ពេលផុតទុក្ខព្រួយពីវិបតិ្តកូវីដ ១៩»។
អ្នកនាង ខាត់ សុឃីម ក៏បានបង្ហើបទៀតថា៖ «តែប្រសិនបើស្ថានភាពនៃការឆ្លងកូវីដ ១៩ កាន់តែមានភាពយ៉ាប់យ៊ឺនដូចជាបណ្តាប្រទេសនានាដែរនោះ នាងខ្ញុំនឹងសម្រេចចិត្តថា នឹងមិនយកប្រាក់ឈ្នួលបន្ទប់នោះឡើយពីបងប្អូន ដែលបានជួលបន្ទប់ទាំង ៣៦ បន្ទប់ ខណៈកាលៈទេសៈនេះ នាងខ្ញុំយល់ថា ជាវេលាជួយខ្មែរដូចគ្នា ដើម្បីមានជីវិតរស់នៅឲ្យបានឆ្លងផុតពីវិបត្តិនៃការរីករាលដាលនៃជំងឺដ៏កាចសាហាវកូវីដ ១៩ ហើយនេះគឺក្នុងនាម ជាអ្នកសិល្បៈ ១ រូប នាងខ្ញុំគ្រាន់តែចង់ជួយសម្រួលទៅដល់បងប្អូនខ្មែរ ដែលមានជីវភាពលំបាកក្នុងស្ថានភាពពេលនេះ តាមលទ្ធភាពខ្លួនអាចធ្វើបានតែប៉ុណ្ណោះ»។
ជារឿយៗ ឃើញតារាចម្រៀងស្រីរៀមច្បងត្រកូល ខាត់ អ្នកនាង ខាត់ សុឃីម តែងតែប្រកាសជួយដល់ជនខ្សត់ខ្សោយទោះបីជានៅទីជិត ឬឆ្ងាយ ដូចករណីនាងបានប្រកាសសួររកប្រភពទីកន្លែងរស់នៅរបស់កុមារា ២ នាក់បងប្អូន ដែលត្រូវឪពុកម្តាយបំបរបង់ចោលបណ្តោយឲ្យរស់នៅតាមបែបសម្មាអាជីវោប្រៀបដូចចកដែលរសាត់អណ្តែតកណ្តាលបឹង ក្រោយពីនាងបានឃើញគេថតវីដេអូបង្ហោះតាមហ្វេសប៊ុកមកនោះ។
នេះគឺជាលើកទី ២ ហើយដែលកាលពីឆ្នាំ ២០១៩ តារាចម្រៀងស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមុខប្រកាសជួយទៅដល់ជនក្រីក្រ ឬខ្វះខាត ក្រោយពីបានមើលឃើញស្ថានភាពលំបាករបស់អ្នកទាំងនោះ ដោយកាលលើកដំបូង គឺស្ត្រីឈ្មោះ ឆេង ដានី អាយុ ២៦ ឆ្នាំ ដែលប្រកបរបររត់កង់ ៣ ឥណ្ឌា និងកុមារា ២ នាក់បងប្អូន ដែលត្រូវបានឪពុក- ម្តាយបំបរបង់ចោល ដែលទំនងជានៅឯតំបន់មួយនៃក្រុងប៉ោយប៉ែត កន្លងមកនោះ៕