ភ្នំពេញ៖ ក្រោយ​ពី​ធ្លាយ​​រឿង​ជំពាក់​លុយ​គេ ​​​តារា​ចម្រៀង​ស្រី​កញ្ញា តន់ ច័ន្ទសីម៉ា ប្រចាំ​នៅ​​​ផលិតកម្ម​​កាឡាក់ស៊ី ណាវ៉ាត់ត្រា សាមី​ខ្លួន​ក៏​ចេញ​​បក​ស្រាយ​​ភ្លាម​ដែរ​ទៅ​នឹងការ​បរិហារកេរ្តិ៍​​ពី​​​អ្នក​​លក់​ផលិតផល​ថែ​រក្សា​​សម្រស់​​មាន​​ឈ្មោះ អ្នកនាង ម៉ូលីកា នោះ​​។

តារា​ចម្រៀង​ស្រី​ តន់ ច័ន្ទសីម៉ា ​​ដែល​មាន​​​ភាព​ល្បីល្បាញ​បន្ទាប់​ពី​សម្រេច​ចិត្ត​​ជ្រក​​នៅ​ទ្រនំ​​​​ផលិតកម្ម​​​កាឡាក់ស៊ី​ណាវ៉ាត់ត្រា ក្រោយ​ពី​ខំ​សាង​កេរ្តិ៍​ឈ្មោះ​​​ជា​តារា​ចម្រៀង​ឯករាជ្យ​​ប្រាប់​​​​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ចំពោះ​រឿង​​ជំពាក់​លុយ​ គឺ​វា​បាន​​​ចប់​ហើយ​ ដោយ​ខ្ញុំ​ និង​គាត់ (អ្នក​នាង​ ម៉ូលីកា)​​ បាន​​​សម្រួល​គ្នា​រួច​ហើយ​ដែរ​ គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​លើ​គ្នា​តិចតួច​ ខ្ញុំ​សុំ​បញ្ចប់​ត្រឹមតែ​​ប៉ុណ្ណឹង​ ហើយ​គាត់​​​​​ក៏​បាន​លុប​អ្វី ​ដែល​គាត់​បាន​​បង្ហោះ​នោះ​ចេញ​ដែរ​ ខ្ញុំ​និង​គាត់​ក៏​មិន​មាន​បញ្ហា​អ្វី​នឹង​គ្នា​ទៀត​ដែរ​»។

តារា​ចម្រៀង​ស្រី​កំពុង​ឡើង​កូដ​ខ្លាំង​តាំង​ពី​ចុង​ឆ្នាំ​ ​២០១៩ រូប​នេះ​ក៏​​បន្ត​​​ទៀត​​​ថា​៖ «​តាម​ពិត​ទៅ​ខ្ញុំ​មិន​បាន​​ខ្ចី​លុយ​​គេ​ទៅ​ធ្វើ​អី​ទេ ប៉ុន្តែ​មាន​បង​ប្រុស​ម្នាក់​គាត់​មាន​បញ្ហា​ត្រូវ​ការ​​លុយ​ គាត់​ជា​មនុស្ស​រាប់​អាន​គ្នា​ ទើប​​​ខ្ញុំ​ទៅ​ខ្ចី​លុយ​ពី​បង​ កា (ម៉ូលីកា) បន្ត​​ឲ្យ​គាត់ ដែល​​មក​ដល់​ពេល​នេះ​ បង​​ប្រុស​ម្នាក់​ហ្នឹង​គាត់​ ក៏​មិន​ទាន់​​សង​លុយ​ខ្ញុំ​ដូច​គ្នា គឺ​ថា​ភាគ​ច្រើន​ខ្ញុំ​មាន​បញ្ហា​​ដោយសារ​តែ​ជួយ​គេ​ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​យើង​​ឃើញ​​ជា​មនុស្ស​លំបាក​ហើយ ​មិន​ជួយ​ម៉េច​​កើត​​។ តែ​ក៏​​ខុស​មក​ពី​ខ្ញុំ​ដែរ ​បាន​ខក​​ណាត់​ជាមួយ​បង​កា​ច្រើន​​ដង​ដែរ ដោយសារ​ខ្ញុំ​​រវល់​ទៅ​ថៃ​បំពេញ​​ការងារ ​​មិន​​បាន​​​ប្រាប់​គាត់​ជា​មុន​ ទើប​កើត​រឿង​នេះ​ឡើង​»។

បន្ទាប់​ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Molika Online Shop ​បង្ហោះ​សារ​ទម្លាយ​រឿង​អតីត​បេក្ខភាព​ប្រឡង​កម្មវិធី​ The Voice Cambodia រដូវកាល​​ទី ២ រូប​នេះ​ និង​លេច​វត្តមាន​​តារា​ចម្រៀង​ស្រី​នៅ​ហង្ស​មាស​​​កញ្ញា ឈិន ម៉ានិច្ច ជា​ម្ចាស់​ពាន​ Cambodia Idol រដូវ​កាល​ទី ​២ ចូល​ខមម៊ិន​​ថា៖ «រក​ខ្ចី​លុយ​ខ្ញុំ​ដែរ​តើ​បង​ តែ​​ខ្ញុំ​អត់​ឲ្យ​ ព្រោះ​អត់​សូវ​ស្និទ្ធស្នាល​ផង!​»។

កញ្ញា តន់ ច័ន្ទសីម៉ា ក៏​​​​បកស្រាយ​ដែរ​​ថា​៖​ «​ខ្ញុំ​ក៏​​មិន​ស្មាន​​ដូច​​គ្នា​ថា​បង​ ឈិន ម៉ានិច្ច​ គាត់​ចូល​ខមម៊ិន​បែប​នេះ ព្រោះ​ថា​​គាត់​ក៏​បាន​ឲ្យ​ខ្ញុំ​ខ្ចី​ដែរ និយាយ​ទៅ​លក្ខណៈ​ថា ​មនុស្ស​ស្គាល់​គ្នា​នៅ​ខាង​​ក្រៅ​ ហើយ​គាត់​ក៏​និយាយ​ជាមួយ​យើង​ដូច​រាប់​អាន​យើង​ដែរ​​ ហើយ​បើ​តាម​គិត​មើល​ទៅ​ដូច​ជា​​មិន​បាន​ខ្ចី​អី​ទេ វា​ជា​ការ​បន្ទាន់​​ ពេល​នឹង​ខ្ញុំ​គ្រាន់​តែ​និយាយ​​ទៅ​​គាត់​ថា​ បង​! ​បង​​ឯង​មាន​​លុយ​នៅ​​ក្នុង ​ABA អត់ ​បើ​មាន​​វេរ​ឲ្យ​ខ្ញុំ​​ ៥០ ដុល្លារ សិន​មក​​បន្តិច​ទៀត​ខ្ញុំ​វេរ​ឲ្យ​វិញ​» ពាក្យ​ទាំង​អស់​នឹង​មាន​ន័យ​ថា​ខ្ចី​ដែរ​មែន?​​»។

កញ្ញា​បន្ថែម​ថា​៖ ​«​ខ្ញុំ​នឹក​ហួស​ចិត្ត​ដែរ ប៉ុន្តែ​តាម​នឹង​ទៅ​​អ្នក​ណា​ធ្វើ​អី​ដឹង​ខ្លួន​ឯង​ច្បាស់​ហើយ ទោះបី​​ខ្ញុំ​មិន​បាន​តបត​ទៅ​​​យ៉ាង​ណា​ក៏​មាន​អ្នក​គាំទ្រ​​ខ្ញុំ​ គាត់​នៅ​តែ​​​ការពារ​ខ្ញុំ​ដែរ ​ជួប​បញ្ហា​លើក​នេះ ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ថា​ ឡើង​កាន់​តែ​ខ្ពស់​ កាន់​តែ​មាន​អ្នក​ចង់​ទាញ​ទម្លាក់​យើង​​ច្រើន ហើយ​មនុស្ស​​មួយ​ចំនួន​ល្អ​នឹង​​យើង​បាន​តែ​​នៅ​មុខ​ទេ​ ​ខាង​ក្រោយ​ខ្នង មិន​ដឹង​ថា​គេ​​គិត​បែប​ណា​មក​លើ​យើង​​ឡើយ​ ហើយ​ខ្ញុំ​ក៏​​មិន​គិត​ជួប​រឿង​ប៉ុណ្ណឹង​!»៕​